ប្រវត្តិសាស្រ្តខ្មែរក្រហម និងសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម
លោក ទួន ចក់ ភេទប្រុស អាយុ៧៨ឆ្នាំ និងកុមារា វណ្ណៈ បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ ទទួលបានប្រគល់រទេះរុញដោយមេឃុំអបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ រូបថត សហការី
ខេត្ដមណ្ឌលគិរី៖ រទេះរុញចំនួន៣គ្រឿងត្រូវបានប្រគល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងកុមារពិការ ដោយមេឃុំអបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោក ហាន សុខន មេឃុំអបួន បានស្នើសុំរទេះរុញសម្រាប់ជនពិការចំនួន៣គ្រឿង ពីមជ្ឈមណ្ឌលឯកសារកម្ពុជា ជូនដល់ជនពិការនៅក្នុងឃុំអបួន។ មជ្ឈមណ្ឌលឯកសារកម្ពុជានិងព្រះរាជបណ្ណាល័យហ្លួងម៉ែ តាមរយៈមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី បានធ្វើការដឹកជញ្ជូននិងប្រគល់រទេះរុញដល់លោកមេឃុំ ដើម្បីធ្វើការចែកជូនដល់ជនពិការចំនួន៣រូបតាមការស្នើសុំ។
១. ទួន ចក់ ភេទប្រុស អាយុ៧៨ឆ្នាំ
២. បួន រុំ ភេទប្រុស អាយុ៤៩ ឆ្នាំ
៣. វណ្ណៈ បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ
លោកអ៊ំ ទួន ចក់ បានមានប្រសាសន៍ថា៖ «ខ្ញុំសប្បាយចិត្តនិងរំភើបនៅពេលទទួលបានរទេះរុញដែលផ្តល់ដោយមជ្ឈមណ្ឌលឯកសារកម្ពុជានិងព្រះរាជបណ្ណាល័យហ្លួងម៉ែ តាមរយៈមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី។ ខ្ញុំ គេងតែនៅលើកន្ទេលយូរហើយ នៅតែមួយកន្លែងជិត២ឆ្នាំហើយ។ នៅពេលបានជិះលើរទេះ ខ្ញុំអាចចេញមកខាងក្រៅ និងអាចមើលឃើញធម្មជាតិស្រស់បំព្រង។ ម្យ៉ាងទៀត រទេះនេះអាចកាត់បន្ថយការលំបាកដល់ប្រពន្ធនិងកូនរបស់ខ្ញុំ ដោយមិនសូវចំណាយពេលរបស់គាត់ច្រើនពេក។ ខ្ញុំអាចរុញរទេះនេះដោយខ្លួនឯង នៅពេលចង់ទៅណាមកណា»។
ចាប់តាំងពីឆ្នាំ២០២១ រទេះរុញចំនួន១៥គ្រឿងត្រូវបានប្រគល់ជូនដល់ឃុំអបួន ដើម្បីចែកជូនដល់ជនពិការដោយសារសង្រ្គាម។ លើសពីនេះការពិនិត្យសុខភាពនិងការអប់រំពីសុខភាពត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២០០នាក់ នៅឃុំអបួន ស្រុកកោះញែក ដោយមានការសហការពីក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យខេវី ខេត្តត្បូងឃ្មុំ និងអ្នកស្ម័គ្រចិត្តមជ្ឈណ្ឌលឯកសារកម្ពុជា។ អ្នករស់រានមានជីវិតដែលបានចែករំលែកសាច់រឿងនៅក្នុងសម័យខ្មែរក្រហមជាមួយអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២៤ ត្រូវបានជ្រើសរើសដើម្បីទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ ហើយបន្ទាប់មកទទួលបានការអប់រំអំពីសុខភាព។ ការងារនេះសិ្ថតក្រោមគម្រោង «ការលើកម្ពស់សិទ្ធិនិងស្តារឡើងវិញនូវស្ថានសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលឧបត្ថម្ភដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក។
ទំនាក់ទំនងរវាងរបស់ប្រវត្តិសាស្រ្តនិងសុខភាព
ស្រុកកោះញែក មានចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី។ ថ្វីបើស្ថិតនៅតំបន់ដាច់ស្រយាល ស្រុកកោះញែកសម្បូរដីមានជីជាតិដែលអំណោយផលដល់ដំណាំកសិកម្ម ដូចជាស្រូវនិងកាហ្វេ។ នៅអំឡុងឆ្នាំ១៩៦០ តំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរឥស្សរៈ ហើយបន្ទាប់មកត្រូវបានខ្មែរក្រហមគ្រប់គ្រងទាំងស្រុងនៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា។
ជនជាតិដើមភាគតិចជាច្រើនរស់នៅទីនេះតាំងពីបុរាណមក។ ក្រោយមកមានជនជាតិខ្មែរដែលត្រូវបានបញ្ជូនឲ្យទៅធ្វើការនិងតាំងទីលំនៅទីនោះក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០។ ជនជាតិដើមភាគតិចត្រូវបានខ្មែរក្រហមចាត់ទុកថាជាមនុស្សមានភាពស្មោះត្រង់និងមិនត្រូវបានប្រឡាក់ប្រឡូសដោយវណ្ណៈមូលធននិយមឬចក្រពត្តិនិយមឡើយ។ ជនជាតិដើមភាគតិចជាច្រើនបានចូលបម្រើខ្មែរក្រហមនិងមានតួនាទីក្នុងការដឹកនាំ។
ស្រុកកោះញែកគឺជាទីប្រជុំជនតំបន់១០៥ និងជាជង្រុកស្រូវដ៏ធំសម្រាប់ផ្គត់ផ្គង់កងទ័ពខ្មែរ ក្រហម។ ណៃ សារ៉ាន់ ហៅ យ៉ា ត្រូវបានជ្រើសតាំងជាលេខាភូមិភាគឦសាន។
នៅពេលខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនដែលរស់នៅស្រុកអូររាំង ស្រុកកែវសីម៉ា ស្រុកសែនមនោរម្យ (បច្ចុប្បន្នក្រុងសែនមនោរម្យ) ត្រូវបានជម្លៀសទៅស្រុកកោះញែក ដើម្បីធ្វើស្រែចម្ការ។
ខ្មែរក្រហមយល់ថា ការផលិតស្រូវនៅទីនោះអាចទទួលបានទិន្នផលខ្ពស់ និងដើម្បីងាយស្រួលគ្រប់គ្រងប្រជាជន។ ប្រជាជនត្រូវបានចាត់តាំងឲ្យលើកទំនប់ និងធ្វើប្រឡាយ និងធ្វើស្រែនៅឃុំស្រែហ៊ុយ និងឃុំផ្សេងទៀត នៅក្នុងស្រុកកោះញែក។
របស់របររបស់អ្នកដែលត្រូវបានជម្លៀស រួមមានសត្វដំរីត្រូវបានប្រមូលដាក់រួម និងប្រើប្រាស់សម្រាប់បម្រើឲ្យអង្គការបដិវត្តន័។ នៅឆ្នាំ១៩៧៦ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងខ្មែរក្រហមនិងប្រទេសវៀតណាមដោយសារជម្លោះព្រំដែន ខ្មែរក្រហមបានដាក់ការសង្ស័យលើជនជាតិដើមភាគតិចនិងកម្មាភិបាលរបស់ខ្លួនមួយចំនួនថាជារនុកក្នុង ហើយធ្វើការចាប់ខ្លួននិងសម្លាប់អស់ជាច្រើននាក់។
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៦ យ៉ា ដែលជាលេខាភូមិភាគឦសានត្រូវបានអង្គការចាប់ខ្លួននិងបញ្ជូនមកមន្ទីរស-២១។ បន្ទាប់ពីការសួរចម្លើយ ធ្វើទារុណកម្ម និងឆ្លើយសារភាពរួចមក យ៉ា ត្រូវបានអង្គការសម្លាប់នៅឆ្នាំ១៩៧៧។
