Grand News Asia Close

កម្ពុជា​ទាត់​ចោល​ការអះអាង​គ្មាន​ភ័ស្តុតាង​របស់​សារព័ត៌មាន​ថៃ​ដែល​អះអាង​ថា កម្ពុជា​បង្កើន​កម្លាំងទ័ព​នៅព្រំដែន

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1012
កម្ពុជា​ទាត់​ចោល​ការអះអាង​គ្មាន​ភ័ស្តុតាង​របស់​សារព័ត៌មាន​ថៃ​ដែល​អះអាង​ថា កម្ពុជា​បង្កើន​កម្លាំងទ័ព​នៅព្រំដែន Defence minister Tea Seiha attends the recent inauguration of a win-win monument in Koh Kong province. Tea Seiha via FB

រដ្ឋមន្ត្រីការពារជាតិ​កម្ពុជា លោក ទៀ សីហា ច្រានចោល​ការ​អះអាង​របស់​​សារព័ត៌មាន​ថៃ និង​បុគ្គលមួយចំនួន​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ថ្លែង​ដោយ​គ្មាន​ប្រភព​ថា កម្ពុជា​បាន​បង្កើនកម្លាំង​ទ័ព​ និង​សព្វាវុធ​នៅ​ព្រំដែនដើម្បី​ធ្វើ​សង្គ្រាម។

លោក ទៀ សីហា ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា​នេះ​ថា៖ «មួយរយៈនេះ ខ្ញុំបានកត់សម្គាល់ថាមានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែរថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ»។

លោករដ្ឋមន្ត្រីការពារជាតិ​បន្ត​ថា៖ «ខ្ញុំ​សូមបញ្ជាក់អំពីចំណុចខាងលើថា កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងយន្តការនានាដែលមានស្រាប់»។

លោក​បន្ត​ទៀត​ថា៖ «កម្ពុជាសង្ឃឹមថា ភាគីទាំងពីរនឹងអាចដោះស្រាយបញ្ហា ដោយសន្តិវិធី និងបញ្ចៀសឱ្យបានជាដាច់ខាត់នូវការប្រើប្រាស់កម្លាំងយោធា»។

កាលពីប៉ុន្មាន​ថ្ងៃ​មុន​នេះ ទូរទស្សន៍​ថៃ​មួយ​បាន​សម្ភាស​ជាមួយ​មន្ត្រី​យោធា​ចូលនិវត្តន៍ និង​មន្ត្រីព័ត៌មាន​យោធាថៃ ដោយ​ពួកគេ​បាន​អះអាង​ដោយ​យោង​លើ​ព័ត៌មាន​ក្នុង​ស្រុក​របស់​ខ្លួន​ថា កម្ពុជា​បាន​បង្កើន​កម្លាំង​ទ័ព ហើយ​ថា​ថៃ បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ជាមួយ​នឹង​សេះដែក ឬ​រថក្រោះ៕

-Phnom Penh Post-

អត្ថបទទាក់ទង