Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1022
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦


សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងម្តងហើយម្តងទៀតថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យថៃរាយបន្លាលួស ឈ្លានពានតាមចិត្ត គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ការចោទប្រកាន់បែបនេះគឺជាការបំភ្លៃការពិត និងព្យាយាមធ្វើឱ្យសាធារណមតិយល់ថារាជរដ្ឋាភិបាលបណ្តែតបណ្តោយ និងមិនខ្វល់ចំពោះសកម្មភាពរបស់ភាគីថៃ ខណៈដែលជាក់ស្តែង កម្ពុជាមិនដែលអនុញ្ញាត ឬទទួលស្គាល់សកម្មភាពឯកតោភាគីណាមួយដែលប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតស៊ូយ៉ាងស្វិតស្វាញ និងម៉ឺងម៉ាត់បំផុត ប្រឆាំងនឹងសកម្មភាពទាំងនោះរបស់កងកម្លាំងថៃ។
រាល់សកម្មភាពដែលកម្ពុជាចាត់ទុកថារំលោភលើទឹកដី ឬបង្កការប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលតវ៉ាជំទាស់ កត់ត្រាជាផ្លូវការទុកជាឯកសារគតិយុត្ត និងបដិសេធតាមរយៈយន្តការការទូត និងទាមទារឱ្យមានការដោះស្រាយតាមច្បាប់អន្តរជាតិជាបន្តបន្ទាប់ និងឥតឈប់ឈរឡើយ រហូតទាល់តែមានដំណោះស្រាយត្រឹមត្រូវ និងយុត្តិធម៌នាពេលខាងមុខ។ ការចេញលិខិតតវ៉ាទាំងនេះ មិនមែនជាការធ្វើទៅតាមតែទម្រង់បែបបទនោះទេ ប៉ុន្តែ ជាការប្រមូលភស្តុតាងផ្លូវច្បាប់ និងការបញ្ជាក់ជំហរផ្លូវការរបស់កម្ពុជា ដើម្បីការពារសិទ្ធិ និងអធិបតេយ្យភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។

សំណួរទី២៖ ហេតុអ្វីបានជាកម្ពុជាបន្តចេញលិខិតតវ៉ា និងប្រើយន្តការការទូត ជំនួសឱ្យការឆ្លើយតបដោយកម្លាំង?

ចម្លើយ៖ កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ ការចេញលិខិតតវ៉ា ការលើកបញ្ហាទៅកាន់យន្តការពាក់ព័ន្ធ និងការប្រើប្រាស់យន្តការការទូត មិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ប៉ុន្តែជាការបញ្ជាក់ជំហរច្បាស់ថា កម្ពុជាគឺជាប្រទេសដែលគោរពច្បាប់អន្តរជាតិ និងចង់បានដំណោះស្រាយដោយសន្តិវិធីនិងមិនទទួលស្គាល់សកម្មភាពឯកតោភាគីរបស់ភាគីថៃឡើយ។ លិខិតតវ៉ានេះទៀតសោត គឺជាការកសាងមូលដ្ឋានផ្លូវច្បាប់សម្រាប់ការការពារអធិបតេយ្យភាពជាតិស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាជឿជាក់ថា ដំណោះស្រាយបញ្ហាព្រំដែនប្រកបដោយនិរន្តរភាព គឺត្រូវសម្រេចតាមរយៈច្បាប់ និងការទូត មិនមែនតាមរយៈការប្រើប្រាស់កម្លាំងនោះទេពីព្រោះរឿងព្រំដែនជាការដោះស្រាយតាមលក្ខណៈបច្ចេកទេសនិងច្បាប់ មិនមែនដោះស្រាយតាមការប្រើអាវុធទេ។

សំណួរទី៣៖ តើការតវ៉ា និងការបដិសេធជាបន្តបន្ទាប់របស់កម្ពុជា មានសារៈសំខាន់អ្វីខ្លះក្នុងការការពារអធិបតេយ្យភាពជាតិ?

ចម្លើយ៖ ការតវ៉ាជាផ្លូវការ និងការបដិសេធជាបន្តបន្ទាប់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបង្ហាញឱ្យឃើញថា កម្ពុជាមិនដែលទទួលស្គាល់​ ចំពោះសកម្មភាពណាមួយដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនឡើយ។ ជំហរនេះជួយរក្សាសិទ្ធិផ្លូវច្បាប់របស់កម្ពុជា បង្កើតកំណត់ត្រាផ្លូវការសម្រាប់ប្រើប្រាស់នៅក្នុងយន្តការច្បាប់អន្តរជាតិ និងបង្ហាញជូនសហគមន៍អន្តរជាតិថា កម្ពុជាបានបន្តការពារផលប្រយោជន៍ជាតិស្របតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី។ ម្យ៉ាងទៀត លិខិតតវ៉ានេះ​គឺជាភស្តុតាងនៃការរក្សាអាជ្ញាយុកាល​នៃវិវាទឱ្យស្ថិតនៅជាធរមាន​រហូតទាល់តែមានដំណោះស្រាយស្ថាពរ។ ដូច្នេះ ការតវ៉ាទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រការពារអធិបតេយ្យភាពជាតិ មិនមែនជាសកម្មភាពដែលគ្រាន់តែធ្វើឡើងតាមបែបបទប៉ុណ្ណោះទេ៕

អត្ថបទទាក់ទង