Grand News Asia Close

ទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ និងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ខណៈប្រទេសកំពុងប្រឈមនឹងបញ្ហាតានតឹងនៅតាមព្រំដែន ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ ស្រាវជ្រាវ 1010
ទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ និងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ខណៈប្រទេសកំពុងប្រឈមនឹងបញ្ហាតានតឹងនៅតាមព្រំដែន ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ និងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ខណៈប្រទេសកំពុងប្រឈមនឹងបញ្ហាតានតឹងនៅតាមព្រំដែន ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ និងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ខណៈប្រទេសកំពុងប្រឈមនឹងបញ្ហាតានតឹងនៅតាមព្រំដែន
ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

សំណួរទី ១៖ តើករណីចាប់ផ្សឹកព្រះសង្ឃមួយអង្គនៅខេត្តបាត់ដំបង មានន័យថារាជរដ្ឋាភិបាលកំពុងរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដូចដែលក្រុមប្រឆាំងចោទប្រកាន់មែនដែរឬទេ?
ចម្លើយ៖ ករណីមានចំណាត់ការផ្លូវច្បាប់លើបុគ្គលមួយចំនួនមិនមែនមានន័យថាជាការរឹតត្បិតសេរីភាពបញ្ចេញមតិទេ។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រួមទាំងការពិភាក្សាអំពីបញ្ហាព្រំដែនផងដែរ ប៉ុន្តែ សូមចងចាំចំណុចមួយថា ជនណាក៏ដោយមិនអាចប្រើសិទ្ធិសេរីភាពរបស់ខ្លួនបំពានអ្នកដទៃ បំពានច្បាប់ ឬធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ពិសេសប៉ះពាល់សន្តិសុខជាតិបានឡើយ។ សព្វថ្ងៃនេះ ពលរដ្ឋខ្មែររូបណាក៏បញ្ចេញមតិរឿងព្រំដែនដែរ ប៉ុន្តែ ហេតុអ្វីក៏ពួកគេមិនអី តែមានបុគ្គលប៉ុន្មានរូបបែរជាទទួលរងចំណាត់ការផ្លូវច្បាប់?

ដូច្នេះ វាមានសារៈសំខាន់ណាស់ដែលត្រូវស្វែងយល់ពីបញ្ហានេះ។ ការនិយាយជារួមថា បុគ្គលនេះឬបុគ្គលនោះរងចំណាត់ការផ្លូវច្បាប់ដោយសារការបញ្ចេញមតិរិះគន់រឿងព្រំដែនមិនគ្រប់គ្រាន់ទេ។ គេត្រូវសិក្សាថា តើបុគ្គលរូបនោះនិយាយរឿងអ្វី? តើការនិយាយនោះមានលក្ខណៈជាការបញ្ចេញមតិធម្មតា ឬជាការជេរប្រមាថ មួលបង្កាច់ ឬការបំផ្លើស បំភ្លៃរឿងអ្វីមួយដែលនាំឱ្យប៉ះពាល់សន្តិសុខជាតិ?

ការបញ្ចេញមតិដែលផ្អែកលើព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ ឬមានលក្ខណៈញុះញង់ អាចនាំឱ្យមានការយល់ច្រឡំក្នុងសង្គម បង្កភាពតានតឹង និងធ្វើឱ្យបាត់បង់ទំនុកចិត្តលើស្ថាប័នរដ្ឋ មិនអាចចាត់ទុកថាជាការប្រើប្រាស់សិទ្ធិសេរីភាពបានត្រឹមត្រូវនោះទេ។ ដូច្នេះ ការចាត់វិធានការនេះមិនមែនមានន័យថាបិទសិទ្ធិបញ្ចេញមតិនោះទេ ប៉ុន្តែ ជាការធានាថា ការបញ្ចេញមតិទាំងនោះមិនហួសព្រំដែនច្បាប់ ឬបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម និងប្រទេសជាតិ។

សំណួរទី ២៖ តើរាជរដ្ឋាភិបាលពិតជាបានហាមប្រាមប្រជាពលរដ្ឋមិនឱ្យផ្សព្វផ្សាយអំពីបញ្ហាព្រំដែន មែនដែរឬទេ?
ចម្លើយ៖ មិនមានការហាមប្រាមបែបនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមក្នុងការលើកឡើង និងផ្សព្វផ្សាយអំពីបញ្ហាព្រំដែន ដើម្បីឱ្យសហគមន៍អន្តរជាតិបានយល់ដឹងពីការពិត និងស្ថានភាពជាក់ស្តែង។ ទោះយ៉ាងណា ការបញ្ចេញមតិ និងការផ្សព្វផ្សាយព័ត៌មានគួរតែធ្វើឡើងដោយមានការទទួលខុសត្រូវ ផ្អែកលើព័ត៌មានត្រឹមត្រូវ និងប្រភពដែលអាចទុកចិត្តបាន។ ការផ្សព្វផ្សាយក្នុងលក្ខណៈបំភ្លៃ ពន្លើស ឬបំបាក់ទឹកចិត្តសាធារណៈ ជាពិសេសការបំបាក់ទឹកចិត្តកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារប្រទេស អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ស្មារតីជាតិ និងស្ថិរភាពសង្គម ឬសន្តិសុខជាតិទាំងមូលដែលត្រូវបានហាមឃាត់ដោយច្បាប់។

