Grand News Asia Close

(Cambodia PR Team) ទាក់ទងនឹងការចោទសួររបស់មហាជនចំពោះ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1005
(Cambodia PR Team) ទាក់ទងនឹងការចោទសួររបស់មហាជនចំពោះ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ (Cambodia PR Team) ទាក់ទងនឹងការចោទសួររបស់មហាជនចំពោះ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទសួររបស់មហាជនចំពោះ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦


សំណួរទី ១៖ ពាក់ព័ន្ធនឹងការចោទសួរជាច្រើនពីសំណាក់មហាជននៅលើបណ្តាញសង្គម តើនីតិវិធីក្នុងការ ជ្រើសរើសយុវជនអាយុចន្លោះពី១៨ ទៅ ២៥ឆ្នាំ ឱ្យចូលបំពេញកាតព្វកិច្ចយោធានៅក្នុងសេចក្តីព្រាងច្បាប់នឹង ត្រូវអនុវត្តដូចម្តេចខ្លះ?

ចម្លើយ៖ នៅក្នុងសេចក្តីព្រាងច្បាប់ដែលរាជរដ្ឋាភិបាលបានរៀបចំ នីតិវិធីនៃការជ្រើសរើសយុវជនចូលបំពេញ កាតព្វកិច្ចយោធាមានចំនួន ២បែប គឺសម្រាប់បុរសត្រូវតែបំពេញកាតព្វកិច្ច តែសម្រាប់ស្ត្រីគឺឈរលើគោលការណ៍ ស្ម័គ្រចិត្ត។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលមិនប្រមូលយុវជនមកចូលបំពេញកាតព្វកិច្ចយោធាទាំងអស់ក្នុងពេលតែមួយ នោះទេ ប៉ុន្តែ ត្រូវអនុវត្តជាបន្តបន្ទាប់តាមផែនការប្រចាំឆ្នាំ ដើម្បីឱ្យសមស្របនឹងសមត្ថភាពបណ្តុះបណ្តាល និងតម្រូវការ ជាក់ស្តែង។ វិធីសាស្ត្រនេះមានគោលបំណងធានាតម្លាភាព ស្មើភាព និងការជៀសវាងការរើសអើង ហើយយុវជនគ្រប់រូប មានឱកាសស្មើៗគ្នា។

សំណួរទី ២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងមួយចំនួនដែលថា «រាជរដ្ឋាភិបាលជ្រើសរើសឱ្យតែកូនអ្នកក្រ ចូលហ្វឹកហាត់ ចំណែកឯកូនអ្នកមានរួចខ្លួន» គឺជាការពិតដែរឬទេ?

ចម្លើយ៖ ការចោទប្រកាន់នេះមិនត្រឹមត្រូវទេ។ ប្រព័ន្ធជ្រើសរើសនឹងត្រូវបានរៀបចំឡើងដើម្បីធានាភាពស្មើភាពសម្រាប់ យុវជនទាំងអស់ ដោយមិនពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច ឬសង្គមឡើយ។ ការផ្តល់អាទិភាពដល់អ្នកស្ម័គ្រចិត្ត បង្ហាញពី ការគោរពឆន្ទៈផ្ទាល់ខ្លួន ខណៈការចាប់ឆ្នោតជាវិធីសាស្ត្រដែលមានលក្ខណៈអព្យាក្រឹត និងមិនអាចលួចលាក់បាន។ ក្នុង សេចក្តីព្រាងច្បាប់នេះក៏មានបញ្ជាក់ពីការត្រួតពិនិត្យនិងគ្រប់គ្រងពីស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាមិនមានការប្រើអំណាច រារាំង ឬគេចវេសពីការជ្រើសរើសនោះទេ។ ដូច្នេះ រាល់យុវជនដែលមានអាយុចន្លោះពី១៨ ទៅ២៥ឆ្នាំ គឺសុទ្ធតែមានឱកាស ចូលហ្វឹកហាត់ដោយស្មើភាព មិនមានការរើសតែកូនអ្នកក្រ ឬកូនអ្នកមានអាចរួចខ្លួនឡើយ។

សំណួរទី ៣៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា «ទាហានកាតព្វកិច្ចនឹងត្រូវបានបញ្ជូនទៅជួរមុខ ភ្លាមៗ» ជាការពិតដែរឬទេ? ហើយតើបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់រយៈពេល២៤ខែ យុវជននឹងមានកាតព្វកិច្ច អ្វីបន្ថែមទៀតដល់អាយុ ៤៥ឆ្នាំ?

ចម្លើយ៖ ការចូលហ្វឹកហាត់នេះមិនមានន័យថា ត្រូវបញ្ជូនទៅជួរមុខភ្លាមៗឡើយ។ គោលបំណងសំខាន់គឺការបណ្តុះបណ្តាល យុវជនឱ្យមានវិន័យ សីលធម៌ ស្មារតីធ្វើការងារជាក្រុម និងមានជំនាញយោធាជាក់ស្តែង ដែលអាចប្រើបានទាំងក្នុងវិស័យ ការពារជាតិ និងជីវិតប្រចាំថ្ងៃ។ លើសពីនេះ ក្នុងអំឡុងពេលបំពេញកាតព្វកិច្ច ពួកគេនឹងទទួលបានអត្ថប្រយោជន៍ដូច កងទ័ពអាជីពរួមមាន ការផ្គត់ផ្គង់អាហារ ការស្នាក់នៅ ការព្យាបាលជំងឺ ការបណ្តុះបណ្តាល ហើយនឹងមានការធានាថា ពួកគេ អាចត្រឡប់ទៅធ្វើការងារដើមវិញក្រោយបញ្ចប់កាតព្វកិច្ច។
បន្ទាប់ពីបញ្ចប់កាតព្វកិច្ច យុវជននឹងក្លាយជាយោធិនបម្រុង ប៉ុន្តែអាចទៅធ្វើការប្រកបរបរតាមធម្មតា គ្រាន់តែត្រូវបន្តហ្វឹកហាត់ រយៈពេលខ្លី (១-២សប្តាហ៍ក្នុងមួយឆ្នាំ) រហូតដល់អាយុ៤៥ឆ្នាំប៉ុណ្ណោះ។

សំណួរទី ៤៖ តើការបំពេញកាតព្វកិច្ចយោធានឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់យុវជន និងសង្គម?

ចម្លើយ៖ ការបំពេញកាតព្វកិច្ចយោធាមានអត្ថប្រយោជន៍ច្រើន មិនត្រឹមតែការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជួយអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិទាំងមូល។ សម្រាប់យុវជន ពួកគេទទួលបានវិន័យខ្ពស់ ការយល់ដឹងអំពី ការទទួលខុសត្រូវ សមត្ថភាពដឹកនាំ និងស្មារតីធ្វើការងារជាក្រុម ព្រមទាំងជំនាញបច្ចេកទេសផ្សេងៗ ដែលអាចយកទៅ ប្រើប្រាស់ក្នុងទីផ្សារការងារ និងថែមទាំងមានកាយសម្បទារឹងមាំ។ នៅក្នុងបរិបទពិភពលោកបច្ចុបន្ន ដើម្បីសន្តិភាព យើងត្រូវតែខ្លាំងខាងវិស័យការពារជាតិ ធនធានមនុស្ស និងសេដ្ឋកិច្ច នោះទើបយើងអាចរក្សានិងការពារសន្តិភាពបាន៕

អត្ថបទទាក់ទង