សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Qian Zhenhua ប្រធានសមាគមអន្តរជាតិសៀងហៃសម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) ដឹកនាំគណៈប្រតិភូ ដែលមានការចូលរួមពីក្រុមហ៊ុន Sinopec (China) និងសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានសមាគមបានគោរពជម្រាបជូនសម្តេចធិបតីអំពីការទុកចិត្តរបស់វិនិយោគិន និងប្រជាជនចិនទៅលើការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសក្តានុពលរបស់កម្ពុជា ជាពិសេសកម្លាំងពលកម្មវ័យក្មេង ដែលប្រកបដោយថាមវន្ត និងសមត្ថភាព។ លោកប្រធានសមាគមក៏បានជម្រាបអំពីបំណងរបស់ក្រុមហ៊ុន Sinopec (China) ក្នុងការស្វែងរកឱកាសធុរកិច្ច និងវិនិយោគ ក៏ដូចជាផែនការរបស់សមាគម និងក្រុមហ៊ុន ក្នុងការចាប់ដៃគូសហការជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា លើវិស័យសេដ្ឋកិច្ចថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល (Digital Economy), ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ទន្ទឹមនេះ, សមាគម និងក្រុមហ៊ុនក៏មានផែនការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច (Business Visit) របស់សហគ្រាសចិនមកកាន់កម្ពុជានាពេលខាងមុខផងដែរ។
ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងរបស់សមាគម និងក្រុមហ៊ុន ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ នៅកម្ពុជា និងការចាប់យកដៃគូសហប្រតិបត្តិការជាមួយ SMEs កម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យSMEs នេះ ពិតជាមានសារៈសំខាន់ និងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់ SMEs ក្នុងការផលិតផលិតផលគាំទ្រក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារផងដែរ។
ជាទីបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាគម និងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាជួបពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលម្អិត និងចាប់យកកាលានុវត្តភាពវិនិយោគជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា៕






