Grand News Asia Close

សង្ក្រាន្តខ្មែរ៖ ហេតុអ្វីបានជាយើងមិនអាចឈប់ បើទោះជាស្ថិតក្នុងស្ថានភាពលំបាក?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1008
សង្ក្រាន្តខ្មែរ៖ ហេតុអ្វីបានជាយើងមិនអាចឈប់ បើទោះជាស្ថិតក្នុងស្ថានភាពលំបាក? សង្ក្រាន្តវត្តភ្នំ​កាល​ពី​ឆ្នាំ​២០២៤។ រូបថតរដ្ឋបាលរាជធានីភ្នំពេញ

#វិភាគសង្គម

ក្នុងសង្គមប្រជាធិបតេយ្យការមានមតិផ្ទុយគ្នាជារឿងធម្មតា។ រដូវកាលសង្ក្រាន្តជិតចូលមកដល់ យើងឃើញមានមតិខ្លះលើកឡើងថា «មិនបាច់ធ្វើធំដុំទេ ខ្ជះខ្ជាយណាស់» ឬ «ស្រុកទេសកំពុងជួបការលំបាក គួរតែផ្អាកសិន»។ ប៉ុន្តែ បើពិចារណាឱ្យបានវែងឆ្ងាយ ការរក្សាវប្បធម៌ឱ្យរស់រវើក មិនមែនជារឿងលេងសើចទេ វាគឺជា «យុទ្ធសាស្ត្រនៃការរស់រាន»។

ក្នុងស្ថានភាពដែលប្រទេសជាតិមានសម្ពាធ រដ្ឋាភិបាលប្រៀបដូចជាអ្នកកាន់ «ដាវ» ផង និង «នង្គ័ល» ផង។ យើងត្រូវការពារបូរណភាពទឹកដីឱ្យខាងតែបាន ប៉ុន្តែយើងក៏មិនអាចទុកឱ្យសេដ្ឋកិច្ច និងស្មារតីជាតិស្លាប់បានដែរ។ ប្រវត្តិសាស្ត្របានប្រាប់យើងថា បើយើងផ្អាកសកម្មភាពជីវិត និងប្រពៃណីទាំងស្រុងដោយសារការភ័យខ្លាច នោះយើងបានចាញ់បោកសត្រូវបាត់ទៅហើយ ព្រោះគេចង់ឱ្យសង្គមយើងរស់ទាំងគ្មានព្រលឹង។

ក្រឡេកមើលទៅប្រទេសជិតខាង ដូចជាប្រទេសថៃជាដើម។ ទោះបីជាពិភពលោកប្រែប្រួលយ៉ាងណា ក៏គេមិនដែលថយដៃក្នុងការរៀបចំសង្ក្រាន្តរបស់គេដែរ។ គេធ្វើកាន់តែធំ ព្រោះគេដឹងថាវាជា «ម៉ាស៊ីនបូមលុយ» និងជា «អាវុធវប្បធម៌» (SOFT POWER) ដើម្បីបង្ហាញឥទ្ធិពលទៅកាន់ពិភពលោក។ ចុះបើយើងវិញ បើយើងរារែក បើយើងឈប់ធ្វើ តើយើងនឹងយកអ្វីទៅប្រកួតប្រជែងជាមួយគេ? តើអត្តសញ្ញាណខ្មែរនឹងទៅជាយ៉ាងណា បើម្ចាស់ស្រុកមិនលើកតម្កើងខ្លួនឯង?

សង្ក្រាន្តមិនមែនត្រឹមតែជាការរាំលេងកម្សាន្តទេ។ វាគឺជាចរន្តឈាមសេដ្ឋកិច្ចដែលហូរពីក្រុងទៅដល់ជនបទ។ អ្នកលក់ដូរតាមចិញ្ចើមថ្នល់ អ្នករត់តាក់ស៊ី រត់កង់បី សិប្បករ និងសេវាកម្មទេសចរណ៍នានារាប់ម៉ឺននាក់ រស់បានក៏ដោយសារពិធីបុណ្យនេះដែរ។

យើងត្រូវរៀនរស់ដោយភាពរឹងមាំ។ ដៃម្ខាងការពារទឹកដី ដៃម្ខាងបន្តកសាងជាតិ ហើយរក្សាភាពរស់រវើកនៃវប្បធម៌ ដើម្បីបញ្ជាក់ថា កម្ពុជានៅតែឈរយ៉ាងរឹងមាំ ទោះបីជាមានព្យុះនយោបាយ ឬសេដ្ឋកិច្ចសកលបោកបក់យ៉ាងណាក៏ដោយ។

ប្រទេសប្រជាធិបតេយ្យ! ការគោរពនានាភាពនៃគំនិតមនុស្សគ្រប់គ្នាជារឿងចាំបាច់និងសំខាន់! ប្រជាជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរៀងៗខ្លួន! តែយ៉ាងណាក្ដីសូមកុំតែទៅប៉ះកិត្តិយសគេបានហើយ! នេះជាការរំលឹកមេត្រី!

សរ វិជ្ជណា គឺជាអ្នកស្រាវជ្រាវផ្នែកអភិបាលកិច្ចឌីជីថល និងនិន្នាការភូមិសាស្ត្រនយោបាយ ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ ទស្សនៈដែលបានលើកឡើងគឺជាទស្សនៈផ្ទាល់ខ្លួនរបស់លោក។

-Phnom Penh Post-
———————

អត្ថបទទាក់ទង