តើ MOU ឆ្នាំ ២០០០ កម្ពុជា-ថៃ ជាអ្វី?
#Op_ed
កិច្ចព្រមព្រៀង MOU ឆ្នាំ ២០០០ ជាអនុស្សារណៈយោគយល់គ្នា ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក (Memorandum of Understanding on the Survey and Demarcation of Land Boundary) បានក្លាយជាចំណុចបត់សំខាន់មួយក្នុងការកែប្រែទិសដៅពីការប្រឈមមុខដាក់គ្នា ទៅរកការចរចាដោយសន្តិវិធី។ កិច្ចព្រមព្រៀងនេះមិនមែនជាឯកសារបច្ចេកទេសធម្មតាសម្រាប់ការវាស់វែងព្រំដែនគោកទេ ប៉ុន្តែជាយុទ្ធសាស្ត្រនយោបាយដ៏មានអត្ថន័យសម្រាប់ការគ្រប់គ្រង និងបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។
MOU ឆ្នាំ ២០០០ បានបង្កើតមូលដ្ឋានសម្រាប់ការសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ក្នុងការកំណត់ព្រំដែនគោកឲ្យបានច្បាស់លាស់ ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ។ ការយល់ព្រមប្រើប្រាស់ផែនទី បារាំង-សៀម ខ្នាត ១ លើ ២០០ ០០០ ឆ្នាំ ១៩០៤-១៩០៧ មិនត្រឹមជាជម្រើសបច្ចេកទេសទេ ប៉ុន្តែជាសញ្ញានយោបាយបង្ហាញពីការគោរពលើមូលដ្ឋានច្បាប់ និងប្រវត្តិសាស្ត្រដែលអាចទទួលយកបានទាំងអស់គ្នា។
យ៉ាងណាមិញ ចំណុចដ៏សំខាន់បំផុតនៃ MOU នេះ គឺការបង្កើតគណៈកម្មាធិការព្រំដែនរួម (Joint Boundary Commission-JBC) ដែលមានតួនាទីជាវេទិកាសម្រាប់ការចរចា និងសម្របសម្រួលលើកិច្ចការព្រំដែន។ តាមរយៈយន្តការនេះ ភាគីទាំងពីរអាចដោះស្រាយបញ្ហាបច្ចេកទេស និងនយោបាយដោយសន្តិវិធី ដោយជៀសវាងការប្រឈមមុខដោយកម្លាំងយោធា។ វាជាគន្លឹះសំខាន់មួយក្នុងការបម្លែងជម្លោះឲ្យទៅជាកិច្ចសហប្រតិបត្តិការ។
ក្រៅពីនេះ គោលការណ៍ “រក្សាស្ថានភាពដដែល” និងការមិនប្រើកម្លាំងយោធា បានក្លាយជាស្នូលនៃការធានាស្ថិរភាពតាមបណ្តោយព្រំដែន។ គោលការណ៍ទាំងនេះមានន័យថា ទោះបីជាការកំណត់ព្រំដែនមិនទាន់បញ្ចប់ក៏ដោយ ក៏ភាគីទាំងពីរត្រូវគោរពស្ថានភាពបច្ចុប្បន្ន និងមិនធ្វើសកម្មភាពណាមួយដែលអាចបង្កភាពតានតឹងឡើយ។ វាជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការកើនឡើងនៃជម្លោះ និងការប៉ះទង្គិចប្រដាប់អាវុធ។
ក្នុងន័យយុទ្ធសាស្ត្រ MOU ឆ្នាំ ២០០០ អាចត្រូវបានមើលឃើញថាជា “ឧបករណ៍ទប់ស្កាត់ជម្លោះ” ដែលអនុញ្ញាតឲ្យប្រទេសទាំងពីរគ្រប់គ្រងភាពខ្វែងគំនិតគ្នាដោយមិនឲ្យប្រែក្លាយជាវិបត្តិព្រំដែនទៅជាវិបត្តិសន្តិសុខ។ នេះបង្ហាញពីការផ្លាស់ប្តូរវិធីសាស្ត្រពីការប្រើអំណាចរឹង “Hard Power” “យោធា” ទៅរកការប្រើអំណាចទន់ “Soft Power” និងច្បាប់អន្តរជាតិជាមូលដ្ឋាន។
បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះក៏បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងថៃ ក្នុងការគោរពអធិបតេយ្យភាព បូរណភាពដែនដី និងភាពស្មើគ្នា ចំពោះមុខច្បាប់និងប្រវត្តិសាស្ត្រ។ ភាគីទាំងពីរបានយល់ព្រមធ្វើការវាស់វែង កំណត់ទីតាំងព្រំដែន និងបោះបង្គោលព្រំដែនជាដំណាក់កាល ដោយប្រើប្រាស់អ្នកជំនាញនិងបច្ចេកទេសសមស្រប។
ជាក់ស្តែង MOU នេះបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងករណីមានជម្លោះណាមួយកើតឡើងភាគីពីរ ត្រូវដោះស្រាយជម្លោះតាមរយៈការចរចាដោយសន្តិភាព ការយោគយល់គ្នា និងដោយឈរលើផលប្រយោជន៍រួម។ នេះជាសញ្ញាបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ប្រទេសទាំងពីរ ក្នុងប្រព័ន្ធនយោបាយអន្តរជាតិដែលផ្អែកលើច្បាប់ និងវិធានការសន្តិភាព។
ជាចុងក្រោយ MOU ឆ្នាំ ២០០០ មានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខា ហើយអាចកែប្រែបានលុះត្រាមានការយល់ព្រមរួមគ្នារវាងភាគីទាំងពីរ ដោយបន្តអនុវត្តរហូតដល់ដំណើរការកំណត់ខ័ណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់ជាស្ថាពរ។ នេះបង្ហាញថា វាជាកិច្ចព្រមព្រៀងដែលមានភាពបត់បែន ប៉ុន្តែមានគោលដៅច្បាស់លាស់ក្នុងការសម្រេចលទ្ធផលរយៈពេលវែងឆ្ងាយ។
សរុបមក MOU ឆ្នាំ ២០០០ គឺជាគន្លឹះនយោបាយដ៏សំខាន់មួយ ដែលភ្ជាប់អតីតកាល ប្រវត្តិសាស្ត្រ និងអនាគតនយោបាយរវាងកម្ពុជា និងថៃ។ វាមិនត្រឹមតែជាមូលដ្ឋានសម្រាប់ការកំណត់ព្រំដែនទេ ប៉ុន្តែជាយន្តការសម្រាប់ការរួមរស់ដោយសន្តិភាព ការជៀសវាងជម្លោះ និងការពង្រឹងទំនាក់ទំនងជិតខាងល្អរវាងប្រទេសទាំងពីរ។
“ MOU ២០០០ ជាឧបករណ៍សន្តិភាព សម្រាប់វាស់វែង និងខ័ណ្ឌសីមាព្រំដែន ដោយសហប្រតិបត្តិការ គោរពអធិបតេយ្យភាព និងដោះស្រាយជម្លោះដោយសន្តិវិធី ” ៕
ដោយ៖ ពិន វិជ័យ
អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ





