Grand News Asia Close

វិភាគ​អន្តរជាតិ៖ តើ​សម្ព័ន្ធ​មិត្ត​អាស៊ី​របស់​អាមេរិក នឹង​ត្រូវ​អូស​ចូល​ក្នុង​សង្រ្គាម​អ៉ីរ៉ង់ឬ?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1010
វិភាគ​អន្តរជាតិ៖ តើ​សម្ព័ន្ធ​មិត្ត​អាស៊ី​របស់​អាមេរិក នឹង​ត្រូវ​អូស​ចូល​ក្នុង​សង្រ្គាម​អ៉ីរ៉ង់ឬ? វិភាគ​អន្តរជាតិ៖ តើ​សម្ព័ន្ធ​មិត្ត​អាស៊ី​របស់​អាមេរិក នឹង​ត្រូវ​អូស​ចូល​ក្នុង​សង្រ្គាម​អ៉ីរ៉ង់ឬ?

#Op_Ed

(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានស្នើសុំរឿងមួយពីសម្ព័ន្ធមិត្ត។ នៅបន្ទាប់ពីធ្វើឱ្យទីផ្សារថាមពលក្រឡាប់ចាក់តាមរយៈការវាយប្រហារលើអ៉ីរ៉ង់ ឥលូវនេះ លោកប្រធានាធិបតីអាមេរិក បានទាមទារឱ្យសម្ព័ន្ធមិត្តរបស់អាមេរិកនៅជុំវិញពិភពលោកបញ្ជូនកងកម្លាំងដើម្បីជួយបើកច្រកសមុទ្រ Hormuz។ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១៤ ខែមីនា លោក ត្រាំ ចុចឈ្មោះសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ីក្នុងនោះរួមមានជប៉ុន និងកូរ៉េខាងត្បូងដែលមានឈ្មោះនៅក្នុងបញ្ជីប្រទេសដែលលោកសង្ឃឹមថានឹងបញ្ជូននាវាចម្បាំងទៅកាន់តំបន់ឈូងសមុទ្រ។

មិនតែប៉ុណ្ណោះ សូម្បីតែប្រទេសមិនមែនជាសម្ព័ន្ធមិត្តក៏លោក ត្រាំ ហៅឱ្យជួយផងដែរ នោះគឺចិន។ «ខ្ញុំគិតថាចិនក៏គួរតែចូលរួមជួយផងដែរ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ នៅក្នុង បទសម្ភាសន៍ជាមួយ Financial Times។ មួយថ្ងៃបន្ទាប់មកពីទៀត លោកបានប្រកាសថាមានបំណងពន្យារពេលបើកកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង រយៈពេលមួយខែ ដើម្បីអាចផ្ដោតលើសង្រ្គាមជាមួយអ៉ីរ៉ង់។ តាមក្រុមអ្នកជំនាញជាច្រើន មិនថាលោក ត្រាំ ចង់ ឬមិនចង់បើកកិច្ចប្រជុំកំពូលជាមួយលោក ស៊ី ជីនពីង វាមានភាគរយខ្ពស់ណាស់ថាចិននឹងមិនបញ្ជូន នាវាចម្បាំងតាមការទាមទាររបស់លោក ត្រាំ នោះទេ។ ដូចគ្នាទៅឥណ្ឌា និងតួកគី ចិនត្រូវបានគេជឿជាក់ថាបានទាក់ទងជាមួយអ៉ីរ៉ង់ជាមុន ដើម្បីអាចបន្តនាំចូលប្រេងដែលត្រូវឆ្លងកាត់តាមច្រកសមុទ្រ Hormuz។

