វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់រង្គើដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន
(ប៉េកាំង)៖ សង្រ្គាមអ៉ីរ៉ង់កំពុងគំរាមកំហែងដល់ភាពធូរស្រាលដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងចិន ដោយមហាអំណាចទាំង២ ត្រូវបានរាយការណ៍ថាបានពន្យារពេលកិច្ចប្រជុំកំពូល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាមទារឱ្យចិនបញ្ជូននាវាចម្បាំងទៅកាន់តំបន់ឈូងសមុទ្រដើម្បីជួយបើកច្រកសមុទ្រ Hormuz។ លោក ត្រាំកាលពីថ្ងៃទី១៦ ខែមីនា បាននិយាយថារូបលោកបានស្នើសុំពន្យារពេលដំណើរទស្សនកិច្ចរបស់លោកទៅទីក្រុងប៉េកាំងដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅចុងខែមីនានេះដោយសារតែសង្រ្គាមអ៉ីរ៉ង់។
មុនការប្រកាសនេះ លោក ត្រាំ បានគំរាមពន្យារពេលកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ប្រសិនបើចិនមិនព្រមបញ្ជូននាវាចម្បាំងទៅជួយសហរដ្ឋអាមេរិកបើកចក្រសមុទ្រ Hormuz ដែលអ៉ីរ៉ង់កំពុងបិទខ្ទប់ឡើងវិញទេនោះ។ លោក ត្រាំបាននិយាយថាលោកពិតជាចង់ធ្វើទស្សនកិច្ចទៅចិន តែដោយសារសង្រ្គាម លោកត្រូវតែបន្តស្ថិតនៅក្នុងសហរដ្ឋអាមេរិក។ តាមលោក ត្រាំ លោកផ្ទាល់ពិតជាចង់ជួបលោក ស៊ី ជីនពីង ហើយថាលោកមានទំនាក់ទំនងដ៏ល្អជាមួយមេដឹកនាំចិន។
ប៉ុន្តែជាសញ្ញាមួយបង្ហាញថាទំនាក់ទំនងជាមួយចិនមិនល្អដូចដែលលោក ត្រាំនិយាយ ក្រុមមន្ត្រីចិនបានបញ្ចេញប្រតិកម្មយ៉ាងសោះអង្គើយទៅនឹងការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិកឱ្យចិន ជួយអមដំណើរការពារកប៉ាល់ដឹកប្រេងឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ នៅពេលត្រូវបានសាកសួរកាលពីថ្ងៃទី១៦ ខែមីនា អំពីសំណើរបស់លោក ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថាមានតែចិនប៉ុណ្ណោះបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់។ ក្រៅពីរង្វង់ក្រុមមន្ត្រីចិន ការទាមទាររបស់លោក ត្រាំ ត្រូវបានគេយកទៅ សើចចំអកនៅលើបណ្ដាញទំនាក់ទំនងសង្គមចិន។ ក្នុងនោះអ្នកសរសេរប្លុកដ៏ល្បីម្នាក់បានឌឺដងផ្លែផ្លាថាលោក ត្រាំគួរតែស្នើឱ្យនាវាចម្បាំងអ៉ីរ៉ង់អមដំណើរកប៉ាល់ដឹកប្រេងរបស់សហរដ្ឋអាមេរិក។ សារព័ត៌មានរបស់បក្សកុម្មុយនិស្តចិន Global Times វិញកាលពីថ្ងៃទី១៥ ខែមីនាបានចោទសួរថា «តើសំណើរបស់លោក ត្រាំជាការចែករំលែកការទទួលខុសត្រូវ ឬក៏ជាការអូសគេឯងឱ្យធ្លាក់ចូល ទៅក្នុងសង្រ្គាមដែលអាមេរិកខ្លួនឯងជាចាប់ផ្ដើម ហើយមិនអាចបញ្ចប់»?
តាមពិតទៅ គេអាចដឹងជាមុនទៅហើយថាចិនមិនមានបំណងយកកងទ័ព និងនាវាចម្បាំងរបស់ខ្លួនទៅប្រថុយនឹងគ្រោះថ្នាក់ ឬក៏ធ្វើឱ្យខូចដល់ទំនាក់ទំនងជាមួយអ៉ីរ៉ង់នោះទេ។ ម្យ៉ាង អ៉ីរ៉ង់ក៏បានប្រកាស ហើយដែរថានឹងកំណត់គោលដៅលើកប៉ាល់ដឹកប្រេងដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកតែប៉ុណ្ណោះ ហើយអនុញ្ញាតឱ្យកប៉ាល់ចិនដឹកប្រេងឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ «វាមិនមែនជាសំណួរដែលពិបាកឆ្លើយទេ។ មិនថាលោក ត្រាំធ្វើ ឬមិនធ្វើទស្សនកិច្ចទៅចិន ក៏ចិននឹងមិនបញ្ជូននាវាចម្បាំងឱ្យទៅចូលរួមក្នុងប្រតិបត្តិការអមដំណើរការពារកប៉ាល់ដឹកប្រេង នោះដែរ»។ នេះជាការលើកឡើងរបស់លោក Ding Long មកពីវិទ្យាស្ថានសិក្សាពីតំបន់មជ្ឈិមបូព៌ា នៃសាកលវិទ្យាល័យ Shanghai International Studies។ លោក Ding បានបន្ថែមថា ការបញ្ជូននាវាចម្បាំងណាមួយរបស់ចិនអាចនឹងត្រូវបានចាត់ទុកថាជាសកម្មភាពចូលរួមក្នុងសង្រ្គាមប្រឆាំងនឹងអ៉ីរ៉ង់ ហើយនេះជារឿងមួយដែលចិនចង់ចៀសវាងបំផុត។ សម្រាប់លោក ស៊ី ជីនពីង ដែលកំពុងប្រឹងប្រែងពង្រឹងតួនាទីរបស់ចិនជាកំពូលមហាអំណាច និងជាមេដឹកនាំពិភពលោក ការយល់ព្រមបញ្ជូននាវាចម្បាំងចិនមានន័យស្មើធ្វើតាមបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក។ នេះជាការយល់ឃើញរបស់លោក Claus Soong ជាអ្នកវិភាគម្នាក់មពីវិទ្យាស្ថាន Mercator សម្រាប់ការសិក្សាពីចិនដែលផ្ដោតលើយុទ្ធសាស្ត្រសកលរបស់ចិន។
