Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1008
Cambodia PR Team ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC)
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦


 
សំណួរទី១៖ តើកម្ពុជាយល់ដូចម្តេច ចំពោះការអះអាងរបស់ភាគីថៃដែលថា ការបង្ហូតទង់ជាតិថៃ និងសកម្មភាពផ្សេងៗនៅលើអធិបតេយ្យរបស់កម្ពុជា គ្រាន់តែជាការបំពេញភារកិច្ចក្នុងតំបន់ដែលថៃគ្រប់គ្រង?

ចម្លើយ៖ កម្ពុជាមិនអាចទទួលយកការអះអាងនេះបានទេ។ ការលើកដង និងបង្ហូតទង់ជាតិថៃនៅច្រកទ្វារអន្តរជាតិថ្មដា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ គឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាទាំងស្រុង។
ទីតាំងនេះស្ថិតក្នុងទឹកដីកម្ពុជា ដូចដែលបានកំណត់ដោយផែនទីខ្នាត ១:២០០,០០០ ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។ លើសពីនេះ គណៈកម្មការ JBC ភាគីកម្ពុជា បានធ្វើកំណត់ទូតតវ៉ាចំនួន ៤២ លើក ចាប់តាំងពីបទឈប់បាញ់លើកទី១មក ដែលនេះបង្ហាញថា កម្ពុជាមិនដែលទទួលស្គាល់ការកាន់កាប់ ឬការផ្លាស់ប្តូរស្ថានភាពដែនដីដោយឯកតោភាគីឡើយ។ កម្ពុជាតែងតែជំរុញឱ្យភាគីថៃចាត់ក្រុមការងារបច្ចេកទេសចុះវាស់វែងលើដីជាក់ស្តែងឱ្យបានឆាប់បំផុត​ដើម្បីកំណត់ខណ្ឌសីមាព្រំដែន​ឱ្យ​បានច្បាស់លាស់ តែភាគីថៃនៅតែបន្តអូសបន្លាយពេលរហូតមកទល់បច្ចុប្បន្ន។
 
សំណួរទី២៖ តើការសាងសង់របង ឬសំណង់សន្តិសុខដោយភាគីថៃ ពិតជាមិនមានគោលបំណងផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនដូចដែលថៃបញ្ជាក់ដែរឬទេ?

ចម្លើយ៖ កម្ពុជាយល់ថា ការសាងសង់របងបេតុង ឬសំណង់ផ្សេងៗនៅក្នុងតំបន់ដែលកំពុងមានបញ្ហាព្រំដែន មិនអាចចាត់ទុកជាសកម្មភាពធម្មតាបានទេ ព្រោះអាចនាំទៅរកការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីលើដីជាក់ស្តែង (fait accompli) ដែលប៉ះពាល់ដល់ដំណើរការដោះស្រាយបញ្ហាព្រំដែន។
ជាក់ស្តែង កងកម្លាំងថៃបានសាងសង់របងបេតុងនៅតំបន់ប្រាសាទតាក្របី ខណៈបញ្ហាព្រំដែននៅទីនោះមិនទាន់ត្រូវបានដោះស្រាយតាមយន្តការរួមនៅឡើយ។ កម្ពុជាចាត់ទុកថា សកម្មភាពឯកតោភាគីបែបនេះផ្ទុយនឹងស្មារតីនៃ MOU ឆ្នាំ២០០០ ដែលតម្រូវឱ្យភាគីទាំងពីររក្សាស្ថានភាពដើម និងដោះស្រាយបញ្ហាតាមយន្តការរួម មុនពេលមានការវាស់វែង និងខណ្ឌសីមាជាផ្លូវការ។ បើភាគីថៃចង់កសាងរបងព្រំដែន សូមប្រញាប់ចាត់ក្រុមការងារ​ចុះវាស់វែងខណ្ឌសីមាឱ្យបានឆាប់។ នៅពេលព្រមព្រៀងគ្នាហើយ ភាគីថៃអាចធ្វើរបង​នៅក្នុងដែនអធិបតេយ្យ​របស់ខ្លួន​ដោយផ្អែកតាមច្បាប់អន្តរជាតិ។
 
សំណួរទី៣៖ តើសកម្មភាពរបស់ថៃអាចចាត់ទុកថា ជាការគោរពតាម MOU ឆ្នាំ២០០០ ដូចដែលថៃអះអាងដែរឬទេ?

ចម្លើយ៖ ការគោរព MOU ឆ្នាំ២០០០ ត្រូវបានវាស់វែងតាមរយៈសកម្មភាពជាក់ស្តែង មិនមែនត្រឹមតែការប្រកាសតែមាត់នោះទេ។ MOU ឆ្នាំ២០០០ តម្រូវឱ្យភាគីទាំងពីរដោះស្រាយបញ្ហាព្រំដែនតាមយន្តការ JBC និងក្រុមវាស់វែងចម្រុះ (JSTs) ព្រមទាំងជៀសវាងសកម្មភាពឯកតោភាគី។
ជាក់ស្តែង ចាប់តាំងពីបទឈប់បាញ់លើកទី២ មក គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូត ៩ លើក ដើម្បីស្នើរៀបចំកិច្ចប្រជុំ JBC និងចាត់បញ្ជូនក្រុម JSTs ប៉ុន្តែភាគីថៃនៅមិនទាន់អនុវត្តនៅឡើយ។ ទន្ទឹមនឹងនេះ ក៏មានសកម្មភាពឯកតោភាគីមួយចំនួននៅតាមព្រំដែន ដូចជាការបង្ហូតទង់ជាតិ និងការសាងសង់របងបេតុង។ ដូច្នេះ កម្ពុជាយល់ថា ការគោរព MOU ឆ្នាំ២០០០ គួរតែបង្ហាញតាមរយៈការចូលរួមសកម្មក្នុងយន្តការ JBC ការចាត់បញ្ជូនក្រុម JSTs និងការជៀសវាងសកម្មភាពណាមួយដែលអាចបង្កើតការផ្លាស់ប្តូរស្ថានភាពនៅលើដីជាក់ស្តែងជាឯកតោភាគី៕

អត្ថបទទាក់ទង