Grand News Asia Close

វិភាគអន្តរជាតិ៖ លោក ត្រាំ សន្យាឱ្យអាជ្ញាបណ្ណផលិតមីស៊ីល Patriot តែអ៊ុយក្រែនអាចរង់ចាំបានទេ?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1016
វិភាគអន្តរជាតិ៖ លោក ត្រាំ សន្យាឱ្យអាជ្ញាបណ្ណផលិតមីស៊ីល Patriot តែអ៊ុយក្រែនអាចរង់ចាំបានទេ? វិភាគអន្តរជាតិ៖ លោក ត្រាំ សន្យាឱ្យអាជ្ញាបណ្ណផលិតមីស៊ីល Patriot តែអ៊ុយក្រែនអាចរង់ចាំបានទេ?

(វ៉ាស៊ីនតោន)៖ ការប្រកាសដ៏ភ្ញាក់ផ្អើលមួយរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដែលថារូបលោកនឹងអនុញ្ញាតឱ្យអ៊ុយក្រែនផលិតគ្រាប់មីស៊ីលសម្រាប់ ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot គឺជាជ័យជម្នះមួយខាងការទូត និងនយោបាយសម្រាប់អ៊ុយក្រែន បើទោះជាការផលិតគ្រាប់មីស៊ីលនៃប្រព័ន្ធការពារដែនអាកាសដ៏ទំនើបនេះត្រូវចាយពេលជាច្រើន ឆ្នាំក៏ដោយ។ «យើងនឹងផ្ដល់អាជ្ញាបណ្ណឱ្យអ្នកផលិតគ្រាប់មីស៊ីល Patriot…ដូច្នេះអ្នកទាំងអស់គ្នាមិនអាចត្អូញត្អែរទៀតបានទេថាយើងមិនបានផ្ដល់ឱ្យពួកគេគ្រប់គ្រាន់»។ នេះជាការកត់សម្គាល់របស់ លោក ត្រាំ ប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នាឱកាសចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងអង់ការ៉ាប្រទេសតួកគីយ៉េ។

* ហេតុអ្វីអ៊ុយក្រែនខ្វះខាតគ្រាប់មីស៊ីល Patriot?
លោក ហ្សេលេនស្គីបានព្រមានជាច្រើនសប្ដាហ៍មកហើយថាប្រទេសរបស់លោកកំពុងខ្វះខាតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ដែលនេះបាន និងកំពុងធ្វើឱ្យអ៊ុយក្រែនធ្លាក់ចុះ សមត្ថភាពក្នុងការការពារបណ្ដាក្រុងរបស់ខ្លួនប្រឆាំងនឹងការវាយប្រហារស្ទើរជាប្រចាំពីមីស៊ីលបាលិស្ទីគរបស់រុស្ស៉ី។ អ៊ុយក្រែនមានសមត្ថភាពបាញ់ស្ទាក់កម្ទេចដ្រូន ព្រមទាំងមីស៊ីលគ្រូសមួយចំនួន ក៏ព្រោះតែវាមិនតម្រូវទាល់តែប្រើគ្រាប់មីស៊ីលទំនើបៗ។ ក៏ប៉ុន្តែការបាញ់ស្ទាក់កម្ទេចមីស៊ីលបាលិស្ទីគគឺជារឿងផ្ទុយគ្នាស្រឡះ ហើយអ៊ុយក្រែនកំពុងខ្វះខាតគ្រាប់មីស៊ីល Patriot។ ដូច្នេះពួកគេត្រូវការ គ្រាប់មីស៊ីលនេះចាំបាច់។ នេះជាការលើកឡើងរបស់លោក Huseyn Aliyev ជាអ្នកជំនាញម្នាក់ស្ដីពីសង្រ្គាមនៅអ៊ុយក្រែនមកពីសាកលវិទ្យាល័យ University of Glasgow។ លោកបន្ថែមថា ឥលូវស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនសម្រាប់អ៊ុយក្រែន ដ្បិតរុស្ស៉ីបាន និងកំពុងបង្កើនការវាយប្រហារដោយបាញ់មីស៊ីលបាលិស្ទីគ ក៏ព្រោះតែដឹងថាអ៊ុយក្រែនកំពុងអស់គ្រាប់មីស៊ីលដើម្បីបាញ់ស្ទាក់។

