Grand News Asia Close

លិខិតមិត្តអ្នកអាន៖ ភាពខុសគ្នានៃបដិសណ្ឋារកិច្ចការទូតក្នុងទស្សនកិច្ចផ្លូវការរវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ នៅលើទឹកដីបារាំង

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1019
លិខិតមិត្តអ្នកអាន៖ ភាពខុសគ្នានៃបដិសណ្ឋារកិច្ចការទូតក្នុងទស្សនកិច្ចផ្លូវការរវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ នៅលើទឹកដីបារាំង លិខិតមិត្តអ្នកអាន៖ ភាពខុសគ្នានៃបដិសណ្ឋារកិច្ចការទូតក្នុងទស្សនកិច្ចផ្លូវការរវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ នៅលើទឹកដីបារាំង

(ប៉ារីស)៖ ក្នុងឆាកនយោបាយអន្តរជាតិ កម្រិតនៃបដិសណ្ឋារកិច្ច និងពិធីការការទូតដែលប្រទេសម្ចាស់ផ្ទះរៀបចំទទួលស្វាគមន៍ប្រមុខរដ្ឋាភិបាលនៃប្រទេសមួយ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនង តម្លៃ ឥទ្ធិពល និងទម្ងន់នយោបាយនៃប្រទេសនោះចំពោះប្រទេសម្ចាស់ផ្ទះ។ ថ្មីៗនេះ រដ្ឋាភិបាលថៃបានធ្វើការឃោសនាយ៉ាងគគ្រឹកគគ្រេង និងអួតអាងអំពីសមិទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការដំបូងបង្អស់នៅតំបន់អឺរ៉ុបរបស់ លោក អនុធិន ឆានវីរៈគូន នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដែលបានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។

ទស្សនកិច្ចនេះធ្វើឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីលោកអនុធិន ឆានវីរៈគូន បានឈ្នះឆ្នោតជានាយករដ្ឋមន្រ្តីថៃកាលពីខែកុម្ភៈកន្លងទៅ។ លោកបានកៀរគរសន្លឹកឆ្នោតពីក្រុមជ្រុលនិយមថៃ តាមរយៈការបង្កាត់ភ្លើងសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជុំវិញបញ្ហាវិវាទព្រំដែន។

ទោះបីជាទស្សនកិច្ចនេះធ្វើឡើងក្នុងឱកាសខួបលើកទី១៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសៀម និងបារាំង ដែលសៀមគឺជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលមានទំនាក់ទំនងការទូតជាមួយបារាំងក៏ដោយ ប៉ុន្តែ បើពិនិត្យឱ្យស៊ីជម្រៅលើទិដ្ឋភាពពិធីការ និងបដិសណ្ឋារកិច្ចជាក់ស្តែងដែលរដ្ឋាភិបាលបារាំងបានផ្តល់ឱ្យ តើដំណើរទស្សនកិច្ចរបស់មេដឹកនាំថៃរូបនេះ ទទួលបានជោគជ័យពេញលេញ និងមានកិត្តិយសខ្ពង់ខ្ពស់ដូចអ្វីដែលរដ្ឋាភិបាលទីក្រុងបាងកកបានប្រកាសប្រាប់ពលរដ្ឋខ្លួនដែរឬទេ។

បដិសណ្ឋារកិច្ចចំពោះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរលើទឹកដីបារាំង មានចំណុចគួរឱ្យកត់សម្គាល់ដូចតទៅ៖

១.កម្ពុជា៖ បដិសណ្ឋារកិច្ចពេញលេញប្រកបដោយកិត្តិយសខ្ពង់ខ្ពស់បំផុត និងជាប្រវត្តិសាស្ត្រ
កាលពីថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ដែលជាប្រទេសដំបូងគេនៅតំបន់អឺរ៉ុប ដែលកម្ពុជាជ្រើសរើស។

ក្នុងនាមជាប្រទេសជាមិត្តដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅ រដ្ឋាភិបាលបារាំងបានផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងពេញកិត្តិយសបំផុត ក្នុងកម្រិតជាទស្សនកិច្ចផ្លូវការជាន់ខ្ពស់៖

*ពិធីទទួលស្វាគមន៍នៅពេលមកដល់ប្រទេសបារាំង៖ ចាប់តាំងពីជំហានដំបូងដែលសម្តេចធិបតី បានឈានជើងចុះពីលើយន្តហោះ រដ្ឋាភិបាលបារាំងបានរៀបចំកម្រាលព្រំក្រហម និងមានកងកិត្តិយសឈរអមសងខាងទទួលស្វាគមន៍យ៉ាងសមរម្យ និងអធិកអធម។

