Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញការផ្ទុះគ្រាប់នៅតំបន់ភ្នំបាក់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1009
Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញការផ្ទុះគ្រាប់នៅតំបន់ភ្នំបាក់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញការផ្ទុះគ្រាប់នៅតំបន់ភ្នំបាក់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញការផ្ទុះគ្រាប់នៅតំបន់ភ្នំបាក់
ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាពិតជាបានបាញ់រំខានភាគីថៃពីចម្ងាយចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ ដូចដែលថៃចោទប្រកាន់ដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ក្រសួងការពារជាតិកម្ពុជា បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ និងចាត់ទុកថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ដែលមានចេតនាបង្កការភាន់ច្រឡំដល់សាធារណមតិ។ កម្ពុជាយល់ឃើញថា ការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋានបែបនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កភាពតានតឹង និងធ្វើឱ្យបរិយាកាសតាមព្រំដែនកាន់តែផុយស្រួយផងដែរ។ កម្ពុជាប្រកាន់ជំហរច្បាស់លាស់ក្នុងការជៀសវាងការបង្កហេតុ និងបន្តគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។

សំណួរទី២៖ តើកម្ពុជាអំពាវនាវអ្វីខ្លះទៅកាន់ភាគីថៃ ចំពោះការចោទប្រកាន់បែបនេះ?

ចម្លើយ៖ កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់បែបនេះ ព្រោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ដោយគ្មានភស្តុតាងច្បាស់លាស់ អាចធ្វើឱ្យស្ថានការណ៍នៅតាមព្រំដែនកាន់តែតានតឹង និងប៉ះពាល់ដល់ការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។ កម្ពុជាបានអំពាវនាវឱ្យភាគីថៃគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមដែលបានឯកភាពគ្នាកន្លងមក ជាពិសេសចំណុចពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ។ កម្ពុជាជឿជាក់ថា ការគោរពការពិត ការរក្សាសុចរិតភាពព័ត៌មាន និងការប្រើប្រាស់យន្តការការទូតដោយសន្តិវិធី គឺជាមធ្យោបាយសំខាន់ក្នុងការទប់ស្កាត់ការយល់ច្រឡំ និងរក្សាស្ថិរភាពរួម។

សំណួរទី៣៖ តើកម្ពុជាមានជំហរយ៉ាងដូចម្តេច ចំពោះការរក្សាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន?

ចម្លើយ៖ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិត ក្នុងការគោរព និងអនុវត្តពេញលេញនូវកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ។ កម្ពុជាបន្តប្រកាន់ខ្ជាប់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការទូត កិច្ចសហប្រតិបត្តិការ និងច្បាប់អន្តរជាតិ ដើម្បីឆ្ពោះទៅរកការស្តារប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមព្រំដែន។ ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែត្រៀមខ្លួនការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងពេញលេញ ដោយឈរលើគោលការណ៍សន្តិភាព និងការទទួលខុសត្រូវខ្ពស់ចំពោះប្រជាជន និងជាតិមាតុភូមិ៕

អត្ថបទទាក់ទង