សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃបុណ្យចូលឆ្នាំនឹងបើកឲ្យពលរដ្ឋចូលលេង ឬហាត់ប្រាណនៅព្រលានយន្តហោះចាស់
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានលើកឡើងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងបើកឱកាសឲ្យប្រជាពលរដ្ឋអាចចូលទៅកម្សាន្ត ដើរលេង ឬហាត់ប្រាណនៅតំបន់ព្រលានយន្តហោះចាស់ ក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ និងផ្តល់ទីកន្លែងសម្រាប់សកម្មភាពសាធារណៈជូនប្រជាពលរដ្ឋ។
ការលើកឡើងនេះ បានធ្វើក្នុងឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ពិធីបើកសន្និបាត ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ ខែមីនា ហើយបិទនៅរសៀលថ្ងៃទី៦ ខែមីនានេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំឲ្យគណៈកម្មាការរៀបចំតារាងយន្តហោះភ្នំពេញនេះ ធ្វើមិចសម្រាប់ពេលចូលឆ្នាំនេះបើកឲ្យបងប្អូនចូលទៅកីឡា ទៅកម្មវិធីនៅតារាងហ្នឹង ព្រោះយើងរៀបចំសម្រាប់បម្រុងទី១ និងទី២គឺរៀបចំសម្រាប់បងប្អូនទៅហាត់កីឡាហាត់អី ចឹងពេលចូលឆ្នាំអាចបើកនៅទីនោះ សម្រាប់អ្នកភ្នំពេញដែលអត់ចេញទៅណា»។
ក្នុងន័យនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់ទីតាំងអាកាសយានដ្ឋានចាស់ ឲ្យក្លាយជាកន្លែងសម្រាប់សកម្មភាពសាធារណៈ និងលំហែកាយរបស់ប្រជាពលរដ្ឋ បន្ទាប់ពីមិនមានការប្រើប្រាស់សម្រាប់ជើងហោះហើរទៀត។ ជាពិសេសសម្រាកលំហែកាយ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យប្រពៃណីជាតិសម្រាប់យុវជន និងគ្រួសារដែលចង់ដើរកម្សាន្ត នៅក្នុងបរិយាកាសធំទូលាយ និងមានសុវត្ថិភាព។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ សម្ដេចបន្តថា ការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នេះឡើងគឺ ដើម្បីកុំឲ្យពលរដ្ឋស្រ្តេស និងជួយរំលឹកដល់កងទ័ព និងជនភៀសសឹក។ យ៉ាងណាមិញ សម្ដេចបានណែនាំឲ្យតាមរាជធានីខេត្ត មិនមានការប្រើឡានបាញ់ទឹករាំរែក ហើយលើកទឹកចិត្តពលរដ្ឋឲ្យលេងល្បែងប្រជាប្រិយជំនួសវិញ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលគេស្គាល់ថា «អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង» បានបញ្ឈប់ប្រតិបត្តិការជើងហោះហើរទាំងស្រុង កាលពីអធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីប្រទេសកម្ពុជា បានដាក់ឲ្យដំណើរការជាផ្លូវការនូវ អាកាសយានដ្ឋានអន្តរជាតិតេជោ Techo International Airport ដែលធំជាងគេនៅកម្ពុជា និងនៅចម្ងាយប្រហែល ៣០-៤០ គីឡូម៉ែត្រ ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ជាមួយនឹងការបើកដំណើរការអាកាសយានដ្ឋានថ្មីនេះ ជើងហោះហើរទាំងអស់ ត្រូវបានផ្ទេរទៅកាន់ទីតាំងថ្មី ដើម្បីបង្កើនសមត្ថភាពទទួលភ្ញៀវ និងពង្រឹងវិស័យអាកាសចរណ៍របស់កម្ពុជា៕





