Grand News Asia Close

វិភាគអន្តរជាតិ៖ លោក ពូទីន និងការវាយប្រហារឆ្ងាយរបស់អ៊ុយក្រែន

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1018
វិភាគអន្តរជាតិ៖ លោក ពូទីន និងការវាយប្រហារឆ្ងាយរបស់អ៊ុយក្រែន វិភាគអន្តរជាតិ៖ លោក ពូទីន និងការវាយប្រហារឆ្ងាយរបស់អ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសង្រ្គាមដែលលោកជាអ្នកចាប់ផ្ដើមនៅអ៊ុយក្រែន ហើយដែលសម្ពាធទាំងនោះមានភាគច្រើនកំពុងបង្ហាញថាវាពិបាកក្នុងការគ្រប់គ្រងខ្លាំងជាងប៉ុន្មានឆ្នាំដំបូងនៃសង្រ្គាមទៅទៀត។ សង្រ្គាមអ៊ុយក្រែនសព្វថ្ងៃ មិនមែនកើតឡើងនៅតែសមរភូមិមុខនោះទេ។ អ៊ុយក្រែនបានពង្រីក និងបង្កើនការវាយប្រហារ ដ្រូនរយៈចម្ងាយឆ្ងាយលើគោលដៅស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី ជាពិសេសកំណត់គោលដៅលើរោងចក្រចម្រាញ់ប្រេង ការផ្គង់ផ្គង់ប្រេងឥន្ធនៈ និងបង្កការរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនរុស្ស៉ីដែលរស់នៅឆ្ងាយពីសមរភូមិរាប់ពាន់គីឡូម៉ែត្រ សំដៅជំរុញឱ្យមានការដាក់សម្ពាធនៅក្នុងស្រុកលើលោក ពូទីន។

កិច្ចប្រឹងប្រែងរបស់អ៊ុយក្រែនត្រូវបានក្រុមអ្នកជំនាញមើលឃើញថាទំនងជានឹងមិនបង្កការគំរាមកំហែងភ្លាមៗដល់អំណាចរបស់លោក ពូទីននោះទេ ហើយគេមិនប្រាកដថាតើការវាយប្រហារដ្រូនរបស់អ៊ុយក្រែននឹងធ្វើឱ្យប្រជាជនរុស្ស៉ីកាន់តែធុញទ្រាន់នឹងសង្រ្គាម ហើយខឹងសម្បារនឹងលោក ពូទីន ឬក៏ធ្វើឱ្យពួកគេខឹងសម្បារនឹងអ៊ុយក្រែន និងបង្កើនការគាំទ្រដល់សង្រ្គាមរបស់លោក ពូទីន ឬក៏យ៉ាងណានោះទេ? ប៉ុន្តែអ្វីដែលគេបានឃើញនឹងភ្នែក នោះគឺការកើនឡើងនៃការវាយប្រហារដ្រូនរបស់អ៊ុយក្រែន បានធ្វើឱ្យខូចដល់ការអះអាងរបស់វិមានក្រឹមឡាំងពីការគ្រប់គ្រងស្ថានការណ៍ និងស្ថិរភាព។

* អ៊ុយក្រែនវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី
អ៊ុយក្រែន នៅក្នុងឆ្នាំ២០២៦នេះបានបង្កើនការវាយប្រហារដ្រូនរយៈចម្ងាយឆ្ងាយ និងមីស៊ីលចូលជ្រៅក្នុងទឹកដីរុស្ស៉ី ក្នុងនោះរួមមានទាំងការកំណត់គោលដៅលើទីក្រុងមូស្គូ ដែលនេះជាការនាំយកសង្រ្គាមចេញពីអ៊ុយក្រែនត្រឡប់ចូលទៅក្នុងទឹកដីរុស្ស៉ី។ បើតាមការវិភាគរបស់សារព័ត៌មានអាមេរិក Bloomberg លើសេចក្ដីថ្លែងការណ៍របស់អាជ្ញាធរុស្ស៉ី មានច្រើនជាងពាក់កណ្ដាលនៃតំបន់របស់រុស្ស៉ី ឬស្មើនឹង៧០ភាគរយនៃប្រជាជនសរុបរបស់រុស្ស៉ី បានចេញការព្រមានពីការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោចមួយដង ក្នុងឆ្នាំ២០២៦។ ក្នុងខែកក្កដានេះ ការវាយប្រហារដោយដ្រូនបានបង្កការខូចខាតនៅឯរោងចក្រចម្រាញ់ប្រេង Omsk ក្នុងតំបន់ស៊ីបេរី ដែលស្ថិតនៅចម្ងាយជាង ២៥០០គីឡូម៉ែត្រពីអ៊ុយក្រែន។

