- ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង
- ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី អ្នកនាងកញ្ញា ជាទីមេត្រី!
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើងទាន់ពេលវេលា និក្រោមមូលបទដ៏ត្រឹមត្រូវ គឺ «ភាពជាដៃគូលើផ្នែកបញ្ញាសិប្បនិម្មិត ដើម្បីអនាគតដ៏ត្រចះត្រចង់»។
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងធ្វើបរិវត្តកម្មយ៉ាងខ្លាំងក្លាទៅលើសេដ្ឋកិច្ច សេវាសាធារណៈ សន្តិសុខ និងភាពប្រកួតប្រជែង ក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុនមក។ ក្នុងបរិការណ៍នេះ បញ្ហាប្រឈមនៅចំពោះមុខយើង លែងជាសំណួរថាតើ AI នឹងផ្លាស់ប្តូរអនាគតរបស់យើងដែរឬទេនោះទេ ប៉ុន្តែជាសំណួរថាតើយើងត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីធានាថានឹងអាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះដោយសមធម៌ ការទទួលខុសត្រូវ និងចីរភាពសម្រាប់ប្រទេសនីមួយៗ។
កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែកប្រកបដោយការស្ថាបនារបស់ប្រទេសចិន ក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីអភិបាលកិច្ច AI តាមរយៈគំនិតផ្តួចផ្តើមនានា ដូចជា គំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកល (Global AI Governance Initiative) និងផែនការសកម្មភាពអភិបាលកិច្ច AI សកល (Global AI Governance Action Plan) ជាដើម។ គំនិតផ្តួចផ្តើមទាំងនេះ រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីអន្តរជាតិ និងការលើកកម្ពស់ការកសាងសមត្ថភាព AI ជាពិសេស សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងបណ្តាប្រទេសលោកខាងត្បូង (Global South)។
សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World Artificial Intelligence Conference) បានក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការបង្កើនការចូលរួមក្នុងអភិបាលកិច្ច AI សកល និងបំប្លែងការប្តេជ្ញាចិត្តរួមគ្នារបស់យើងលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ឱ្យទៅជាកិច្ចសន្ទនា និងភាពជាដៃគូជាក់ស្តែង។
កម្ពុជាមានជំនឿយ៉ាងមុតមាំថា ក្របខ័ណ្ឌពហុភាគីដែលបើកចំហ បរិយាបន្ន និងប្រកបដោយកិច្ចសហប្រតិបត្តិការ គឺពិតជាចាំបាច់ក្នុងការធានាថា គ្រប់ប្រទេសទាំងអស់ ទោះមានកម្រិតនៃការអភិវឌ្ឍក៏ដោយ ក៏អាចចូលរួម និងទទួលបានអត្ថប្រយោជន៍ពីបដិវត្តន៍ AI។ អភិបាលកិច្ច AI ពិតប្រាកដ គួរតែជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយនៅតែគោរពនូវពិពិធភាពនៃបរិបទជាតិ និងមាគ៌ាអភិវឌ្ឍន៍មូលដ្ឋាន ដោយឯករាជ្យរបស់ប្រទេសនីមួយៗ។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
សម្រាប់កម្ពុជា យើងបានកំណត់មាគ៌ាជាតិរបស់យើង ប្រកបដោយអភិក្រមយុទ្ធសាស្ត្រ ដែលនោះគឺ «អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្តែង សម្រាប់អធិបតេយ្យភាពឌីជីថល» (Inclusive Neutrality and Actionable Growth for Digital Sovereignty)។ អភិក្រមនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងរបស់ជាតិ និងអាទិភាពបន្ទាន់នៃការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្ហាញពីជំនឿយ៉ាងមុតមាំរបស់យើងថា អនាគតនៃបច្ចេកវិទ្យា AI សកល ចាំបាច់ត្រូវតែរក្សាឲ្យបាននូវភាពបើកចំហ បរិយាបន្ន ព្រមទាំងត្រូវផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងអស់នៅលើពិភពលោក។
ទីមួយ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន។ យើងជឿជាក់ថា AI គួរតែដើរតួនាទីជាស្ពានសម្រាប់តភ្ជាប់កិច្ចសហប្រតិបត្តិការសកល ជាជាងក្លាយជាចំណុចប្រេះឆានៃការបែកបាក់ផ្នែកភូមិសាស្ត្រនយោបាយ។ យើងគាំទ្រយ៉ាងសកម្មចំពោះនិម្មាបនកម្មបើកចំហ និងពហុភាគី (multi-aligned architecture) ដែលអនុញ្ញាតឱ្យគ្រប់បណ្តាប្រទេស អាចសហការប្រកបដោយភាពបត់បែន ទោះបីមកពីតំបន់ ឬប្រព័ន្ធ ឬទំនៀមអភិបាលកិច្ចផ្សេងៗគ្នាក៏ដោយ។
