Grand News Asia Close

កម្ពុជា ចាប់ផ្តើមយន្តការសម្របសម្រួលដោយបង្ខំក្រោមនីតិសមុទ្រ​ UNCLOS បន្ទាប់ពីថៃលុ​ប MoU ឯកតោភាគី​

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1009
កម្ពុជា ចាប់ផ្តើមយន្តការសម្របសម្រួលដោយបង្ខំក្រោមនីតិសមុទ្រ​ UNCLOS បន្ទាប់ពីថៃលុ​ប MoU ឯកតោភាគី​ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានប្រកាសនៅថ្ងៃនេះថា ប្រទេសកម្ពុជានឹងយន្ដការ​ផ្សះផ្សាដោយ​ចាប់​បង្ខំ​ជាមួយប្រទេសថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ រូបថត សហការី

#ព័ត៌មានជាតិ

ភ្នំពេញ៖ កម្ពុជាបានប្រកាស​នឹងចាប់ផ្តើមយន្តការសម្របសម្រួលដោយ​បង្ខំជាមួយថៃក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីរដ្ឋាភិបាលថៃសម្រេចបញ្ចប់ដោយឯកតោភាគីលើកិច្ចព្រមព្រៀងសំខាន់មួយពាក់ព័ន្ធនឹងការទាមទារតំបន់ដែនសមុទ្រត្រួតគ្នា។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន នៅថ្ងៃអង្គារទី ៥ ខែឧសភានេះ​។

លោក ប្រាក់ សុខុន បានថ្លែងថា​៖ «​ថ្ងៃនេះ បន្ទាប់ពីការលុបចោល​ជាឯកតោភាគីរបស់ប្រទេសថៃលើ MoU-2001 ប្រទេសកម្ពុជាបានប្រកាសថា កម្ពុជា​នឹងចាប់ផ្តើមយកជម្រើស​ការផ្សះផ្សាដោយ​ចាំ​បង្ខំ​ជាមួយប្រទេសថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិ​សមុទ្រ (UNCLOS)»។

តាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួង កម្ពុជា «គ្មានជម្រើសផ្សេងទៀតឡើយ» លើកលែងតែបើកដំណើរការយន្តការដោះស្រាយវិវាទក្រោម UNCLOS បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានអនុម័តសេចក្តីសម្រេចបញ្ចប់អនុស្សរណៈយោគយល់ឆ្នាំ២០០១ (MoU) ដែលជាក្របខណ្ឌទ្វេភាគីតែមួយសម្រាប់ចរចាព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។

លោក ប្រាក់ សុខុន បានបញ្ជាក់ថា៖ «​អនុស្សរណៈយោគយល់ឆ្នាំ២០០១ គឺជាក្របខណ្ឌទ្វេភាគីតែមួយរវាងប្រទេសទាំងពីរ សម្រាប់ដោះស្រាយការទាមទារតំបន់ដែនសមុទ្រត្រួតគ្នា និងសម្រេចព្រំដែនសមុទ្រដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ»។

លោកបានពិពណ៌នាការដកខ្លួនរបស់ថៃថា ជាជំហានមួយដែលផុតចេញពីស្មារតី​នៃកិច្ចសហប្រតិបត្តិការ និងចេតនានយោបាយ ដែលធ្លាប់អនុញ្ញាតឱ្យប្រទេសទាំងពីរបង្កើតក្របខណ្ឌសម្រាប់ដោះស្រាយវិវាទដោយសន្តិវិធី។

លោកប្រាក់ សុខុន បានថ្លែងថា កម្ពុជាបានបង្ហាញការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះសេចក្តីសម្រេចនេះ និងបានព្រមានថា ការលុបចោល​ MoU អាចប៉ះពាល់ដល់យន្តការដែលធ្លាប់ជាវេទិកាសម្រាប់ការចរចាពាក់ព័ន្ធតំបន់ទឹកដីមានវិវាទនៅឈូងសមុទ្រថៃ។

ជាការឆ្លើយតប កម្ពុជានឹងប្រើប្រាស់យន្តការសម្របសម្រួលដោយ​បង្ខំក្រោមនីតិ​សមុទ្រ​ UNCLOS ​ជាវិធីសាស្ត្រផ្នែកច្បាប់មួយសម្រាប់ដោះស្រាយវិវាទ នៅពេលការចរចាទ្វេភាគីមិនទទួលបានលទ្ធផល។ យន្តការនេះរួមមានគណៈកម្មការឯករាជ្យមួយ ដែលធ្វើការពិនិត្យវិវាទ និងផ្តល់អនុសាសន៍មិនមានកាតព្វកិច្ចច្បាប់ដល់ភាគីទាំងពីរ។

ទោះបីជាក្របខណ្ឌ MoU ត្រូវបានបញ្ចប់ កម្ពុជាបានបញ្ជាក់ថា សិទ្ធិស្របច្បាប់របស់ខ្លួនលើតំបន់សមុទ្រមិនត្រូវបានប៉ះពាល់ឡើយ។

លោករដ្ឋមន្ដ្រីក្រសួងការបរទេស បានបញ្ជាក់ថា៖ «​ការបញ្ចប់អនុស្សរណៈយោគយល់ឆ្នាំ២០០១ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាលើតំបន់សមុទ្ររបស់ខ្លួនឡើយ»។

លោកបាន​បញ្ជាក់ឡើងវិញពីការប្តេជ្ញារបស់កម្ពុជា ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ​។

ការអភិវឌ្ឍន៍ថ្មីនេះបង្ហាញពីការផ្លាស់ប្តូរពីការចរចាទ្វេភាគី ទៅរកដំណើរការផ្នែកច្បាប់អន្តរជាតិ ដែលអាចនឹងប៉ះពាល់ដល់ទិសដៅនាពេលអនាគតនៃការចរចាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ៕

-Phnom Penh Post-

អត្ថបទទាក់ទង