វិភាគអន្តរជាតិ៖ ប្រសិនបើអ៉ីរ៉ង់ និងហ៊ូទី រួមដៃគ្នាបិទសមុទ្រក្រហម
(វ៉ាស៊ីនតោន)៖ អ៉ីរ៉ង់បានព្រមានថាយុទ្ធនាការរបស់ខ្លួនដើម្បីក្រឡុកទីផ្សារថាមពលពិភពលោកអាចនឹងត្រូវបានពង្រីកចេញពីការបិទច្រកសមុទ្រ Hormuz ទៅដល់ការបិទច្រកផ្លូវទឹកដ៏សំខាន់មួយផ្សេងទៀតនៅក្នុងសមុទ្រក្រហម ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តការវាយប្រហារដែលនេះជាការព្រមានមួយដែលតេហេរ៉ង់ត្រូវពឹងផ្អែកលើសម្ព័ន្ធមិត្តរបស់ខ្លួននៅយេម៉ែន គឺក្រុមហ៊ូទី។ ដូច្នេះការព្រមាននេះមានន័យយ៉ាងចំពោះសង្រ្គាមអ៉ីរ៉ង់ និងវិបត្តិថាមពលសកល?
* តើវាបង្កហានិភ័យធំកម្រិតណាដល់ទីផ្សារថាមពលសកល?
ការបិទច្រកសមុទ្រ Bab el-Mandeb ដែលជាច្រកផ្លូវដ៏សំខាន់មួយនៃសមុទ្រក្រហមនឹងបើកសមរភូមិថ្មីមួយទៀតនៅក្នុងវិបត្តិថាមពល ហើយធ្វើឱ្យសង្រ្គាមរបស់អ៉ីរ៉ង់ជាមួយសហរដ្ឋអាមេរិកកាន់តែរីកធំ។ ខណៈការធ្វើនាវាចរក្នុងច្រកសមុទ្រ Hormuz រងការរំខានយ៉ាងខ្លាំងស្រាប់ទៅហើយនោះ សមុទ្រក្រហមបច្ចុប្បន្នបានក្លាយជាផ្លូវជំនួសដ៏សំខាន់មួយសម្រាប់ការដឹកប្រេង និងទំនិញនានាចេញពីតំបន់ឈូងសមុទ្រ។ ដូច្នេះការបិទ ឬការបង្កការរំខានធ្ងន់ធ្ងរណាមួយដល់ការធ្វើនាវាចរក្នុងច្រក Bab el-Mandeb នោះវានឹងបង្កើនលទ្ធភាពដែលផ្លូវទឹកសម្រាប់ការនាំចេញប្រេងដ៏សំខាន់២ក្នុងតំបន់អាចនឹងត្រូវបានបិទក្នុងពេលតែមួយ។ ការបិទខ្ទប់ច្រកសមុទ្រ Hormuz មួយផ្នែករបស់អ៉ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែល និងសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបង្ករាំងស្ទះយ៉ាងខ្លាំងចំពោះការនាំចេញប្រេង និងទំនិញផ្សេងទៀតចេញពីតំបន់ឈូងសមុទ្រ ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃរញ្ជួយទីផ្សារថាមពលសកល និងកើតមានអតិផរណានៅជុំវិញពិភពលោក។
អារ៉ាប៊ីសាអូឌីតបានធ្វើការឆ្លើយតបទៅនឹងវិបត្តិនេះតាមរយៈការបង្វែរការដឹកជញ្ជូនប្រេងជាធម្មតាប្រចាំថ្ងៃរបស់ខ្លួនជាង ៧០ភាគរយ ទៅកាន់ទីក្រុងកំពង់ផែ Yanbu ក្នុងតំបន់សមុទ្រក្រហម។ ការដឹកជញ្ជូនប្រេងចេញពីទីក្រុង Yanbu មានបរិមាណ ៤លានបារែលក្នុងមួយថ្ងៃក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ពោលគឺកើនឡើងពី ៩៧៣ ០០០បារែលក្នុងមួយថ្ងៃ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ គិតជាសរុប បរិមាណនៃប្រេងឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb មានដល់ទៅ ៧,៤លានបារែល ក្នុងមួយថ្ងៃកាលពីខែមិថុនា ឬស្មើនឹង ៧ភាគរយនៃទិន្នផលប្រេងសកល កើនឡើងពី៤,២លានបារែលកាលពីឆ្នាំ២០២៥។ នេះបើតាមទិន្នន័យ Kpler។ ការដឹកជញ្ជូនប្រេង តាមច្រកសមុទ្រ Bab el-Mandeb បានផ្ដល់ដង្ហើមដល់ទីផ្សារថាមពល និងជួយបញ្ចុះតម្លៃប្រេងសកលបានមួយផ្នែកផងដែរអំឡុងសង្រ្គាមអ៉ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះបានរាយការណ៍ថាអារ៉ាប៊ីសាអូឌីតកំពុងពិចារណាពង្រីកបំពង់បង្ហូរប្រេងឆៅរបស់ខ្លួនទៅកាន់តំបន់ឆ្នេរសមុទ្រក្រហម។ ដូច្នេះការបិទ ឬការបង្កការរំខានធ្ងន់ធ្ងរណាមួយដល់ការធ្វើនាវាចរក្នុងតំបន់សមុទ្រក្រហម ក្នុងនោះរួមមានទាំងការវាយប្រហារលើកប៉ាល់ដឹកទំនិញ ឬកំពង់ផែអាចនឹងក្លាយជាបញ្ហាដ៏ធំមួយ។ នៅពេលក្រុមហ៊ូទីបើកការវាយប្រហារលើ កប៉ាល់ពាណិជ្ជកម្មក្នុងតំបន់សមុទ្រក្រហមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ការនាំចេញប្រេងពីតំបន់ឈូងសមុទ្រនៅតែអាចប្រព្រឹត្តទៅដោយរលូន។ ប៉ុន្តែបច្ចុប្បន្នជារឿងខុសគ្នា ដ្បិតសកម្មភាពនាវាចរក្នុងច្រកសមុទ្រ Hormuz កំពុងធ្លាក់ចុះយ៉ាងខ្លាំង។
* តើមានអ្វីបានកើតឡើងនៅពេលហ៊ូទីវាយប្រហារលើកប៉ាល់ក្នុងសមុទ្រក្រហម នាពេលកន្លងមក?
បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងសង្រ្គាមបំផ្លិចបំផ្លាញហ្កាហ្សារបស់អ៉ីស្រាអែល ក្រុមហ៊ូទីបានចាប់ផ្ដើមបាញ់មីស៊ីលលើអ៉ីស្រាអែល និងកប៉ាល់ដឹកទំនិញក្នុងសមុទ្រក្រហម ដោយនិយាយថាពួកគេធ្វើដូច្នេះដើម្បីបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន។ ការវាយប្រហាររបស់ហ៊ូទី បានបង្កការរំខានធ្ងន់ធ្ងរដល់ការធ្វើនាវាចរ ជាហេតុជំរុញឱ្យក្រុមហ៊ុនធំៗដូចជា Maersk Hapag-Lloyd និងក្រុមហ៊ុនជាច្រើនទៀតប្ដូរផ្លូវធ្វើដំណើរទៅក្បែរតំបន់អាហ្វ្រិកវិញ តែត្រូវធ្វើដំណើរវែងឆ្ងាយ និងចំណាយច្រើន។ នៅពេលនោះ សហរដ្ឋអាមេរិកបានដឹកនាំយុទ្ធនាការដើម្បីស្ដារសេរីភាពនៃការធ្វើនាវាចរក្នុងសមុទ្រក្រហម ជាមួយការវាយប្រហារលើទីតាំងយោធារបស់ក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន និងបាញ់ទម្លាក់ដ្រូន និងមីស៊ីលរាប់រយដែលក្រុមឧទ្ទាមមួយនេះបាញ់តម្រង់លើកប៉ាល់។
ប៉ុន្តែការវាយប្រហារមួយចំនួនរបស់ក្រុមហ៊ូទីនៅតែបន្តធ្វើឡើងរហូតដល់រដូវក្ដៅឆ្នាំ២០២៥ ហើយហ៊ូទីបានបញ្ឈប់ការវាយប្រហារក្រោយមានបទឈប់បាញ់នៅហ្កាហ្សា នៅខែតុលា ឆ្នាំ២០២៥។ កាលពីខែមិថុនា ក្រុមហ៊ូទីបាននិយាយថាពួកគេនឹងហាមឃាត់កប៉ាល់ដែលមានជាប់ពាក់ព័ន្ធនឹងអ៉ីស្រាអែលមិនឱ្យធ្វើដំណើរឆ្លងកាត់តាមសមុទ្រក្រហម ប្រសិនបើអ៉ីស្រាអែលបើកការវាយប្រហារជាថ្មីលើអ៉ីរ៉ង់។
* តើក្រុមហ៊ូទីបានធ្វើអ្វីខ្លះអំឡុងសង្រ្គាមអ៉ីរ៉ង់?