ទីពីរ កម្ពុជាផ្តល់អាទិភាពទៅលើកំណើនជាក់ស្តែង។ អភិបាលកិច្ច AI មិនត្រូវស្ថិតនៅត្រឹមតែជាក្របខ័ណ្ឌទ្រឹស្តី ឬសេចក្តីថ្លែងការណ៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្វែរមកជាលទ្ធផលមើលឃើញជាក់ស្តែង។ អភិបាលកិច្ចនេះត្រូវបើកចំហបន្ថែមទៀតនូវលទ្ធភាពចាប់យកម៉ូដែល AI ឈានមុខ (Frontier Models) និងសមត្ថភាពកុំព្យូទ័រ (Computing Power) ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ ការបណ្តុះបណ្តាលមូលធនមនុស្សដែលមានជំនាញឯកទេសច្បាស់លាស់ ការគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងស្រុកឲ្យកាន់តែរស់រវើក និងការបើកឱកាសថ្មីៗសម្រាប់កំណើនសេដ្ឋកិច្ច។
ទីបី ដើម្បីកំណត់អាទិភាពជាតិសម្រាប់អភិបាលកិច្ច AI កម្ពុជានឹងអនុម័តជាផ្លូវការ នូវ «យុទ្ធសាស្ត្រជាតិ ស្ដីពី បញ្ញាសិប្បនិម្មិត» នាពេលឆាប់ៗខាងមុខ ដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យមូលដ្ឋាន លើកកម្ពស់គុណភាពជីវិត និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពី «សន្តិសុខសាយប័រ» និងសេចក្ដីព្រាងច្បាប់ ស្តីពី «កិច្ចការពារទិន្នន័យបុគ្គល» ដែលនឹងគាំទ្រដល់បរិវត្តកម្មឌីជីថលដោយជវភាព ស្របពេលនឹងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ការប្រកួតប្រជែងដោយយុត្តិធម៌ និងការកសាងទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចឌីជីថល។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញដោយការធ្វើសកម្មភាពតែឯកឯងនោះឡើយ។ លក្ខណៈឆ្លងដែននៃកាលានុវត្តភាព និងបញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដែលកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត ដោយត្រូវឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការទទួលខុសត្រូវរួមគ្នា និងភាពជាដៃគូជាក់ស្តែង។
ក្នុងស្មារតីនេះ កម្ពុជាស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលជួយសម្រួលដល់ការចែករំលែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព ការស្រាវជ្រាវរួមគ្នា និងការវិនិយោគប្រកបដោយគោលដៅច្បាស់លាស់នៅក្នុងប្រព័ន្ធអេកូឡូស៊ី AI ដែលកំពុងរីកលូតលាស់។
សម្រាប់ទិសដៅអនាគត កម្ពុជាសូមគូសបញ្ជាក់ពីអាទិភាពជាក់ស្តែងចំនួនបី ដើម្បីតម្រង់ទិសដៅនៃសកម្មភាពរួមរបស់យើង៖
ទីមួយ៖ យើងត្រូវតែភ្ជិតគម្លាតឌីជីថល ដោយធានាថា ប្រទេសកំពុងអភិវឌ្ឍន៍មានលទ្ធភាពយ៉ាងពេញលេញនិងសមធម៌ ក្នុងការចាប់យកបច្ចេកវិទ្យា AI ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឧបករណ៍មូលដ្ឋាន ដើម្បីធានាថា គ្មានប្រទេសណាមួយត្រូវបានទុកចោលនៅក្នុងយុគសម័យ AI នេះឡើយ។
ទីពីរ៖ យើងត្រូវវិនិយោគយ៉ាងខ្លាំងក្លាលើមូលធនមនុស្ស។ តាមរយៈការផ្ដោតលើការអប់រំជំនាញឯកទេស ការលើកកម្ពស់អក្ខរកម្មឌីជីថល ការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវឆ្លងដែន និងការអភិវឌ្ឍបុគ្គលមានទេពកោសល្យផ្នែក AI យើងនឹងអាចពូនជ្រំធនធានមនុស្សប្រកបដោយគុណភាពសម្រាប់អនាគត។ មូលធនមនុស្សនៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់នវានុវត្តន៍ AI ប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន។
ទីបី៖ យើងត្រូវកសាងក្របខ័ណ្ឌអភិបាលកិច្ច ប្រកបដោយសុភវិនិច្ឆ័យ បរិយាបន្ន ភាពបត់បែន និងភាពទុកចិត្តបាន។ យន្តការច្បាប់របស់យើង ត្រូវឆ្លើយតបទៅនឹងពិពិធភាពនៃតម្រូវការសេដ្ឋកិច្ចរបស់សង្គមនីមួយៗ។ ក្របខ័ណ្ឌទាំងនេះត្រូវតែការពារសិទ្ធិជាមូលដ្ឋាន ធានាបាននូវការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ និងពង្រឹងទំនុកចិត្តសាធារណៈ តែក៏មិនបង្កជាឧបសគ្គដល់ស្មារតីនៃនវានុវត្តន៍បច្ចេកវិទ្យានោះទេ។
ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីដំបូងលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (World Artificial Intelligence Cooperation Organization) កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន និងដៃគូអន្តរជាតិទាំងអស់ ដើម្បីរួមគ្នាជំរុញអនាគតនៃ AI ប្រកបដោយនវានុវត្តន៍ បរិយាបន្ន សុវត្ថិភាព និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពជាតិ។
តាមរយៈភាពជាដៃគូដ៏ស្មោះត្រង់ ការកសាងទំនុកចិត្ត ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង យើងនឹងរួមគ្នាធានាឲ្យបានថា AI នឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពលដើម្បីសម្រេចបាននូវវិបុលភាពរួម និងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់មនុស្សជាតិទាំងអស់គ្នា។
សូមអរគុណ!