សំណួរទី ៣៖ តើហេតុអ្វីបានជារាជរដ្ឋាភិបាលនៅតែរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ខណៈប្រទេសកំពុងប្រឈមនឹងបញ្ហាតានតឹងព្រំដែន?
ចម្លើយ៖ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត មិនមែនជាការមើលរំលងបញ្ហាព្រំដែននោះទេ ប៉ុន្តែជាការអនុវត្តយុទ្ធសាស្ត្ររក្សាស្ថិរភាពសង្គម និងសេដ្ឋកិច្ចឱ្យដំណើរការធម្មតា ទោះបីស្ថានភាពខាងក្រៅមានភាពតានតឹងក៏ដោយ។ ការបន្តអបអរសាទរពិធីបុណ្យជាតិ បង្ហាញថាប្រទេសនៅតែមានការគ្រប់គ្រងល្អ និងមិនអនុញ្ញាតឱ្យវិបត្តិណាមួយបំផ្លាញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើយ។

ជាមួយគ្នានេះ សង្ក្រាន្តក៏ជាវេទិកាសំខាន់សម្រាប់ការរក្សា និងលើកកម្ពស់វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិផងដែរដែលជាគន្លងដ៏សំខាន់ក្នុងការរក្សាភាពរឹងមាំផ្នែកសង្គម។ ការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ និងយុវជន ក៏ជួយបង្កើនស្មារតីរួបរួម និងការគាំទ្រជាតិ ដែលមានសារៈសំខាន់ក្នុងពេលប្រទេសកំពុងប្រឈមនឹងបញ្ហា។

លើសពីនេះ ព្រឹត្តិការណ៍នេះក៏មានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចផងដែរ ដោយជំរុញវិស័យទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្មក្នុងស្រុក បង្កើតចំណូលសម្រាប់ប្រជាពលរដ្ឋ ពិសេសសហគ្រាសធុនតូច និងអ្នកលក់ដូរ។ ដូច្នេះ ការរៀបចំសង្ក្រាន្តគឺជាការរួមបញ្ចូលគ្នារវាងការរក្សាវប្បធម៌ ការពង្រឹងសាមគ្គីភាព និងការធានាស្ថិរភាពសេដ្ឋកិច្ច ក្នុងបរិបទដែលប្រទេសកំពុងប្រឈមនឹងស្ថានភាពតានតឹង។

សំណួរទី ៤៖ តើកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាមួយពលរដ្ឋភៀសសឹក និងវីរយុទ្ធជនជួរមុខ មានអត្ថន័យអ្វីខ្លះ?
ចម្លើយ៖ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីស្មារតី «សមរភូមិក្រោយ និងសមរភូមិមុខរួមសុខទុក្ខជាមួយគ្នា» ដែលមានសារៈសំខាន់ក្នុងការពង្រឹងសាមគ្គីភាពជាតិ។ វាបង្ហាញថា ប្រជាពលរដ្ឋ និងកងកម្លាំងការពារជាតិ គឺជាផ្នែកមួយនៃមហាគ្រួសារខ្មែរដែលមិនអាចបំបែកពីគ្នាបាន ហើយតែងតែឈរជាមួយគ្នា ទាំងនៅពេលសុខ និងពេលលំបាក។

កម្មវិធីនេះក៏មានតួនាទីមនុស្សធម៌ផងដែរ ដោយផ្តល់កម្លាំងចិត្ត ក្តីសង្ឃឹម និងភាពកក់ក្តៅដល់វីរយុទ្ធជនជួរមុខ និងប្រជាពលរដ្ឋដែលបានភៀសខ្លួនពីតំបន់មានភាពតានតឹង។ វាបង្ហាញពីការយកចិត្តទុកដាក់ និងការមិនបោះបង់ចោលគ្នាក្នុងនាមជាជាតិមួយដែលមានសាមគ្គីភាព។ លើសពីនេះ ពិធីបុណ្យចូលឆ្នាំថ្មី ក្នុងបរិបទនេះ មិនត្រឹមតែជាពិធីអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកសេចក្តីស្រឡាញ់ និងសាមគ្គីភាពរបស់ប្រជាជាតិ ដែលជាកម្លាំងដ៏សំខាន់ក្នុងការឆ្លងកាត់គ្រាលំបាករួមគ្នា៕

អត្ថបទទាក់ទង