ក៏ប៉ុន្តែអ្នកដែលកំពុងប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាក គឺសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់អាស៊ីទៅវិញទេ។ ការគំរាមរបស់អ៉ីរ៉ង់ថានឹងវាយប្រហារលើកប៉ាល់ដឹកប្រេងនៅក្បែរច្រកសមុទ្រ Hormuz បានបង្កការរំខានដល់ការផ្គត់ផ្គង់ថាមពលទៅកាន់អូស្ត្រាលី ជប៉ុន ហ្វីលីពីន កូរ៉េខាងត្បូង និងថៃ។ អ្វីដែលប្រទេសទាំងអស់នេះរឹតតែបារម្ភ គឺខ្លាចថាពួកគេត្រូវបានបង្ខំឱ្យចូលរួមក្នុងសង្រ្គាមអ៉ីរ៉ង់ ជាជម្លោះដែលស្ថិតនៅដ៏សែនឆ្ងាយពីពួកគេ។ ព្រមពេលជាមួយគ្នា អ្វីដែលពួកគេកាន់តែភ័យខ្លាចទៅទៀតនោះ គឺខ្លាចបាត់បង់ការការពារ និងការគាំទ្រពីសហរដ្ឋអាមេរិក ប្រសិនបើពួកគេមិនព្រមធ្វើ តាមការទាមទាររបស់លោក ត្រាំ ឬក៏ធ្វើឱ្យសហរដ្ឋអាមេរិកចាំទុកចិត្តថាពួកគេមិនព្រមជួយ នៅពេលអាមេរិកត្រូវការទេនោះ។

កូរ៉េខាងត្បូងមានអង្គភាពប្រឆាំងចោរសមុទ្រដែលកំពុងធ្វើប្រតិបត្តិការក្នុងឈូងសមុទ្រ Aden។ តែការដាក់ពង្រាយកងកម្លាំងនេះ ឬកងកម្លាំងយោធាដទៃទៀតរបស់កូរ៉េខាងត្បូងទៅកាន់កន្លែងណាមួយ ប្រហែលជាត្រូវឆ្លងកាត់ការយល់ព្រមពីសភាជាមុនសិន ខណៈសាធារណមតិនៅកូរ៉េខាងត្បូងបានចាប់ផ្ដើមជំទាស់ទៅនឹងគំនិតនេះ។ «ការបញ្ជូននាវាចម្បាំងកូរ៉េខាងត្បូង…ប្រៀបដូចជាចល័តយោធា ទៅគាំទ្រសង្រ្គាមឈ្លានពាន»។ នេះបើតាមសហភាពសហព័ន្ធពាណិជ្ជកម្មកូរ៉េខាងត្បូង។ ដោយឡែក សារព័ត៌មានកូរ៉េខាងត្បូង JoongAng ក៏បានបង្ហាញការជំទាស់ផងដែរតាមរយៈអត្ថបទមួយថា «លោក ត្រាំ ជាអ្នកដុតភ្លើង តែបែរជាឱ្យកូរ៉េខាងត្បូងចេញថ្លៃជួយពន្លត់»។ ចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ អូស្រ្តាលីបានបញ្ជូនយន្ដហោះបញ្ជាការ និងគ្រប់គ្រង រួមទាំងមីស៊ីល បំពាក់លើយន្ដហោះចម្បាំងមួយចំនួនទៅកាន់តំបន់មជ្ឈិមបូព៌ា។ តែអូស្ត្រាលីមានការប្រុងប្រយ័ត្នជាខ្លាំងដោយអះអាងថានេះគ្រាន់តែការឆ្លើយតបទៅនឹងកិច្ចប្រឹងប្រែងការពារអេមីរ៉ាតអារ៉ាប់រួមជាទីដែល មានប្រជាជនអូស្ត្រាលីកំពុងរស់នៅ ជាជាងជាការជំរុញសង្រ្គាមរបស់សហរដ្ឋអាមេរិក។

