Grand News Asia Close

វិភាគអន្តរជាតិ៖ អាមេរិក និងអ៉ីស្រាអែលធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួមរងថ្មបាក់ខ្លាំងជាងគេ?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1016
វិភាគអន្តរជាតិ៖ អាមេរិក និងអ៉ីស្រាអែលធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួមរងថ្មបាក់ខ្លាំងជាងគេ? វិភាគអន្តរជាតិ៖ អាមេរិក និងអ៉ីស្រាអែលធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួមរងថ្មបាក់ខ្លាំងជាងគេ?

(វ៉ាស៊ីនតោន)៖ នៅមុនសង្រ្គាមផ្ទុះឡើង អ៉ីរ៉ង់បានព្រមានម្ដងហើយម្ដងទៀតថាការវាយប្រហារណាមួយលើប្រទេសរបស់ខ្លួននឹងបង្កទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។ ទាំងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ក៏ប្រហែលជាមិនជឿនោះដែរ ឬក៏អាចសន្មត់ទៀតផងថាអ៉ីរ៉ង់ឯណាទៅហ៊ានប្រថុយនឹងគ្រោះថ្នាក់នឹងសង្រ្គាមបែបនេះ។ ជាង២សប្ដាហ៍នៃសង្រ្គាមមកនេះ អ៉ីរ៉ង់មិនត្រឹមតែវាយប្រហារលើអ៉ីស្រាអែលប៉ុណ្ណោះទេ តែក៏បានវាយប្រហារលើបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្សដែលមានមូលដ្ឋានទ័ពអាមេរិកផងដែរ។ ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ នោះគឺក្នុងចំណោមប្រទេសអារ៉ាប់ អេមីរ៉ាតអារ៉ាប់រួម បានរងការវាយប្រហារពីអ៉ីរ៉ង់ខ្លាំងជាងគេ។ ដូច្នេះតើហេតុអ្វីទៅបានជាអ៉ីរ៉ង់វាយប្រហារលើអេមីរ៉ាតអារ៉ាប់រួមខ្លាំងជាងគេ?

លោក Fawaz Gerges ជាសាស្ត្រចារ្យផ្នែកទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ London School of Economics បាននិយាយថាទីក្រុងឌូបៃជាចំណុចកណ្ដាលនៃសាកលភាវូបនីយកម្ម។ រីឯ មេដឹកនាំអ៉ីរ៉ង់មើលឃើញថាទីក្រុងឌូបៃគឺជាមូលដ្ឋាននៃប្រព័ន្ធសេដ្ឋកិច្ចសកលលោកខាងលិច។ ម្លោះហើយក្នុងក្រសែភ្នែកអ៉ីរ៉ង់ ការវាយប្រហារមិនត្រឹមតែធ្វើឱ្យឌូបៃ និងអេមីរ៉ាតអារ៉ាប់ជ្រួលច្របល់ប៉ុណ្ណោះទេ តែវាក៏អាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើរផងដែរ។ ក្នុងន័យនេះ ការគិតរបស់មនុស្សជារឿងសំខាន់។ រូបភាពនៃអគ្គិភ័យឆាបឆេះនៅខាងមុខសណ្ឋាគារអន្តរជាតិមួយក្នុងទីក្រុងឌូបៃ ក្រោយរងការវាយប្រហារ ពីអ៉ីរ៉ង់ រួមទាំងការវាយប្រហារនៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ ក្នុងគ្រាដែលជនបរទេស និងភៀវទេសចររាប់ពាន់នាក់បានព្យាយាមចាកចេញពី អេមីរ៉ាតអារ៉ាប់រួម។ អេមីរ៉ាតអារ៉ាប់រួមបានឱ្យដឹងថាមីស៊ីល និងដ្រូនអ៉ីរ៉ង់ជាង៩០ភាគរយត្រូវបានស្ទាក់បំផ្លាញដោយប្រព័ន្ធការពារដែនអាកាស យន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រ ។ ប៉ុន្តែចង់ ឬមិនចង់ ការវាយប្រហាររបស់អ៉ីរ៉ង់បានបង្កផលវិបាកខាងផ្លូវចិត្តរួចទៅហើយ។

