Grand News Asia Close

Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1003
Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦


 
សំណួរទី១៖ ហេតុអ្វីបានជាដំណើរការវាស់វែងនៅតាមព្រំដែនមិនទាន់អាចចាប់ផ្តើមបាន?
ចម្លើយ៖ ដំណើរការវាស់វែងនៅតាមព្រំដែនមិនទាន់អាចចាប់ផ្តើមបាន ព្រោះភាគីថៃមិនទាន់ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) និងមិនទាន់បំពេញនីតិវិធីពាក់ព័ន្ធនឹងគណៈកម្មការ JBC របស់ខ្លួនឱ្យបានរួចរាល់។ ជាក់ស្តែង គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើក ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស និងស្នើឱ្យចាប់ផ្តើមការងារវាស់វែងនៅលើដីជាក់ស្តែង ប៉ុន្តែភាគីថៃបានស្នើពន្យារពេលជាបន្តបន្ទាប់ ដោយលើកហេតុផលពាក់ព័ន្ធនឹងការបោះឆ្នោត ការផ្លាស់ប្តូររដ្ឋាភិបាល និងនីតិវិធីផ្ទៃក្នុងរបស់ខ្លួន។
ហេតុនេះ ការយឺតយ៉ាវនៃដំណើរការវាស់វែងព្រំដែន មិនមែនបណ្តាលមកពីការខ្វះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានោះទេ។ ផ្ទុយទៅវិញ កម្ពុជាបាននិងកំពុងជំរុញយ៉ាងសកម្មឱ្យមានការបន្តការងារវាស់វែង និងការដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍សន្តិវិធី។ ប៉ុន្តែ ភាគីថៃជាអ្នកយឺត ហើយកម្ពុជា​បាននិងកំពុងបន្តជំរុញរឿងនេះរហូត។
 
សំណួរទី២៖ តើការពន្យារពេលរបស់ភាគីថៃក្នុងការតែងតាំងសមាសភាព JBC និងចាត់បញ្ជូនក្រុម JSTs មានផលប៉ះពាល់អ្វីខ្លះ?
ចម្លើយ៖ ការពន្យារពេលរបស់ភាគីថៃក្នុងការតែងតាំងប្រធាន និងសមាសភាពថ្មីនៃគណៈកម្មការ JBC ព្រមទាំងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) បានធ្វើឱ្យដំណើរការវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែងមិនអាចបន្តបានតាមផែនការដែលភាគីទាំងពីរបានឯកភាពគ្នា។ ការអូសបន្លាយនេះក៏ផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្មារតីនៃសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានផ្តល់អាទិភាពដល់ការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត។
លើសពីនេះ ការយឺតយ៉ាវក្នុងការបន្តការងារបច្ចេកទេសនៅលើដីជាក់ស្តែង ក៏អាចបង្កឱ្យបញ្ហាព្រំដែនអូសបន្លាយយូរជាងមុន និងប៉ះពាល់ដល់ការអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានកត់សម្គាល់ថា នៅលើដីជាក់ស្តែង ភាគីថៃនៅតែបន្តសកម្មភាពដែលកម្ពុជាចាត់ទុក ជាការរំលោភបំពាន និងការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) ទោះបីជាកម្ពុជាបានធ្វើការតវ៉ាតាមផ្លូវការទូតជាបន្តបន្ទាប់ក៏ដោយ។ ដូច្នេះ កម្ពុជានៅតែបន្តជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ និងចាប់ផ្តើមដំណើរការការងារព្រំដែនឡើងវិញឱ្យបានឆាប់រហ័ស។
 
សំណួរទី៣៖ តើកម្ពុជាបានធ្វើអ្វីខ្លះ ដើម្បីជំរុញការងារវាស់វែងព្រំដែន?
ចម្លើយ៖ កម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់តាមយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីជំរុញការងារវាស់វែង និងខណ្ឌសីមាព្រំដែន។ ជាក់ស្តែង គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស និងស្នើឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារនៅលើដីជាក់ស្តែង។
ជាពិសេស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការ JBC ភាគីកម្ពុជា បានផ្ញើកំណត់ទូតជាថ្មីម្តងទៀត ដើម្បីជំរុញឱ្យភាគីថៃចាត់បញ្ជូនក្រុម JSTs និងបន្តការងារវាស់វែងព្រំដែនឱ្យបានឆាប់បំផុត។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបន្តប្រើប្រាស់យន្តការការទូត និងយន្តការព្រំដែនទ្វេភាគី ដើម្បីទាមទារឱ្យមានការអនុវត្តតាមកំណត់ហេតុកិច្ចប្រជុំ JBC និងសេចក្តីប្រកាសរួម GBC ដែលភាគីទាំងពីរបានឯកភាពគ្នា។

ក្រៅពីនេះ ថ្នាក់ដឹកនាំកម្ពុជា ទាំងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទាំងសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ តែងលើករឿងនេះនៅស្ទើរគ្រប់វេទិកា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីជំរុញភាគីថៃឱ្យគោរពកិច្ចព្រមព្រៀង៕

អត្ថបទទាក់ទង