ខណៈក្រុមហេសបូឡានៅលីបង់់ និងក្រុមប្រដាប់អាវុធនៅអ៉ីរ៉ាក់បានចូលរួមក្នុងសង្រ្គាមតាំងពីដំបូងជាមួយការបាញ់គ្រាប់រ៉ុក្កែត និងដ្រូន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល វាយប្រហារលើអ៉ីរ៉ង់ដែលជាបងធំរបស់ពួកគេកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ូទីនៅតែបន្តរក្សាភាពស្ងប់ស្ងាត់មួយផ្នែកធំ។ មេដឹកនាំក្រុមហ៊ូទី លោក Abdul Malik al-Houthi បាននិយាយ កាលពីថ្ងៃទី៥ ខែមីនា ថា«ម្រាមដៃរបស់យើងបានត្រៀមកេសកៃកាំភ្លើងរួចជាស្រេច ប្រសិនបើចាំបាច់»។ ក្រុមមេបញ្ជាការយោធាអ៉ីរ៉ង់ក៏បានព្រមានម្ដងហើយម្ដងទៀតដែរថា ហ៊ូទីអាចនឹងចូលរួមក្នុងសង្រ្គាម។ មិនតែប៉ុណ្ណោះ លោក Esmaeil Qaani ជាមេបញ្ជាការកងកម្លាំង Quds នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ថែមទាំងបានព្រមានកាលពីថ្ងៃទី១ ខែមិថុនា ទៀតផងថាពួកគេអាចនឹងបិទសមុទ្រក្រហម។ ប៉ុន្តែក្រុមហ៊ូទីនៅតែបន្តរក្សាភាពស្ងប់ស្ងាត់មួយផ្នែកធំ ជាមួយការបាញ់ផ្លោងមីស៊ីល និងដ្រូនម្ដងម្កាលលើអ៉ីស្រាអែល កាលពីចុងខែមីនា និងដើមខែមេសាកន្លងទៅ។
ក្រុមអ្នកជំនាញយល់ថាការរក្សាភាពស្ងប់ស្ងាត់នេះ គឺអាចដោយសារតែអ៉ីរ៉ង់ចង់ទុកការគំរាមបិទសមុទ្រក្រហមជាជម្រើសមួយសម្រាប់ការបង្កើនជម្លោះក្នុងសង្រ្គាមជាមួយអាមេរិក ក្នុងករណីចាំបាច់ ឬក៏ដោយសារតែក្រុមហ៊ូទីខ្លួនឯងមានការស្ទាក់ស្ទើរក្នុងការប្រឡូកចូលក្នុងសង្រ្គាម និងបិទបញ្ចប់បទឈប់បាញ់យូរអង្វែងជាមួយអារ៉ាប៊ីសាអូឌីត៕
-Fresh News-






