Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីសមរភូមិការទូតដ៏សកម្មរបស់រាជរដ្ឋាភិបាលដើម្បីឧត្តមប្រយោជន៍ជាតិ ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន»៖

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែតម្កល់សន្តិភាពជាស្នូលនៃការអភិវឌ្ឍន៍ប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងបង្ហាញពីភាពសកម្មលើសមរភូមិការទូតទាំងក្នុងនិងក្រៅប្រទេស ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដោយផ្សារភ្ជាប់ជាមួយ «កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជន» ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីអង្គទូត និងដៃគូអភិវឌ្ឍន៍ មានដូចជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ និងអនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិកជាដើម ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនិងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ នៅឯក្រសួងការបរទេស ក៏មានជំនួបពិភាក្សាជាបន្តបន្ទាប់ជាមួយអង្គទូត និងអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជាជាដើម ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដោយមិនភ្លេចពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសផលប៉ះពាល់មកលើប្រជាពលរដ្ឋភៀសសឹក។

នៅឯក្រៅប្រទេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលីពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ក្នុងចំណោមកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដែលបានលើកឡើង កិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិក៏ជាប្រធានបទដ៏សំខាន់មួយ ដែលភាគីទាំងពីរបានលើកមកពិភាក្សា។ ប្រមុខការទូតកម្ពុជាក៏បានសម្តែងអំណរគុណអូស្ត្រាលី ចំពោះការបន្តគាំទ្រការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញដល់មន្ត្រីយោធាកម្ពុជា។ ចំណែកឯសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានពិភាក្សាយ៉ាងស៊ីជម្រៅ ហើយកម្ពុជាបានថ្លែងអំណរគុណអូស្ត្រាលីចំពោះការគាំទ្រជំហរដោះស្រាយជម្លោះដោយសន្តិវិធី។

សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចមួយជុំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅប្រទេសសិង្ហបុរី នូវែលសេឡង់ និងអូស្ត្រាលី ស្ថានការណ៍វិវត្តន៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃត្រូវបានពិភាក្សាយ៉ាងស៊ីជម្រៅ ដែលអនុញ្ញាតឱ្យបណ្តាដៃគូសន្ទនាបានយល់ច្បាស់ពីសភាពការណ៍ពិត ក៏ដូចជាជំហរសន្តិភាពនិយមដោយផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា ដែលស្របនឹងការចង់បានរបស់សហគមន៍អន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសទាំងបីខាងលើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកើតឡើងបន្ទាប់ពីដំណើរបេសកកម្មការទូតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុប កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ថ្មីៗនេះ។ ការណ៍នេះបានឆ្លុះបញ្ចាំងពីភាពសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជានៅលើសមរភូមិការទូត ដើម្បីឧត្តមប្រយោជន៍ជាតិ ដោយផ្សារភ្ជាប់ជាមួយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលគឺ «ការការពារបូរណភាពទឹកដីនិងប្រជាជន»។

កាលពីចុងខែកុម្ភៈកន្លងទៅថ្មីៗនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដោយបានសង្កត់ធ្ងន់អំពីសិទ្ធិមនុស្សដែលមិនអាចកាត់ផ្តាច់ចេញបានពីសន្តិភាព ខណៈដែលការអភិវឌ្ឍក៏មិនអាចកាត់ផ្តាច់បានពីសន្តិសុខ។ ចំណែកឯ ក្នុងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ការការពារសិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូរ ត្រូវផ្អែកលើការគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។ ក្នុងន័យនេះ ការបង្កឧបសគ្គរារាំងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលកម្ពុជារាប់ម៉ឺននាក់ទៅកាន់ផ្ទះសម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ គឺជាការប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀត ដែលបានឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC ដើម្បីធានាដំណោះស្រាយត្រឹមត្រូវ យុត្តិធម៌ និងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបន្តបេសកកម្មការទូតសកម្មរបស់ខ្លួនដោយឥតឈប់ឈរ។

កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ!

អត្ថបទទាក់ទង