Grand News Asia Close

ខួប១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ៖ សម្តេចធិបតី សម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1010
ខួប១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ៖ សម្តេចធិបតី សម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី ខួប១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ៖ សម្តេចធិបតី សម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចធិបតី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខដើម្បីការពារអធិតេយ្យភាព បូរណភាពទឹកដី និងរក្សាសេចក្តីសុខសាន្តរបស់ប្រជាជន។ ក្នុងឱកាសខួប១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥-ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចក៏បានក្រើនរម្លឹកដល់ប្រជាជាតិខ្មែរឱ្យប្រែក្លាយការឈឺចាប់នេះ ទៅជាការពង្រឹងខ្លួនលើគ្រប់វិស័យទាំងសេដ្ឋកិច្ច ការពារជាតិ និងធនធានមនុស្ស ជាដើម។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះដែរ សម្តេចធិបតី ក៍បានគូសបញ្ជាក់ដែរថា យុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា សម្រេចបានជោគជ័យមួយជំហានដ៏ធំគួរឱ្យកត់សម្គាល់។ ប៉ុន្តែ សម្តេចបានក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឱ្យបន្តប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនដកដៃជាដាច់ខាត។ សម្តេច ចាត់ទុកការជីករំលើងឫសគល់របស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាការបោសសម្អាតផ្ទះរបស់យើងឱ្យស្អាតដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងខ្លួនរបស់កម្ពុជា ដើម្បីឈានទៅពង្រឹងវិស័យផ្សេងៗទៀត ពិសេសការពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវកំណែទម្រង់ដ៏សំខាន់មួយពាក់ព័ន្ធនឹងសហគ្រាសខ្នាតតូចនិងមធ្យម (SME) ដោយត្រូវសហការគ្នាធ្វើយ៉ាងណាឱ្យដំណើរការចុះបញ្ជីប្រព្រឹត្តទៅបានលឿនរហ័ស ដោយមិនតម្រូវឱ្យសហគ្រិនត្រូវសុំច្បាប់ក្រសួង ស្ថាប័នច្រើនកន្លែងដូចពីមុនឡើយ ពោលគឺក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រួលនីតិវិធីទាំងអស់ជូនដល់អ្នកស្នើសុំចុះបញ្ជី ហើយត្រូវការពារផលប្រយោជន៍របស់ពួកគេ តាមរយៈការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឱ្យមានប្រសិទ្ធភាព។សម្តេចធិបតី បានបញ្ជាក់ថា សម្តេចនឹងតាមដានដោយផ្ទាល់ដើម្បីជំរុញឱ្យការងារនេះសម្រេចបានជោគជ័យ។

ចំពោះបាតុភូតធម្មជាតិអែលនីញ៉ូ សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍និងផ្សព្វផ្សាយជាប្រចាំជូនប្រជាពលរដ្ឋបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ និងត្រៀមឆ្លើយតបនូវមធ្យោបាយចាំបាច់ដើម្បីអន្តរាគមន៍ជួយង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រៀមបំរុងស្បៀងសម្ភារៈនានាជួយអន្តរាគមន៍ដល់ប្រជាកសិករដែលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ ក្រសួងសុខាភិបាល ត្រូវបន្តផ្សព្វផ្សាយអំពីវិធានការការពារខ្លួនពីផលប៉ះពាល់ពីបាតុភូតនេះ។ ក្រសួងរ៉ែ និងថាមពល ត្រូវត្រៀមថាមពលអគ្គិសនីដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវស្វែងយល់អំពីតម្រូវការជាក់ស្តែង និងឆ្លើយតបឱ្យបានទាន់ពេលវេលា៕

អត្ថបទទាក់ទង