*ពិធីទទួលស្វាគមន៍ជាផ្លូវការនៅវិមានជាតិ des Invalides ៖ សម្តេចធិបតីត្រូវបានទទួលស្វាគមន៍យ៉ាងឱឡារិកនៅវិមានជាតិ des Invalides ដោយមានពិធីត្រួតពលការកងទ័ព ការគោរពភ្លេងជាតិនៃប្រទេសទាំងពីរ (កម្ពុជា-បារាំង) និងការទទួលស្វាគមន៍ដោយផ្ទាល់ពីថ្នាក់រដ្ឋមន្ត្រីនៃរដ្ឋាភិបាលបារាំង។

*សន្និសីទសារព័ត៌មាននៅវិមានអេលីហ្សេ៖ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានឈរទន្ទឹមគ្នាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដោយថ្នាក់ដឹកនាំទាំងពីរបានថ្លែងសុន្ទរកថាជាសាធារណៈអំពីទស្សនវិស័យ និងការពង្រឹងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ។ លើសពីនេះ សេចក្តីថ្លែងការណ៍រួមនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏ត្រូវបានផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ប្រធានាធិបតីផងដែរ (www.elysee.fr)។

*ជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលគ្រប់ស្ថាប័ន៖ ក្រៅពីកិច្ចពិភាក្សាទ្វេភាគីជាមួយឯកឧត្ដមប្រធានាធិបតី ម៉ាក្រុង, សម្តេចធិបតីក៏បានជួបពិភាក្សាការងារដាច់ដោយឡែកផ្សេងៗគ្នា ជាមួយថ្នាក់ដឹកនាំកំពូលៗគ្រប់ជាន់ថ្នាក់នៃស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិរបស់បារាំង រួមមាន៖ លោក Gérard Larcher ប្រធានព្រឹទ្ធសភានៅវិមាន Luxembourg, លោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភានៅវិមាន Bourdon និង លោក Gabriel Attal ដែលកាលនោះទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបារាំងបានត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ក៏បានផ្តល់កិត្តិយសជួបទ្វេភាគីជាមួយសម្តេចធិបតីដែរ នៅវិមាន Matignon។

២.ថៃ៖ កម្រិតពិធីការត្រឹម «ទស្សនកិច្ចការងារ»

ផ្ទុយស្រឡះពីកម្ពុជា ដំណើរទស្សនកិច្ចរបស់លោក អនុធិន ឆានវីរៈគូន ស្តែងឱ្យឃើញពីភាពខ្វះខាតផ្នែកពិធីការការទូតកម្រិតខ្ពស់៖

*គ្មានសន្និសីទសារព័ត៌មានរួមគ្នា៖ នៅវិមានអេលីហ្សេ មិនថាឡើយមុន ឬក្រោយជំនួបជាមួយលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង គឺពុំមានការរៀបចំសន្និសីទសារព័ត៌មានរួមគ្នា ឬការថ្លែងសុន្ទរកថាជាសាធារណៈណាមួយរវាងមេដឹកនាំទាំងពីរឡើយ។

*គ្មានសេចក្តីថ្លែងការណ៍រួមផ្លូវការ៖ ពុំមានការចេញផ្សាយនូវ «សេចក្តីថ្លែងការណ៍រួម» (Joint Statement) ទាក់ទងនឹងទស្សនកិច្ចនេះនៅលើគេហទំព័រផ្លូវការរបស់ប្រធានាធិបតីបារាំងនោះឡើយ។

*គ្មានជំនួបជាមួយថ្នាក់ដឹកនាំកំពូលផ្សេងទៀត៖ ក្រៅតែពីជំនួបជាមួយលោកប្រធានាធិបតី ម៉ាក្រុង លោក អនុធិន ឆានវីរៈគូន មិនមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ណាផ្សេងទៀតឡើយ ទាំងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ឬនាយករដ្ឋមន្ត្រីបារាំង។

តើការកត់សម្គាល់តាមរយៈរូបភាពនិងការពិតទាំងនេះ អាចឆ្លុះបញ្ចាំងបែបណាពីទស្សនកិច្ចផ្លូវការ មួយនេះរបស់លោកនាយករដ្ឋមន្រ្តីថៃ? មិនថាយ៉ាងណាទេ អ្វីដែលយើងអាចវាយតម្លៃបាននោះគឺ រដ្ឋាភិបាលបារាំងផ្តល់តម្លៃខ្ពស់បំផុតដល់មេដឹកនាំកម្ពុជា និងចាត់ទុកកម្ពុជាជាដៃគូយុទ្ធសាស្ត្រពិតប្រាកដមួយ ដែលមិនអាចខ្វះបាននៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

-Fresh News-

អត្ថបទទាក់ទង