យល់ឃើញស្រដៀងគ្នាទៅនឹងលោក Fawaz Gerges លោកស្រី Sanam Vakil មកពីស្ថាប័ន Chatham House បាននិយាយថាដើម្បីបង្កការខាតបង់ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក អេមីរ៉ាតអារ៉ាប់រួមមានកត្តាជាច្រើនដែលទាក់ទាញការវាយប្រហាររបស់អ៉ីរ៉ង់។ លោកស្រីបានពន្យល់ថា «តាមរយៈការវាយប្រហារលើអេមីរ៉ាតអារ៉ាប់រួម អ៉ីរ៉ង់មិនត្រឹមតែកំណត់គោលដៅលើសម្ព័ន្ធមិត្តដ៏សំខាន់មួយ របស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែវាក៏ជាការបញ្ជូនសារមួយដែរថាសូម្បីតែប្រទេសមួយដូចជាអេមីរ៉ាតអារ៉ាប់រួមដែលមានជនបរទេសរាប់លាននាក់រស់នៅ និងមានតួនាទីយ៉ាងសំខាន់ក្នុងហិរញ្ញវត្ថុសកល អាកាសចរណ៍ និងពាណិជ្ជកម្ម ក៏មិនអាចគេចផុតពីការវាយប្រហាររបស់អ៉ីរ៉ង់បាននោះដែរ»។ វិសាលភាពនៃការសងសឹករបស់អ៉ីរ៉ង់ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាជាសញ្ញាមួយបញ្ជាក់ថារបបដឹកនាំអ៉ីរ៉ង់ ចាត់ទុកសង្រ្គាមសព្វថ្ងៃជាការគំរាមកំហែងដល់អាយុជីវិតនៃរបបដឹកនាំរបស់ពួកគេ។

នៅពេលអ៉ីស្រាអែល និងសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥ ការសងសឹករបស់អ៉ីរ៉ង់ធ្វើឡើងនៅក្រោមការដាក់កំហិត ដោយអ៉ីរ៉ង់គ្រាន់តែវាយប្រហារលើ មូលដ្ឋានទ័ពអាមេរិក al Udeid ក្នុងប្រទេសកាតាតែមួយគត់។ លើសពីនេះទៅទៀត ក្រៅពីមានមូលដ្ឋានទ័ពអាមេរិក កត្តាភូមិសាស្ត្រក៏ជាហេតុផលមួយដែលអេមីរ៉ាតអារ៉ាប់រងការវាយប្រហារពីអ៉ីរ៉ង់ច្រើនជាងគេ ដែរ។ អ៉ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម ខណ្ឌចែកគ្នាដោយផ្លូវទឹកត្រឹមចម្ងាយពីគ្នា ១០០គីឡូម៉ែត្រប៉ុណ្ណោះ ហើយនេះមានន័យថាមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់មិនចំណាយពេលយូរឡើយក្នុងការហោះសំដៅទៅរកអេមីរ៉ាតអារ៉ាប់រួម។ «ការពិតមួយដែលមិនអាចប្រកែកបាន គឺអ៉ីរ៉ង់ និងអេមីរ៉ាតរ៉ាប់រួមនៅកៀកនឹងគ្នា។ ដូច្នេះវាជារឿងងាយស្រួលក្នុងការវាយប្រហារលើទីក្រុងឌូបៃ និងអេមីរ៉ាតអារ៉ាប់រួម ជាជាងវាយប្រហារលើបណ្ដាប្រទេសផ្សេងទៀតដូចជាហ្ស៊កដានី ឬអ៉ីស្រាអែល ព្រោះអ៉ីស្រាអែលត្រូវបានការពារដោយប្រព័ន្ធការពារដែនអាកាសមានសមត្ថភាពខ្ពស់»។ នេះជាការលើកឡើងរបស់លោក Gerges។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអេមីរ់ាត់អារ៉ាប់រួម ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈមក អ៉ីរ៉ង់បានវាយប្រហារដោយបាញ់មីស៊ីល និងដ្រូនជាង ១៧០០គ្រាប់ និងគ្រឿងលើ អេមីរ៉ាតអារ៉ាប់រួម។ តួលេខនេះត្រូវបានគេវាយតម្លៃថាអ៉ីរ៉ង់ប្រហែលជាបានបាញ់មីស៊ីល និងដ្រូនលើអេមីរ៉ាត់អារ៉ាប់រួមច្រើនជាងបាញ់លើអ៉ីស្រាអែលដែលបានចូលរួមជាមួយសហរដ្ឋអាមេរិកវាយប្រហារលើអ៉ីរ៉ង់ទៅទៀតផង៕

-Fresh News-

អត្ថបទទាក់ទង