ការខ្វះខាតគ្រាប់មីស៊ីលនេះឯងជាហេតុផលមួយធ្វើឱ្យមនុស្សយ៉ាងហោច ២២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីលើរដ្ឋធានីកៀវ កាលពីថ្ងៃទី៦ ខែកក្កដា បន្ទាប់ពី ប្រព័ន្ធការពារដែនអាកាសការពារទីក្រុងកៀវបរាជ័យក្នុងការបាញ់ទម្លាក់មីស៊ីលបាលិស្ទីគរុស្ស៉ី ២៣គ្រាប់ មិនបានសូម្បីតែមួយគ្រាប់។ អ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់មីស៊ីល Patriot ដោយសារតែបណ្ដាប្រទេសដទៃ ភាគច្រើនក្នុងតំបន់អឺរ៉ុប កំពុងប្រឹងប្រែងបំពេញឡើងវិញនូវស្ដុកមីស៊ីលសម្រាប់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot របស់ពួកគេរៀងៗខ្លួន។ មានប្រទេសជាច្រើន កំពុងតម្រង់ជួររង់ចាំទិញគ្រាប់មីស៊ីល។ នេះបើតាមលោក Justin Bronk ជាអ្នកជំនាញខាងកងទ័ពអាកាសមកពីវិទ្យាស្ថាន Royal United Services ដែលជំនាញខាងវិស័យការពារជាតិ មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍។ លោកបាននិយាយថាបណ្ដាប្រទេសអឺរ៉ុបបានទិញ ឬក៏បញ្ជាទិញគ្រាប់មីស៊ីលថ្មីៗសម្រាប់ប្រព័ន្ធ Patriots ដើម្បីបំពេញឡើងវិញនូវស្ដុកមីស៊ីលដែលពួកគេបានបញ្ជូន ទៅឱ្យអ៊ុយក្រែន។ អាល្លឺម៉ង់បានវិនិយោគប្រាក់រាប់ពាន់លានដុល្លារដើម្បីផលិតគ្រាប់មីស៊ីល Patriots នៅលើទឹកដីរបស់ខ្លួន។ វាក៏មានតម្រូវការខ្លាំងផងដែរពីជប៉ុន និងកូរ៉េខាងត្បូងដែល កំពុងប្រឈមមុខនឹងការគំរាមកំហែងពីមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើង និងការកើនឡើងនៃអំណាចយោធាចិនក្នុងតំបន់ ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាដែលសុទ្ធសឹងតែកំពុងត្រូវការ ចាំបាច់គ្រាប់មីស៊ីល Patriots ដើម្បីបំពេញស្ដុករបស់ពួកគេឡើងវិញដែលថយចុះដោយសារសង្រ្គាមអ៉ីរ៉ង់។

* គ្រាន់តែជាការចាប់ផ្ដើម
ការសម្រេចចិត្តរបស់លោក ត្រាំ វាគ្រាន់តែជាការចាប់ផ្ដើមនៃនីតិវិធីដ៏វែងអន្លាយមួយប៉ុណ្ណោះ។ លោក Timur Kadyshev ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវសន្តិភាព និងគោលនយោបាយសន្តិសុខនៃសាកលវិទ្យាល័យ University of Hamburg បាននិយាយថាការប្រកាសរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនមែនមានន័យថាអ៊ុយក្រែននឹងទទួលបាន អាជ្ញាបណ្ណដោយស្វ័យប្រវត្តិនោះទេ។ វាត្រូវចំណាយពេលវេលាយ៉ាងហោចពី ៦ខែ​ ទៅ១ឆ្នាំ ដើម្បីបំពេញតាមលក្ខខណ្ឌនានាដើម្បីទទួលបានអាជ្ញាបណ្ណ ខណៈប្រព័ន្ធ Patriot កំពុងស្ថិតនៅក្រោម ការរឹតបន្តឹងការនាំចេញ។ ក្នុងន័យនេះរហូតទាល់តែបំពេញតាមលក្ខខណ្ឌនៃនីតិវិធីច្បាប់ និងរដ្ឋបាលគ្រប់ទាំងអស់ហើយ ទើបក្រុមហ៊ុនអាមេរិក​ Lockheed Martin ជាក្រុមហ៊ុនចម្បងគេដែលផលិតប្រព័ន្ធ Patriot អាចផ្ដល់អាជ្ញាបណ្ណឱ្យអ៊ុយក្រែនបាន។ មិនតែប៉ុណ្ណោះវានៅមានសំណួរដ៏សំខាន់មួយទៀត នោះគឺថាកិច្ចព្រមព្រៀងនឹងតម្រូវឱ្យអ៊ុយក្រែនផលិតគ្រាប់មីស៊ីស៊េរីចាស់ PAC-2 ឬក៏គ្រាប់មីស៊ីលស៊េរីថ្មី PAC-2។ មីស៊ីលទាំង២ប្រភេទនេះអាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងការគំរាមកំហែងនៅលើអាកាស ហើយកន្លងមកអ៊ុយក្រែនបានប្រើមីស៊ីលទាំង២ស៊េរីនេះដើម្បីការពារខ្លួនពីការវាយប្រហាររបស់រុស្ស៉ី។