ក្នុងតំបន់អាស៊ី មេដឹកនាំដែលកំពុង ឬនឹងរងសម្ពាធខ្លាំងជាងគេ គឺនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលមានគម្រោងជួបលោក ដូណាល់ ត្រាំនៅឯសេតវិមាន នៅថ្ងៃទី១៩ ខែមីនានេះ ក្រោមក្របខណ្ឌនៃដំណើរទស្សនកិច្ចមួយដែលត្រូវបានគ្រោងទុកនៅមុនសង្រ្គាមផ្ទុះឡើង។ ជប៉ុនមាននាវាដោះមីនដែលអាចចូលរួមចំណែកក្នុងការជួយបើកចក្រសមុទ្រ Hormuz។ តែការស្ទងមតិ បានរកឃើញថា ៧៥ភាគរយនៃប្រជាជនជប៉ុនប្រឆាំងជំទាស់នឹងសង្រ្គាម ហើយកាន់តែស្មុគស្មាញជាងនេះគឺរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុន។ ច្បាប់ដែលត្រូវបានអនុម័ត ក្នុងឆ្នាំ២០១៥ ដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអនុញ្ញាតឱ្យរដ្ឋាភិបាលជប៉ុនចូលរួមក្នុងសកម្មភាព «ស្វ័យការពារជាសមូហភាព» ចេញហួសពីទឹកដីជប៉ុន។ នៅត្រង់នេះ ប្រតិបត្តិការនាវាដោះមីននៅចក្រសមុទ្រ Hormuz កំពុងស្ថិតនៅក្នុងសេណារីយ៉ូដែលត្រូវបានលើកយកទៅជជែកដេញដោលនៅសភាជប៉ុនក្នុងពេលនេះ។

ប៉ុន្តែនៅពេលត្រូវបានជជីកសួរដោយសមាជិសភាបក្សប្រឆាំងនៅពេលនោះ ថាតើជប៉ុននឹងចូលជួយសហរដ្ឋអាមេរិកដែរឬទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបើកការវាយប្រហារមុនណាមួយដែលបង្កទៅជា សង្រ្គាម? លោក Abe បានឆ្លើយថាជប៉ុននឹងមិនចូលរួមទេ។ សម្ព័ន្ធមិត្តអាមេរិកក្នុងតំបនអាស៊ី ប្រហែលជាកំពុងមានអារម្មណ៍ថាពួកគេមានកាតព្វកិច្ចឆ្លើយតបទៅនឹងការអំពាវនាវពីលោក ត្រាំ។ លោក ត្រាំ ធ្លាប់បានគំរាមកំហែងជាយូរមកហើយថានឹងដកកងទ័ពអាមេរិក ឬការគាំទ្រសម្រាប់សម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូង និងជប៉ុន ប្រសិនបើមិនព្រមបង្កើនថ្លៃការពារឱ្យកងទ័ពអាមេរិកដែលកំពុងឈរជើង នៅលើទឹកដីរបស់ពួកគេទេនោះ។ ការគំរាមនេះបានបង្ខំឱ្យសម្ព័ន្ធមិត្តអាស៊ីទាំង២ បង្កើនការចំណាយរាប់ពាន់លានដុល្លារដើម្បីជាថ្នូរបន្តទទួលបានការពារពារសន្តិសុខពីអាមេរិក ហើយថ្មីៗនេះពួកគេ ក៏បានសន្យាចំណាយលុយរាប់ពាន់លានដុល្លារលើការវិនិយោគនៅសហរដ្ឋអាមេរិក ដើម្បីទទួលបានការបន្ធូរបន្ថយពន្ធគយ។ នៅទីបំផុតទៅ ពួកគេបែរជានៅតែត្រូវព្រួយបារម្ភថាកងទ័ពអាមេរិក ឬប្រព័ន្ធអាវុធដែលកំពុងឈរជើងក្នុងតំបន់អាស៊ីអាចនឹងត្រូវបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា។

