Grand News Asia Close

ទាក់ទងនឹងការអះអាងមិនពិតពីភាគីថៃជុំវិញសកម្មភាព ញុះញង់នៅតំបន់ព្រំដែន និងការលួចនាំចូលប្រេង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ ព័ត៌មានជាតិ ស្រាវជ្រាវ 1004
ទាក់ទងនឹងការអះអាងមិនពិតពីភាគីថៃជុំវិញសកម្មភាព ញុះញង់នៅតំបន់ព្រំដែន និងការលួចនាំចូលប្រេង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ទាក់ទងនឹងការអះអាងមិនពិតពីភាគីថៃជុំវិញសកម្មភាព ញុះញង់នៅតំបន់ព្រំដែន និងការលួចនាំចូលប្រេង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការអះអាងមិនពិតពីភាគីថៃជុំវិញសកម្មភាព ញុះញង់នៅតំបន់ព្រំដែន និងការលួចនាំចូលប្រេង
ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦


សំណួរទី ១៖ តើកម្ពុជាឆ្លើយតបយ៉ាងដូចម្តេច ចំពោះការអះអាងរបស់ភាគីថៃអំពីសកម្មភាពញុះញង់របស់កម្ពុជានៅតំបន់ច្រកអូរស្មាច់?
ចម្លើយ៖ កម្ពុជាសូមបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការអះអាងរបស់ភាគីថៃអំពីសកម្មភាពញុះញង់របស់កម្ពុជាដែលនេះជាការអះអាងដែល «មិនពិត និងគ្មានមូលដ្ឋាន»។ ជាក់ស្តែង កងកម្លាំងកម្ពុជាតែងតែអនុវត្តភារកិច្ចដោយគោរពវិន័យយោធា បទបញ្ជា និងគោលការណ៍វិជ្ជាជីវៈយ៉ាងតឹងរ៉ឹង ហើយប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ ខណៈដែលបន្តខិតខំរក្សាបរិយាកាសសន្តិភាព និងចៀសវាងការកើនឡើងនៃភាពតានតឹងនៅតាមព្រំដែន។

ផ្ទុយទៅវិញ កម្ពុជាបានកត់សម្គាល់ឃើញថា ភាគីថៃបានអនុវត្តសកម្មភាពយោធា ដូចជាការចល័តរថពាសដែក និងកម្លាំងយោធាចូលមកក្នុងតំបន់ច្រកអូរស្មាច់ ព្រមទាំងការបន្ថែមរបងលួសបន្លាលើទឹកដីដែលកំពុងមានវិវាទ ដោយមិនមានការជូនដំណឹងជាមុនមកកាន់ភាគីកម្ពុជា។ សកម្មភាពទាំងនេះ មិនត្រឹមតែផ្ទុយនឹងការអនុវត្តដែលធ្លាប់បានឯកភាពគ្នានោះទេ ប៉ុន្តែអាចបង្កហានិភ័យដល់ស្ថិរភាព និងទំនុកចិត្តរវាងភាគីទាំងពីរ។ ក្នុងនាមជាប្រទេសដែលគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជាបានឆ្លើយតបតាមរយៈយន្តការទំនាក់ទំនងយោធា ដោយអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពជាបន្ទាន់ និងត្រឡប់មកគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា រួមទាំងបទឈប់បាញ់ និងសេចក្តីប្រកាសរួម។

សំណួរទី ២៖ តើកម្ពុជាមានជំហរយ៉ាងដូចម្តេច ចំពោះការអនុវត្តបទឈប់បាញ់ជាមួយភាគីថៃ?
ចម្លើយ៖ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក រាជរដ្ឋាភិបាល និងកងកម្លាំងកម្ពុជា បានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗទៀត ដោយមានការទទួលខុសត្រូវខ្ពស់បំផុត។ ជំហរនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគោរពច្បាប់អន្តរជាតិ និងរក្សាសន្តិភាពតាមបណ្តោយព្រំដែន ដោយជៀសវាងការកើនឡើងនៃភាពតានតឹង។

កម្ពុជាបន្តអនុវត្តដោយភាពអត់ធ្មត់ និងវិជ្ជាជីវៈ ព្រមទាំងរក្សាការទំនាក់ទំនងជាមួយភាគីថៃតាមយន្តការដែលមានស្រាប់។ក្នុងន័យនេះ ក្រសួងការពារជាតិបានអំពាវនាវឱ្យភាគីថៃគោរព និងអនុវត្តកិច្ចព្រមព្រៀងទាំងនេះដូចគ្នា ដោយមានសុច្ឆន្ទៈ ភាពថ្លៃថ្នូរ និងភាពស្មោះត្រង់ ដើម្បីធានាថា ស្ថានភាពនៅតាមព្រំដែនអាចវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាពស្ថិរភាព និងសុវត្ថិភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ។

សំណួរទី ៣៖ តើកម្ពុជាឆ្លើយតបយ៉ាងដូចម្តេច ចំពោះព័ត៌មានពីភាគីថៃដែលអះអាងថាមានការលួចនាំប្រេងពីថៃចូលមកកម្ពុជា?
ចម្លើយ៖ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា «កម្ពុជាមិនមានតម្រូវការនាំចូលប្រេងពីប្រទេសថៃឡើយ ព្រោះបានផ្អាកការទិញប្រេង និងឧស្ម័នពីថៃតាំងពីខែមិថុនា ឆ្នាំ២០២៥ និងមានប្រភពផ្គត់ផ្គង់ពីប្រទេសផ្សេងៗគ្រប់គ្រាន់»។ ដូច្នេះ កម្ពុជាអំពាវនាវឱ្យភាគីថៃប្រើប្រាស់ព័ត៌មានដោយផ្អែកលើការពិត និងចៀសវាងការផ្សព្វផ្សាយដែលអាចបង្កការយល់ច្រឡំ ខណៈដែលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវភាពច្បាស់លាស់ ស្មោះត្រង់ និងគោរពច្បាប់ក្នុងការដោះស្រាយបញ្ហាទាំងនេះ។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមស្រាវជ្រាវករណីនេះភ្លាមៗដើម្បីរកការពិតឱ្យបានច្បាស់លាស់។ ជំហររបស់កម្ពុជាគឺមិនការពារ ឬលាក់បាំងបទល្មើសឡើយ ប៉ុន្តែបើរកឃើញថាមានករណីនេះពិត នឹងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតលើអ្នកពាក់ព័ន្ធទាំងអស់ ដោយមិនលើកលែងទាំងក្រុមហ៊ុនឯកជន ឬមន្ត្រីរដ្ឋក៏ដោយ៕

អត្ថបទទាក់ទង