ការវាយប្រហារទាំងនេះបានឆ្លុះបញ្ចាំងពីការកើនឡើងនៃសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន និងមានសមត្ថភាពបញ្ជូនហ្វូងដ្រូនដើម្បីព្យាយាមវាយទម្លុះប្រព័ន្ធការពារដែនអាកាសដ៏ទំនើបៗរបស់រុស្ស៉ី។ អ៊ុយក្រែនក៏បានចាប់ផ្ដើមប្រើប្រាស់មីស៊ីល Flamingo ផលិតនៅក្នុងស្រុកដែលលោក ហ្សេលេនស្គី អះអាងថាបាញ់បានចម្ងាយ ៣០០០គីឡូម៉ែត្រផងដែរ។ ក្រុមមេបញ្ជាការយោធារុស្ស៉ីបានទទួលស្គាល់ថាការទប់ទល់នឹងការវាយប្រហារពីអ៊ុយក្រែនកាន់តែមានការលំបាកជាងមុន។ ចំណែក លោក ពូទីនវិញ បានអំពាវនាវឱ្យពង្រីកនូវអ្វីដែលលោកហៅថាជាតំបន់ទ្រនាប់ការពារសន្តិសុខនៅក្នុងតំបន់ Sumy និង Kharkiv របស់អ៊ុយក្រែន ដើម្បីទប់ស្កាត់ការគំរាមកំហែងឱ្យនៅឆ្ងាយពីព្រំដែនរុស្ស៉ី។

* រុស្ស៉ីកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ
អ៊ុយក្រែនបានបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ី ក្នុងកម្រិតដ៏ខ្ពស់មួយមិនធ្លាប់មាន ជាមួយការវាយប្រហារម្ដងហើយម្ដងទៀតលើទីតាំងដែលរងការវាយប្រហារ ដើម្បីបង្កការខូចខាតធ្ងន់ធ្ងរ និងធ្វើឱ្យចំណាយពេលយូរក្នុងការជួសជុលឡើងវិញ។ ទីភ្នាក់ងារថាមពលអន្តរជាតិមានមូលដ្ឋានក្នុងទីក្រុងប៉ារីស បានធ្វើការវាយតម្លៃក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថាបរិមាណប្រេងដែលត្រូវបានចម្រាញ់នៅតាមរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ីបានធ្លាក់ចុះពី ៥,៤លានបារែលក្នុងមួយថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥ មកនៅត្រឹម ៣,៨លានបារែលក្នុងមួយថ្ងៃ ក្នុងខែមិថុនា ឆ្នាំ២០២៦។ ការណ៍នេះបានបណ្ដាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈនៅទូទាំងប្រទេស ខណៈផលរំខាននៃការផ្គត់ផ្គង់ប្រេងនៅតាមតំបន់ជាច្រើនរបស់រុស្ស៉ីធ្វើឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និងបង្ខំឱ្យអ្នកបើកបរត្រូវតម្រង់ជួរចាំរាប់ម៉ោងនៅតាមស្ថានីយលក់ប្រេងឥន្ធនៈ។ ព្រមពេលជាមួយគ្នា ការទិញប្រេងឥន្ធនៈក្នុងទីផ្សារងងឹតក៏បានកើនឡើងផងដែរ។ ការឡើងថ្លៃប្រេងឥន្ធនៈដែលធ្លាប់បង្កឱ្យមានបាតុកម្មតវ៉ាក្នុងប្រទេសរុស្ស៉ីកាលពីអតីតកាល គឺជាបញ្ហាដ៏រសើបមួយសម្រាប់វិមានក្រឹមឡាំង នៅមុនការបោះឆ្នោតសភានៅខែកញ្ញាខាងមុខ។ ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក និងទប់កុំឱ្យប្រេងឥន្ធនៈឡើងថ្លៃ អាជ្ញាធររុស្ស៉ីបានហាមឃាត់ការនាំចេញប្រេងសាំង ប្រេងចាក់យន្ដហោះ និងម៉ាស៊ូតមួយផ្នែកធំជាបណ្ដោះអាសន្ន ព្រមទាំងដាក់ចេញវិធានការជំរុញការនាំចូល។

* កញ្ចប់ថវិកាទុកសម្រាប់ធ្វើសង្រ្គាមរបស់លោក ពូទីន កំពុងរងសម្ពាធ
សេដ្ឋកិច្ចរុស្ស៉ីមានកំណើនយឺតយ៉ាវស្ទើរតែជាប់គាំងក្នុងឆ្នាំ២០២៦នេះ ជាហេតុជំរុញឱ្យលោក ពូទីន ទាមទារការពន្យល់ពីក្រុមមន្ត្រីរបស់លោក និងដាក់ចេញវិធានការដើម្បីដោះស្រាយបញ្ហានេះ។ ខណៈការផលិតខាងវិស័យយោធានៅតែបន្តកើនឡើង ឧស្សាហកម្មស៊ីវិលបាន និងកំពុងកាត់បន្ថយការផលិត និងការវិនិយោគដែលបានមើលឃើញការធ្លាក់ចុះក្នុងត្រីមាសដំបូង ក្នុងបរិបទដែលក្រុមហ៊ុនជាច្រើនកំពុងជួបការលំបាកដោយសារតែអត្រាការប្រាក់ខ្ពស់។ ក្រុមអ្នកជំនាញមើលឃើញថាមិនមានសញ្ញាធូរស្រាលណាមួយទេ ដរាបណាលោក ពូទីន នៅតែបន្តធ្វើសង្រ្គាម។ ការចំណាយយ៉ាងសម្បើមរបស់រដ្ឋាភិបាលលើកងកម្លាំងយោធា បានបង្ខំឱ្យធនាគារកណ្ដាលរុស្ស៉ីរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់ដើម្បីទប់ទល់នឹងការកើនឡើងអតិផរណា។ មិនតែប៉ុណ្ណោះ ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងក្នុងទឹកដីរុស្ស៉ី ក៏ទំនងជាហេតុផលធ្វើឱ្យការផលិតថយចុះដែលចូលរួមចំណែកធ្វើឱ្យមានអតិផរណាកើនឡើងផងដែរ។