ក៏ប៉ុន្តែ មីស៊ីលទាំង២ស៊េរីនេះមានមុខងារប្រើប្រាស់ផ្សេងៗគ្នា។ តាមលោក Kadyshev គ្រាប់មីស៊ីល PAC-2 ត្រូវបានផលិតឡើងសម្រាប់ប្រព័ន្ធការពារដែនអាកាសដែលអាចបាញ់ស្ទាក់កម្ទេចឧទ្ធម្ភាគចក្រ យន្ដហោះ ឬមីស៊ីលគ្រូស។ ចំណែក គ្រាប់មីស៊ីល PAC-3 គឺជាកំណែថ្មីមួយដែលត្រូវបានផលិតឡើងដើម្បីបាញ់ស្កាត់កម្ទេចមីស៊ីលបាលិស្ទីគ។ ក្នុងករណីគ្មានគ្រាប់មីស៊ីល PAC-3 អ៊ុយក្រែនអាចប្រើប្រាស់ គ្រាប់មីស៊ីល PAC-2 ដើម្បីការពារខ្លួនឯងពីការវាយប្រហារដោយមីស៊ីលបាលិស្ទីគពីសំណាក់រុស្ស៉ី ប៉ុន្តែប្រសិទ្ធភាពក៏ទាបតាមហ្នឹងដែរ។ លោក Kadyshev បានពន្យល់ថាគ្រាប់មីស៊ីល PAC-3 មានអត្រា ជោគជ័យក្នុងការបាញ់ស្កាត់មីស៊ីលបាលិស្ទីគរុស្ស៉ី ពី៣០ ដល់៥០ភាគរយ ហើយជាធម្មតាគេត្រូវបាញ់ចេញមីស៊ីលម្ដង ២គ្រាប់ក្នុងពេលតែមួយដើម្បីបង្កើនប្រសិទ្ធភាព។ ដោយឡែក គ្រាប់មីស៊ីល PAC-2 មានអត្រាជោគជ័យក្នុងការបាញ់ទម្លាក់មីស៊ីលបាលិស្ទីគរុស្ស៉ីទាបជាង ១០ភាគរយប៉ុណ្ណោះ។ ដូច្នេះមើលទៅ លោក ហ្សេលេនស្គីទំនងជាចង់បានអាជ្ញាបណ្ណផលិតគ្រាប់មីស៊ីល PAC-3 នៅលើទឹកដីអ៊ុយក្រែន។ ប៉ុន្តែនេះជាដំណើរផ្លូវដ៏វែងឆ្ងាយមួយសម្រាប់អ៊ុយក្រែន ខណៈបច្ចុប្បន្នជប៉ុនគឺជាប្រទេសតែមួយគត់ក្រៅពីសហរដ្ឋអាមេរិកដែលមានសមត្ថភាពផលិតគ្រាប់មីស៊ីល PAC-3 នៅលើទឹកដីរបស់ខ្លួន។

