Grand News Asia Close

សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់

ដោយ៖ Morm Sokun ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ 1034
សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់

នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ​ (University of South-East Asia), ខេត្តសៀមរាប។

ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសាកលវិទ្យាល័យ ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងមូលធនមនុស្ស។ សម្ដេចធិបតីបានបញ្ជាក់ថា អត្ថន័យនៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់បាន ហើយសមិទ្ធផលនាថ្ងៃនេះ ជាផ្លែផ្ការួមគ្នារវាងនិស្សិត, អាណាព្យាបាល, សាស្ត្រាចារ្យ និងគណៈគ្រប់គ្រងសាលា ដែលឆ្លុះបញ្ចាំងពីការកើនឡើងនូវធនធានមនុស្សប្រកបដោយគុណវុឌ្ឍិ សម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព ក៏ដូចជាបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិបទសាកលភាវូបនីយកម្ម និង​ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ (AI)។

រាជរដ្ឋាភិបាលតែងតែចាត់ទុក «មនុស្ស» ជាធនធានចាំបាច់មិនអាចខ្វះបាន សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយបានខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេស យុវជន និង កុមារ ឱ្យមានចំណេះដឹងទូលំទូលាយ ជាមួយជំនាញពិតប្រាកដ, សីលធម៌ និង វិន័យ, ក៏ដូចជា សុខភាពផ្លូវកាយ និង ផ្លូវចិត្តរឹងមាំ សំដៅឆ្លើយតបបានកាន់តែប្រសើរ និង ទាន់ពេល ទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ, ទីផ្សារការងារ និង កិច្ចការពារជាតិ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងពន្លឿនការកែទម្រង់វិស័យអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព, ភាពស័ក្តិសិទ្ធ និង សមធម៌ តាមរយៈការដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និង កម្មវីធីកែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាពសំដៅទាញយកឱ្យអស់នូវសក្តានុពលនៃ «ផលលាភប្រជាសាស្រ្ត» ដែលកម្ពុជាកំពុងតែមាន ។

រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគលើវិស័យសង្គមកិច្ច ដោយផ្តោតលើគោលដៅសំខាន់៣៖ (១) ធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ, (២)​ មានចំណេះដឹង និងបំណិន, និង​(៣)​មានឱកាសការងារ ដើម្បីមានឯករាជ្យភាព និងម្ចាស់ការលើខ្លួនឯង។ ជាមួយគ្នានេះ, សម្ដេចធិបតីបានគូសបញ្ជាក់សាជាថ្មីថា សម្រាប់ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩, កំណើននៃការវិភាជន៍ថវិកាជាតិសម្រាប់វិស័យអប់រំ និងសុខាភិបាល នឹងមានការកើនឡើង ដោយពុំមាន​ការកាត់បន្ថយថវិកាលេីវិស័យទាំងពីរនេះទេ​ ហេីយថវិកាសម្រាប់វិស័យការពារជាតិក៏ត្រូវ បានដំឡើងដូចគ្នាផងដែរ។ បន្ថែមពីនេះ, ទោះបីជាស្ថិតក្នុងដំណាក់កាលសេដ្ឋកិច្ច​​​កំពុងជួបការប្រឈម, រាជរដ្ឋាភិបាលបានបញ្ចេញថវិកាយ៉ាងច្រើនដើម្បីទប់ទល់នឹងអតិផរណា និងជួយសម្រាលបន្ទុកប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ និងសម្ភារអគ្គិសនី និងវិធានការផ្សេងៗទៀត។

សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យអប់រំ ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ រាជរដ្ឋាភិបាលនៅតែបន្តបើកចំហ និងស្វាគមន៍ជានិច្ចចំពោះការវិនិយោគ និងការចូលរួមពីវិស័យឯកជន ទាំងក្នុងវិស័យអប់រំ និងសុខាភិបាល ដោយកិច្ចសហការរវាងសាលាឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធ នឹងជួយបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជន ប៉ុន្តែត្រូវប្រាកដថាធានាបាននូវគុណភាពអប់រំជាចម្បង។

ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានចែករំលែកនូវបទពិសោធន៍ជីវិត និងគុណតម្លៃសំខាន់ៗនៃការសិក្សា និងការងារ ដោយបានលើកឡើងថា ទោះបីជាខ្លឹមសារមេរៀនមួយចំនួនអាចនឹងភ្លេច ប៉ុន្តែអ្វីដែលស្ថិតស្ថេរគឺ “ផ្នត់គំនិត” និង “ឥរិយាបថ”។ សម្ដេចធិបតីបានរំលេចថា ជោគជ័យធំ កើតចេញពីការផ្គុំចូលគ្នានៃជោគជ័យតូចៗ (Think big, act small) ហើយភាពជោគជ័យទាមទារពេលវេលាយូរអង្វែង, ភាពអំណត់ និងភាពច្នៃប្រឌិត ឬ​ ភាពបត់បែន។ សញ្ញាបត្រតែមួយមុខមិនអាចធានាជោគជ័យបានឡើយ ប្រសិនបើគ្មានឥរិយាបថការងាររស់រវើក ប្រកបដោយភាពបត់បែន និងការទទួលខុសត្រូវខ្ពស់ ព្រោះការផ្តល់គុណតម្លៃ គឺផ្អែកលើលទ្ធផលការងារជាក់ស្តែង។

ជាចុងក្រោយ, សម្ដេចធិបតីបានផ្ដាំផ្ញើដល់ជ័យលាភីទាំងអស់ ឱ្យមានមហិច្ឆិតាអភិវឌ្ឍខ្លួនក្នុងផ្លូវវិជ្ជមាន ប្រកបដោយភាពរាបសារ (be humble), និងមានមោទនភាពចំពោះខ្លួនឯង ប៉ុន្តែមិនត្រូវមានអំនួត ឬមើលងាយអ្នកដទៃឡើយ។ សម្ដេចធិបតីបានបញ្ជាក់ថា អ្នកចេះដឹងត្រូវមានភាពរឹងមាំ តែមិនរឹងរូស, ត្រូវវិភាគបញ្ហាដោយផ្អែកលើវិទ្យាសាស្ត្រ និងមិនត្រូវវិភាគតាមបែបស៊ីអារម្មណ៍នោះទេ។ គុណធម៌, ឥរិយាបថ និងចរិយាធម៌ របស់អ្នកចេះដឹង គឺជាកត្តាកំណត់ពិតប្រាកដនៃភាពជោគជ័យ៕

អត្ថបទទាក់ទង