បើតាមអ្នកវិភាគរូបនេះ នៅក្រោមទស្សនៈរបស់ប៉េកាំង វាគឺជាសង្រ្គាមរបស់សហរដ្ឋអាមេរិក មិនមែនជាបញ្ហារបស់ចិនឡើយ។ ដូច្នេះការយល់ព្រមបញ្ជូននាវាចម្បាំងតាមការទាមទាររបស់លោក ត្រាំ វាប្រៀបបានដូចជាចិនធ្វើតាមបង្គាប់បញ្ជារបស់លោក ត្រាំ។ ប៉ុន្តែព្រមពេលជាមួយគ្នា ការនៅស្ងៀមមិនធ្វើអ្វីសោះអាចនឹងបំផ្លាញដល់បទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ ប៉េកាំងត្រូវបានគេមើលឃើញថាបានសម្លឹងឃើញកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ ជាឱកាសដើម្បីបន្ធូរបន្ថយសម្ពាធលើចិនក្នុងគ្រាដែលចិនកំពុងដោះស្រាយកំណើនយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់ខ្លួន។ ចិនក៏ចង់ឱ្យសហរដ្ឋអាមេរិកកាត់បន្ថយផងដែរការគាំទ្រដល់តៃវ៉ាន់ បន្ធូរបន្ថយការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យា និងបន្តផ្អាកការយកពន្ធគយដែលលោក ត្រាំបានប្រកាសកាលពីឆ្នាំ២០២៥។
ម្យ៉ាងវិញទៀត ខណៈចិនបានវិនិយោគយ៉ាងខ្លាំងលើថាមពលកកើតឡើងវិញ និងរថយន្ដអគ្គិសនីដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេង និងប្រភពថាមពលពីបរទេស ព្រមទាំងបង្កើនស្ដុកប្រេង នៅមុនសហរដ្ឋអាមេរិក និងអ៉ីស្រាអែលធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ចិននៅតែអាចរងផលប៉ះពាល់ពីការបិទច្រកសមុទ្រ Hormuz។ ដ្បិត៤០ភាគរយនៃប្រេងដែលចិននាំចូលពី មជ្ឈិមបូព៌ាត្រូវឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ លោកស្រី Yun Sun ជានាយកម្មវិធីចិនមកពីមជ្ឈមណ្ឌល Stimson Center បាននិយាយថា «មនុស្សគ្រាប់គ្នា រួមទាំងចិននឹងទទួល ផលចំណេញពីការបើកច្រកសមុទ្រ Hormuz។ ដូច្នេះចិនប្រហែលជាកំពុងព្យាយាមសម្របសម្រួល ឬដាក់សម្ពាធស្ងាត់ៗលើអ៉ីរ៉ង់ឱ្យបើកច្រកសមុទ្រនេះឡើងវិញ»។
តាមលោកស្រី Yun Sun ការប្រឹងប្រែងជួយជំរុញការបើកច្រកសមុទ្រ Hormuz ឡើងវិញអាចនឹងជួយឱ្យទីក្រុងប៉េកាំងកសាងសុច្ឆន្ទៈជាមួយសហរដ្ឋអាមេរិកនៅមុនកិច្ចប្រជុំកើតឡើង ក៏ដូចជាលើកមុខមាត់ចិនក្នុងនាមជាមហាអំណាចប្រកបដោយការទទួលខុសត្រូវ និងជួយដល់ដៃគូរបស់ចិនក្នុងតំបន់ឈូងសមុទ្រ។ ប៉ុន្តែចិនមិនអាចជំរុញ ឬដាក់សម្ពាធលើអ៉ីរ៉ងតែម្ខាងទេ ដោយប៉េកាំងអាចនឹងជំរុញជាលក្ខណៈឯកជនឱ្យសហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រកាសបទឈប់បាញ់។
យ៉ាងណាក៏ដោយ លោក Claus Soong យល់ថាការពន្យារពេលកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ស៊ី ជីនពីងក៏អាចជារឿងល្អសម្រាប់ចិនដែរ។ ពោលគឺប្រសិនបើសង្រ្គាមអ៉ីរ៉ង់បន្តអូសបន្លាយ សម្ពាធនឹងកាន់តែកើនឡើងលើសហរដ្ឋអាមេរិក រីឯចិនអាចប្រើប្រាស់ស្ថានការណ៍បែបនេះ ដើម្បីទាញយកប្រយោជន៍នៅក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក។ សម្រាប់លោក Claus Soong ទាំងចិន និងសហរដ្ឋអាមេរិកសុទ្ធតែមានក្ដីរំពឹងពីកិច្ចប្រជុំកំពូល ប៉ុន្តែវាប្រហែលជាលោក ត្រាំ ដែលចង់ឱ្យកិច្ចប្រជុំកំពូលនេះកើតឡើងខ្លាំងជាងលោក ស៊ី ជីនពីង ដើម្បីបង្ហាញថាលោកជាមនុស្សពូកែខាងសម្រេចបានកិច្ចព្រមព្រៀង៕
-Fresh News-