យោងតាមការស្រាវជ្រាវរបស់ អ្នកស្រី សារ៉ា ខូម និង លោក សឹម សុរិយា ទៅលើការបន្សុទ្ធរបស់ខ្មែរក្រហមនៅក្នុងតំបន់១០៥ ខ្មែរក្រហមចោទប្រកាន់ជនជាតិដើមភាគតិចដែលធ្លាប់ស្មោះត្រង់នឹងអង្គការបដិវត្តន៍ថាបានក្បត់នឹងអង្គការ ហើយបានការចាប់ខ្លួននិងសម្លាប់ជាបន្តបន្ទាប់។
នៅឆ្នាំ១៩៨០ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប្រជាជនមួយចំនួនបានធ្វើដំណើរវិលត្រឡប់មកភូមិដ្ឋានវិញ។ នៅឆ្នាំ១៩៨៣ ទីតាំងរដ្ឋបាលខេត្តត្រូវបានរៀបចំនិងផ្លាស់ទីពីស្រុកកោះញែកមកក្រុងសែនមនោរម្យវិញ។ ទំនាក់ទំនងរវាងប្រវត្តិសាស្រ្តនិងសុខភាពគឺជាចំណុចដែលត្រូវយកចិត្តទុកដាក់និងដោះស្រាយ។
សុខភាពសាធារណៈគឺជាកិច្ចការសំខាន់និងកិច្ចខិតខំប្រឹងប្រែងដែលនៅតែបន្តតាមលទ្ធភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីធានាថាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានអាយុចាប់ពី៥៥ឆ្នាំឡើង ហើយដែលមានចំនួនប្រហែល៥លាននាក់ ក្នុងចំណោមប្រជាជនកម្ពុជាសរុប មានឳកាសចែករំលែកសាច់រឿងដែលចងចាំពីសម័យខ្មែរក្រហមនិងទទួលបានការយកចិត្តដាក់ផ្នែកសុខភាព។
តាមរយៈការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣ម៉ឺន២ពាន់នាក់ បានបង្ហាញថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រឈមនឹងជំងឺ១០យ៉ាង (ជំងឺលើសឈាម ជំងឺក្រពះពោះវៀន ជំងឺគ្រុនចាញ់ ជំងឺផ្លូវចិត្ត ជំងឺបេះដូង ជំងឺរលាកសន្លាក់ ជំងឺហឺតរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺរបេង និងជំងឺឆ្កួតជ្រូក) ហើយកំពុងយាយីអាយុជីវិតរបស់គាត់។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនបានលើកឡើងអំពីការងារបាក់កម្លាំងនិងភាពតក់ស្លុតផ្នែកស្មារតីនិងផ្លូវចិត្តក្នុងអំឡុងរបបខ្មែរក្រហម និងក្រោយរបបខ្មែរក្រហម ដែលជាមូលហេតុចម្បងនៃបញ្ហាសុខភាព ដែលគាត់កំពុងប្រឈមក្នុងបច្ចុប្បន្ន។
មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី
មជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិចស្ថិតក្នុងក្រុងសែនមនោរម្យ ត្រូវបានបង្កើតឡើងដើម្បីធ្វើការស្រាវជ្រាវ ប្រមែប្រមូលសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាជនជាតិដើមភាគតិចនិងអ្នករស់នៅខេត្តមណ្ឌលគិរី និងលើកកម្ពស់ការអប់រំផ្នែកសុខភាព ប្រពៃណីវប្បធម៌ជនជាតិដើមភាគតិច និងការអភិវឌ្ឍសហគមន៍ ដើម្បីការចងចាំ យុត្តិធម៌ និងការផ្សះផ្សា។
អ្នកស្រី សូ ហ្វារីណា គឺជា នាយកមជ្ឈមណ្ឌលចងចាំសហគមន៍ជនជាតិដើមភាគតិច នៃមជ្ឈមណ្ឌលឯកសារកម្ពុជា





