Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន៖ ពលរដ្ឋថៃអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញបានតាមផ្លូវអាកាសដោយមិនបានហាមឃាត់នោះទេ

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 21:03 pm ព័ត៌មានជាតិ 1021
សម្ដេចតេជោ ហ៊ុន សែន៖ ពលរដ្ឋថៃអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញបានតាមផ្លូវអាកាសដោយមិនបានហាមឃាត់នោះទេ [Hun Sen, president of the Senate, in his office. SHS]

នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តាមរយៈបណ្ដាញសង្គមបានបង្ហោះផ្សាយខ្លឹមសារដូចតទៅ៖

ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះករណីប្រជាជនកម្ពុជានិងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោកគួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជានិងទាំងប្រជាជនថៃ។

អាចមានការភាន់ច្រឡំឬចង់បង្ករឿងពីភាគីម្ខាងទៀតដែលគិតថាយើងមិនអនុញ្ញាតឱ្យប្រជាជនថៃវិលត្រឡប់ទៅប្រទេសវិញ។

ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថាការផ្អាកការធ្វើដំណើរគឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះព្រោះការប្រយុទ្ធនិងការឈ្លាន ពានមានទូទាំងព្រំដែនគោកទៅហើយបន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។

សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនៅតែអាចធ្វើ ដំណើរបានធម្មតាព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះទេ។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាអាចចាកចេញពីកម្ពុជាតាមផ្លូវអាកាស
នៅភ្នំពេញឬនៅសៀមរាប។ សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅកាន់ប្រទេសថៃវិញ។

ឯប្រជាជនកម្ពុជាប្រសិនចង់មកកម្ពុជាក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញតាមផ្លូវអាកាសនៅទីកន្លែងដែលមានជើងហោះហើរមកកម្ពុជា។

ខ្ញុំសូមបញ្ជាក់សារជាថ្មីថាយើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ។ អ្វីដែលយើងសូមឱ្យផ្អាកគឺការធ្វើដំណើរតាម ផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន។

សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ! និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕

អត្ថបទទាក់ទង