* ការវិនិយោគរយៈពេលវែង

ប្រសិនបើអ៊ុយក្រែនពិតជាមានបំណងចង់ផលិតគ្រាប់មីស៊ីល PAC-3 នោះវាអាចនឹងត្រូវចំណាយពេលច្រើនឆ្នាំដើម្បីផលិត។ «ការផលិត PAC-2 ទទួលបានការអនុម័តអនុញ្ញាតឱ្យផលិតក្នុងប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០២២ ដោយការប្រគល់មីស៊ីលដំបូងនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៧។ តែអាល្លឺម៉ង់មិនមែនកំពុងស្ថិតនៅក្រោមការគំរាមកំហែងនៃការវាយប្រហារពីរុស្ស៉ីនោះទេ»។ នេះបើតាមលោក Bronk។ លោក Kadyshev វិញបាននិយាយថាអ៊ុយក្រែននឹងត្រូវប្រឈមនឹងបញ្ហាប្រឈមជាច្រើន ក្នុងនោះរាប់តាំងពីការចាប់ផ្ដើមសាងសង់រោងចក្រផលិតគ្រាប់មីស៊ីលនៅលើទឹកដីរបស់ខ្លួន។ ក្នុងន័យនេះរោងចក្រអ៊ុយក្រែន អាចនឹងក្លាយជាគោលដៅនៃការវាយប្រហារភ្លាមៗ នៅពេលដែលរុស្ស៉ីឃើញ។ ដូច្នេះអ៊ុយក្រែនអាចនឹងត្រូវតម្រូវសាងសង់រោងចក្រផលិតអាវុធរប៉ាត់រប៉ាយនៅទូទាំងប្រទេស ដើម្បីធ្វើឱ្យរុស្ស៉ីពិបាក កំណត់គោលដៅ និងវាយប្រហារ។ លោក Bronk បានបន្ថែមថាទីក្រុងកៀវក៏នឹងត្រូវរង់ចាំ ឬទិញគ្រឿងបង្គំផ្សេងៗគ្នាជាច្រើនផងដែរ។ ពីព្រោះក្រុមហ៊ុនអាមេរិក Lockheed Martin មិនមែនផលិតគ្រឿង បង្គំទាំងអស់តែម្នាក់ឯងនោះទេ។ មានន័យថាអ៊ុយក្រែនត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជាដៃគូសហការផលិតគ្រឿងបង្គំមីស៊ីលជាច្រើនផ្សេងទៀតផងដែរ។

តាមលោក Kadyshev គ្រឿងបង្គំមួយចំនួនពិបាករកខ្លាំងជាងគ្រឿងបង្គំផ្សេងទៀត។ បច្ចុប្បន្នកំពុងមានបញ្ហាផ្គត់ផ្គង់លើប្រព័ន្ធ sensor ដែលមានតួនាទីនាំផ្លូវគ្រាប់មីស៊ីលហោះទៅរកគ្រាប់មីស៊ីលដែល កំពុងហោះតម្រង់មក។ ក្រុមអ្នកជំនាញជាច្រើនយល់ថាគ្មានអ្វីអាចធានាបានទេថាអ៊ុយក្រែននឹងត្រូវបានផ្ដល់អាទិភាពឱ្យច្រើនជាងអតិថិជនផ្សេងទៀតដែលកំពុងតម្រង់ជួរចាំទិញគ្រាប់មីស៊ីលនោះទេ។ កត្តាសេដ្ឋកិច្ច ក្នុងនោះរួមមានទាំងអតិថិជនណាដែលអាចបង់លុយបានមុន បូករួមទាំងកត្តានយោបាយ អាចនឹងត្រូវបានគេយកចិត្តទុកដាក់មុនគេ។

នៅត្រង់ចំណុចនេះដែរ លោក Aliyev យល់ថាអ៊ុយក្រែននឹងត្រូវចាយពេលជាច្រើនឆ្នាំដើម្បីផលិត និងប្រគល់គ្រាប់មីស៊ីលដំបូងរបស់ខ្លួន។ តែអ្វីដែលចាំបាច់នៅពេលនេះគឺអ៊ុយក្រែនត្រូវការគ្រាប់មីស៊ីល ជាបន្ទាន់។ សម្រាប់លោក Kadyshev ការអភិវឌ្ឍប្រព័ន្ធ Patriot នៅលើទឹកដីអ៊ុយក្រែនជាការវិនិយោគរយៈពេលវែងមួយដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែនផលិតអាវុធទុកការពារខ្លួនឯងប្រឆាំងនឹងការប៉ុនប៉ង របស់រុស្ស៉ី ក្នុងការបន្ត ឬចាប់ផ្ដើមការវាយប្រហាររបស់ខ្លួនឡើងវិញ។ ក៏ប៉ុន្តែរហូតដល់ពេលនោះមកដល់ អ៊ុយក្រែនគ្មានជម្រើសអ្វីផ្សេងក្រៅតែពីបន្តប្រឈមមុខនឹងការវាយប្រហារដោយមីស៊ីលពីរុស្ស៉ី នោះឡើយ។ លោក Aliyev យល់ថាក្នុងពេលបច្ចុប្បន្ន គ្មានដំណោះស្រាយវេទមន្តនោះទេ ក្រៅតែពីការបន្តបង្កើនការវាយប្រហារលើរោងចក្រផលិតមីស៊ីល និងទីតាំងបាញ់មីស៊ីលរបស់រុស្ស៉ី ដោយដើរតាម ហេតុផលមួយ នោះគឺការវាយប្រហារលើសមត្ថភាពវាយប្រហាររបស់សត្រូវ អាចជាវិធីសាស្ត្រដ៏ល្អមួយដើម្បីការពារខ្លួនឯង៕

-Fresh News-

អត្ថបទទាក់ទង