អគ្គនាយកដ្ឋានអន្តោប្រវេសន៍ច្រានចោលព័ត៌មានក្លែងក្លាយអំពីការបិទព្រំដែន និងហាមជនអាយុក្រោម៤០ឆ្នាំចូលកម្ពុជា
#ព័ត៌មានជាតិ
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI) បានចេញសេចក្តីបំភ្លឺព័ត៌មាន ច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតជាភាសាចិននៅលើបណ្តាញសង្គម WeChat ដែលអះអាងថា កម្ពុជាបានបិទការចូលប្រទេសជាបណ្តោះអាសន្ន និងហាមឃាត់ជនបរទេសអាយុក្រោម៤០ឆ្នាំមិនឱ្យចូលមកកម្ពុជា។
យោងតាមសេចក្តីបំភ្លឺដែលចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា មានការចុះផ្សាយព័ត៌មានជាភាសាចិនលើ WeChat ក្រោមចំណងជើងថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានបិទការចូលប្រទេសទាំងស្រុងជាបណ្តោះអាសន្ន ហើយច្រកព្រំដែនគោកក៏នឹងត្រូវរឹតបន្តឹងខ្លាំងដូចគ្នាចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦»។
ក្នុងខ្លឹមសារនៃព័ត៌មាននោះ ក៏បានអះអាងបន្ថែមថា បុគ្គលអាយុក្រោម៤០ឆ្នាំទាំងអស់ នឹងត្រូវបដិសេធមិនឲ្យចូលប្រទេស មិនថាមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ព័ត៌មានខាងលើគឺជាព័ត៌មានមិនពិតទាំងស្រុង ហើយមន្ត្រីនគរបាលអន្តោប្រវេសន៍មិនដែលទទួលបានគោលការណ៍ណែនាំណាមួយ ពាក់ព័ន្ធនឹងការហាមឃាត់មនុស្សអាយុក្រោម៤០ឆ្នាំមិនឲ្យចូលកម្ពុជានោះទេ។
សេចក្តីបំភ្លឺបានបញ្ជាក់ថា៖ «បច្ចុប្បន្នការរឹតបន្តឹងការចូលប្រទេសរបស់ជនបរទេស ត្រូវបានអនុវត្តស្របតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងសុវត្ថិភាព និងការគ្រប់គ្រងជនបរទេស ដើម្បីទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់ប៉ុណ្ណោះ»។
ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានអះអាងថា៖ «ភ្ញៀវទេសចរបរទេស សមាគមអ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេស នៅតែទទួលបានការគាំពារ និងលើកទឹកចិត្តឲ្យចូលមកព្រះរាជាណាចក្រកម្ពុជាជាធម្មតា ដោយមិនមានការបិទការធ្វើដំណើរចេញ-ចូលដូចការលើកឡើងក្នុងព័ត៌មាននោះឡើយ»។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានបញ្ជាក់បន្ថែមថា បណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិសំខាន់ៗ ទាំងផ្លូវអាកាស និងផ្លូវគោក នៅតែបន្តអនុវត្តបែបបទចូល-ចេញប្រទេសជាធម្មតា ដោយមិនមានការផ្លាស់ប្តូរណាមួយដែលបង្កឲ្យមានការរាំងស្ទះដល់ការធ្វើដំណើរនោះទេ។
ក្នុងពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងជំរុញការទាក់ទាញភ្ញៀវទេសចរចិនចូលមកកម្ពុជា តាមរយៈការផ្តល់ការលើកលែងទិដ្ឋាការសាកល្បងដល់ពលរដ្ឋចិនដែលធ្វើដំណើរពីប្រទេសចិន។
តាមគោលនយោបាយនេះ ពលរដ្ឋចិនអាចស្នាក់នៅកម្ពុជារយៈពេល១៤ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បង៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអំពាវនាវដល់សាធារណជន កុំជឿ ឬចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ និងសូមតាមដានព័ត៌មានផ្លូវការពីស្ថាប័នរដ្ឋជានិច្ច៕
-Phnom Penh Post-
ទិដ្ឋភាពអាកាសយានដ្ឋានអន្ដរជាតិតេជោកំពុងដំណើរជាធម្មតា។ រូបថត SSCA