* ការទូតមិនសមតាមបំណង
បន្ទាប់ពីលោក ពូទីន បានជួបលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលនៅក្នុងទីក្រុង Anchorage រដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥ វិមានក្រឹមឡាំងសង្ឃឹមថាលោក ត្រាំ នឹងបង្ខំឱ្យលោក ហ្សេលេនស្គី ធ្វើសម្បទានដ៏ធំទៅឱ្យរុស្ស៉ីដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព។ ប៉ុន្តែការសង្ឃឹមនេះមិនបានក្លាយជាការពិតឡើយ ហើយសូម្បីតែមន្ត្រីការទូតជំនិតៗរបស់លោក ពូទីន ក៏បានទទួលស្គាល់ដែរថាកិច្ចព្រមព្រៀងមួយដែលត្រូវធ្វើឡើងឈរលើអ្វីដែលពួកគេហៅថា «ស្មារតី Anchorage» ទំនងជានឹងមិនអាចកើតឡើងទេ។ កិច្ចចរចារបស់សហរដ្ឋអាមេរិកជាមួយរុស្ស៉ី និងអ៊ុយក្រែន បានជាប់គាំងចាប់តាំងពីខែកុម្ភៈមក នៅពេលដែលលោក ដូណាល់ ត្រាំ បង្វែរការផ្តោតលើមជ្ឈិមបូព៌ា និងសង្រ្គាមជាមួយអ៉ីរ៉ង់។ រុស្ស៉ីបានអះអាងថាកងកម្លាំងរបស់ខ្លួននៅតែបន្តសម្រេចបានភាពរីកចម្រើននៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ជាការអះអាងមួយដែលទីក្រុងកៀវបានទាត់ចោល។

* ប្រជាប្រិយភាពរបស់លោក ពូទីន ថយចុះ តែនៅតែខ្ពស់
ការស្ទង់មតិមួយធ្វើឡើងដោយស្ថាប័ន VTsIOM បានឱ្យដឹងថាអត្រាជឿទុកចិត្តចំពោះលោក ពូទីន នៅក្នុងចំណោមប្រជាជនរុស្ស៉ី បានធ្លាក់ចុះអស់ ៤,៤ភាគរយ ពោលគឺធ្លាក់ចុះពី ៧៦,៧ភាគរយមកនៅត្រឹម ៧២,៣ភាគរយ អំឡុងពេល ២សប្ដាហ៍គិតត្រឹមថ្ងៃទី១០ ខែកក្កដា។ កាលពីខែមេសា អត្រាគាំទ្ររបស់លោក ពូទីន បានធ្លាក់មកនៅត្រឹម ៧១ភាគរយ ដែលជាកម្រិតទាបបំផុតមួយចាប់តាំងពី សង្រ្គាមអ៊ុយក្រែនផ្ទុះឡើង មុននឹងកើនឡើងជាថ្មីបន្ទាប់ពី VTsIOM បានផ្លាស់ប្ដូរវិធីសាស្ត្រស្ទង់មតិរបស់ខ្លួន។ ដោយឡែក ការស្ទប់មតិមួយ ធ្វើឡើងដោយមជ្ឈមណ្ឌល Levada Center មានមូលដ្ឋានក្នុងទីក្រុងមូស្គូក៏បានបង្ហាញដែរថាអត្រាគាំទ្ររបស់លោក ពូទីន បានធ្លាក់ចុះ ៥ភាគរយ មកនៅត្រឹម៧៤ភាគរយ កាលពីខែមិថុនា ខណៈចំនួនប្រជាជនរុស្ស៉ីដែលជឿថាប្រទេសរបស់ខ្លួនកំពុងដើរនៅលើទិសដៅត្រឹមត្រូវបានធ្លាក់ចុះពី ៦១ភាគរយមកនៅត្រឹម ៥២ភាគរយ។

តែយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងមេដឹកនាំពិភពលោកដទៃទៀតដូចជាលោក ដូណាល់ ត្រាំ អត្រាគាំទ្រក្នុងស្រុករបស់លោក ពូទីន នៅតែស្ថិតក្នុងកម្រិតខ្ពស់ គ្រាន់តែថាការថយចុះអត្រាគាំទ្រនេះបានធ្វើឱ្យខូចដល់ការអះអាងរបស់វិមានក្រឹមឡាំងដែលថាប្រជាជនរុស្ស៉ីនៅតែបន្តរួបរួមគ្នាគាំទ្រសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន៕

-Fresh News-

អត្ថបទទាក់ទង