Cambodia PR Team ទាក់ទងនឹងវិធានការនិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងវិធានការនិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងវិធានការនិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន
ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី១៖ តើរាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះ ដើម្បីជួយប្រជាពលរដ្ឋភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន?
ចម្លើយ៖ រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះសុខទុក្ខប្រជាពលរដ្ឋនោះទេ។ ជាក់ស្តែង តាមរយៈគណៈកម្មការចំពោះកិច្ច និងស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលបានសាងសង់ផ្ទះបណ្តោះអាសន្ន រៀបចំប្រព័ន្ធទឹកស្អាត អគ្គិសនី ដល់គ្រប់ខ្នងផ្ទះ សាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងផ្តល់ការគាំទ្រផ្នែកជីវភាពជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានណែនាំឱ្យជួយទិញកសិផលរបស់ប្រជាពលរដ្ឋ និងជនភៀសសឹក ដើម្បីជួយទ្រទ្រង់ជីវភាពរបស់ពួកគាត់ផងដែរ។ ការគិតគូរពីសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរបស់ពួកគេឡើងវិញគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ទាំងសម្រាប់បងប្អូនជនភៀសសឹកដែលបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ទាំងអ្នកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ។
សំណួរទី២៖ តើការបង្កើត «ភូមិរង់ចាំ» មានន័យថា កម្ពុជាបោះបង់ការទាមទារទឹកដីរបស់ខ្លួនដែរឬទេ?
ចម្លើយ៖ ការបង្កើត «ភូមិរង់ចាំ» មិនមែនមានន័យថាកម្ពុជាបោះបង់ការទាមទារទឹកដីរបស់ខ្លួនទេ។ ការប្រសិទ្ធនាមភូមិនេះដោយសម្តេចតេជោថា ជាភូមិរង់ចាំ ពិតជាមានអត្ថន័យណាស់ពោលគឺ ប្រជាពលរដ្ឋកំពុងរង់ចាំការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងរង់ចាំការវិលត្រឡប់ទៅកាន់ភូមិដ្ឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ កម្ពុជានៅតែប្រកាន់ជំហរមិនទទួលស្គាល់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង និងបន្តទាមទារសិទ្ធិស្របច្បាប់របស់ខ្លួនតាមយន្តការច្បាប់ និងការទូតអន្តរជាតិ។ អ្វីដែលជាដំណឹងល្អសម្រាប់បងប្អូនភៀសសឹកទាំងនោះគឺ បើទោះបីជានៅក្រោយពេលដោះស្រាយបញ្ហាព្រំដែនចប់ ហើយពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានក៏ដោយ ក៏រាជរដ្ឋាភិបាលនឹងប្រគល់ផ្ទះនេះឱ្យពួកគេដដែល។
សំណួរទី៣៖ ហេតុអ្វីបានជាកម្ពុជាមិនប្រើកម្លាំងយោធាដើម្បីដណ្តើមទឹកដីមកវិញភ្លាមៗ ដូចដែលក្រុមប្រឆាំងតែងតែញុះញង់?
ចម្លើយ៖ កម្ពុជាមិនមែនគ្មានសមត្ថភាពការពារខ្លួននោះទេ ប៉ុន្តែ ការប្រើប្រាស់កម្លាំងអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ។ ប្រសិនបើកម្ពុជាផ្ទុះអាវុធមុន នោះអាចត្រូវបានអន្តរជាតិចាត់ទុកថា កម្ពុជាជាអ្នករំលោភលើបទឈប់បាញ់ និងធ្វើឱ្យកម្ពុជាប្រឈមនឹងការបាត់បង់ការគាំទ្រផ្នែកនយោបាយ និងការទូតពីសហគមន៍អន្តរជាតិ។ លើសពីនេះ វាក៏អាចបង្កឱ្យមានការបាត់បង់ជីវិតទាហាន និងប្រជាពលរដ្ឋ ព្រមទាំងធ្វើឱ្យជនភៀសសឹកត្រូវភៀសខ្លួនម្តងទៀត។ ដូច្នេះ កម្ពុជាជ្រើសរើសដំណោះស្រាយដែលការពារទាំងផលប្រយោជន៍ជាតិ និងអាយុជីវិតប្រជាពលរដ្ឋ ហើយការញុះញង់របស់ក្រុមប្រឆាំងកន្លងមកប្រៀបដូចជាការមើលតែលើដើមឈើមួយដើម មិនបានមើលព្រៃទាំងមូលនោះទេ។ ពួកគេចង់ឱ្យតែផ្ទុះអាវុធដោយមិនខ្វល់ពីអាយុជីវិតកងទ័ព និងប្រជាជនស៊ីវិលឡើយ។ នេះជារបៀបធ្វើនយោបាយដោយយកឈាមនិងទឹកភ្នែកប្រជាជនជាឈ្នាន់។
សំណួរទី៤៖ តើកម្ពុជាមានជំហរយ៉ាងដូចម្តេចចំពោះការមិនអនុវត្តតាមកិច្ចព្រមព្រៀងដោយភាគីថៃ?
ចម្លើយ៖ កម្ពុជាបន្តគោរព និងអនុវត្តកិច្ចព្រមព្រៀង និងបទឈប់បាញ់ដោយស្មោះត្រង់។ កម្ពុជាសង្ឃឹមថាភាគីថៃនឹងគោរពតាមគ្រប់ចំណុច នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ និងអនុញ្ញាតឱ្យយន្តការពាក់ព័ន្ធ ដូចជា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បំពេញការងាររបស់ខ្លួនដោយរលូន។ ប្រសិនបើមានការមិនគោរពកិច្ចព្រមព្រៀង ឬសកម្មភាពដែលផ្ទុយពីបទឈប់បាញ់ ភាគីថៃជាអ្នកដែលនឹងត្រូវទទួលខុសត្រូវចំពោះមុខសហគមន៍អន្តរជាតិ ហើយពិភពលោកនឹងមិនឈរអោបដៃមើលទង្វើរបស់ថៃឡើយ៕