ជាក់ស្ដែង កងកម្លាំងម៉ារីនអាមេរិកឈរជើងនៅខេត្ត Okinawa ជប៉ុនជាង ២២០០នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា។ លើកចុងក្រោយបំផុតដែលសហរដ្ឋអាមេរិកដកកងទ័ព ឬសព្វាវុធខ្លះៗ ចេញពីតំបន់ប៉ាស៊ីហ្វិក គឺក្នុងឆ្នាំ២០០៤ អំឡុងសង្រ្គាមជាមួយអ៉ីរ៉ាក់។ សហរដ្ឋអាមេរិកក៏ត្រូវបានរាយការណ៍ដែរថាបានបញ្ជូនគ្រាប់មីស៊ីលនៃប្រព័ន្ធការពារដែនអាកាស Patriot និងប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD មួយចំនួនចេញពីកូរ៉េខាងត្បូងឆ្ពោះទៅកាន់មជ្ឈិមបូព៌ា។ ជាការពិតណាស់ ក្រុមអ្នកជំនាញយល់ថាទោះជាគ្មានប្រព័ន្ធ THAAD ក៏សហរដ្ឋអាមេរិកនៅតែមាន សមត្ថភាពកំញើញចិន និងកូរ៉េខាងជើង។ ប៉ុន្តែអ្វីដែលសំខាន់គឺការផ្ទេរប្រព័ន្ធអាវុធទាំងនេះបានបង្កឱ្យមានការសង្ស័យចំពោះការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក។ ជាក់ស្ដែង លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូងបានសម្ដែងការសោកស្ដាយដែលប្រព័ន្ធអាវុធអាមេរិកមួយចំនួនត្រូវផ្ទេរចេញពីប្រទេសរបស់លោក។ គេនៅចាំបានថានៅពេលប្រព័ន្ធ THAAD ត្រូវបានបញ្ជូនទៅដល់ កូរ៉េខាងត្បូង ជាលើកដំបូងក្នុងឆ្នាំ២០១៧ វាបានធ្វើឱ្យចិនក្ដៅក្រហាយជាខ្លាំង និងបានចាត់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទីក្រុងសេអ៊ូល។ កូរ៉េខាងត្បូងតែក្រាញននៀលចង់បន្តរក្សាប្រព័ន្ធ THAAD បើទោះជាត្រូវខាតបង់ប្រយោជន៍សេដ្ឋកិច្ចជាមួយចិនក៏ដោយ។ តែចុងក្រោយប្រព័ន្ធនេះនៅតែត្រូវរើចេញដដែល។

ក្រៅពីនេះ​តៃវ៉ាន់ក៏ប្រហែលជាកំពុងស្ថិតក្នុងស្ថានការណ៍ដ៏លំបាកដែរ។ សហរដ្ឋអាមេរិកមិនមានកាតព្វកិច្ចចងភ្ជាប់ដោយសន្ធិសញ្ញាណាមួយដើម្បីការពារតៃវ៉ាន់នោះទេ។ ប៉ុន្តែបានសន្យាកំញើញចិន តាមរយៈការលក់អាវុធឱ្យតៃវ៉ាន់។ រដ្ឋាភិបាលតៃវ៉ាន់ឥលូវកំពុងព្រួយបារម្ភថាសង្រ្គាមនៅមជ្ឈិមបូព៌ា អាចនឹងពន្យារពេលដល់ការប្រគល់អាវុធមួយចំនួនដែលខ្លួនបានបញ្ជាទិញពីសហរដ្ឋអាមេរិក ជាពិសេសគឺ ប្រភេទអាវុធដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកំពុងត្រូវការដើម្បីប្រយុទ្ធជាមួយអ៉ីរ៉ង់ តួយ៉ាងដូចជាគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធ Patriot។ កាលពីឆ្នាំ២០២២ តៃវ៉ាន់បានយល់ព្រមទិញគ្រាប់មីស៊ីល PAC-3 សម្រាប់ប្រព័ន្ធ Patriot ចំនួន១០០គ្រាប់ ហើយដែលការប្រគល់នឹងត្រូវធ្វើឡើងចន្លោះពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦។ តៃវ៉ាន់ក៏បានបញ្ជាទិញគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS និងប្រព័ន្ធបាញ់រ៉ុក្កែត HIMARS ផងដែរ។

លោក Lee Jae Myung កាលពីសប្ដាហ៍មុន បានចោទសួរទៅកាន់ក្រុមរដ្ឋមន្ត្រីរបស់លោកថា «ប្រសិនបើយើងពឹងផ្អែកលើអ្នកដទៃ (សហរដ្ឋអាមេរិក) តើវានឹងមានរឿងអ្វីកើតឡើងប្រសិនបើ ពួកគេមិនមក ឬមិនអាចជួយពួកយើង? ដូច្នេះយើងត្រូវតែគិតគូរជានិច្ចថាតើយើងនឹងត្រូវធ្វើដូចម្ដេច ប្រសិនការគ្មានការគាំទ្រពីខាងក្រៅ (សម្ព័ន្ធមិត្ត)»៕

-Fresh News-

អត្ថបទទាក់ទង