Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះ​សំណាល​ជាមួយ​កម្មករ ក្បែររោងចក្រស៊ីភី ស្រុកអង្គស្នួល ខេត្តកណ្តាល

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 281

CNV:

សំណួរសំណេះសំណាល

សុខសប្បាយទេទាំងអស់គ្នានេះ? ចង់សួរសំណួរពីរបីសិន មុននឹងយើងនិយាយគ្នា។ ចង់សួរថា អ្នកដែលធ្វើ​ការរោងចក្រពេលថ្ងៃ ហើយទៅសំរាកនៅផ្ទះនៅភូមិកំណើតពេលយប់មានប៉ុន្មាន? អ្នកដែលធ្វើការពេលថ្ងៃជួលផ្ទះគេនៅមានប៉ុន្មាន? មើលទៅសឹងប្រហាក់ប្រហែលគ្នា។ ដោយសារស្ថានភាពនៅទីនេះវាកៀកទីក្រុង ហើយម្ខាងទៀត​កៀកជាមួយផ្ទះ ប៉ុន្ដែយ៉ាងណាវាប្រសើរជាងនៅក្នុងទីក្រុងទាំងមូលដែរ។ វាជាចក្ខុវិស័យនៃការដែលយើង​ដោះស្រាយបញ្ហាការងារនៅទីជនបទ។ បើខ្ញុំទៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង តាកែវ ឃើញថាមានចំនួនលើសលប់ដែលពេលថ្ងៃធ្វើការតាមរោងចក្រ ពេលយប់ទៅសំរាកនៅផ្ទះរបស់ខ្លួនវិញ។

អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩មានប៉ុន្មានទៅ? អ្នកដែល​មិនបាន​ចាក់មានប៉ុន្មាន? ខ្ញុំចង់ស្វែងយល់ពីបញ្ហាហ្នឹង ដោយសារយើង​ចាប់ផ្ដើមពីភាពមិនច្បាស់លាស់នៃក្រុមគ្រូពេទ្យតែម្ដង។ ពេទ្យក៏មិនច្បាស់ អ្នកដែលត្រូវធ្វើសម្ភាសន៍ក៏មិនច្បាស់។ មុនពេលចាក់គេត្រូវធ្វើសម្ភាសន៍សិនថាអ្នកឯងមានជំងឺអីខ្លះ? ខ្លះធ្លាប់កើតហឺត ខ្លះធ្លាប់កើតរើម ខ្លះមានបញ្ហា​នេះបញ្ហានោះ ដល់គេមើលក្នុងបញ្ជីទៅថាជំងឺនោះចាក់មិនបានទេ។ នៅពេទ្យទាហានឯទីក្រុងភ្នំពេញប្រហែល ៣០% ដែលគ្រូពេទ្យមិនអនុញ្ញាតចាក់ឲ្យ ប៉ុន្ដែក្រោយមកសម្ដេចពិជ័យសេនា ទៀ បាញ់ បានស្រាវជ្រាវលើរឿងនេះ។ សម្រាប់ជំងឺហឺត គេហាមចាក់តែពេលកំពុង​ហឺតទេ។ បើឈប់ហឺតហើយគឺចាក់បាន។

តើអ្នកដែលធា្លប់ជួបខ្ញុំកាលពីពេលមុនមានប៉ុន្មាន? នាងមួយមានផ្ទៃពោះ កាលជួបលើកមុននៅក្រមុំទេអី? ដូចសួរអម្បាញ់ការបាន ៣ ឆ្នាំ យើងជួបគ្នាមុន ៥ ឆ្នាំ ហើយ ប៉ុន្ដែអស់ទាស់ហើយកូនដំបូងសុទ្ធតែភ្លោះ។

(១) អនុស្សាវរីយ៍កាប់ដីនៅឃុំលំហាច ដូរអង្ករនិងត្រីខកំប៉ុង

ឥឡូវអ្នកណានៅឃុំលំហាច? … ខ្ញុំមានអនុស្សាវរីយ៍នៅឃុំលំហាចកាលពីឆ្នាំ២០០២ នោះ គឺមានគ្រោះរាំងស្ងួត ហើយពេលហ្នឹងទៅបូមទឹកនៅឯឃុំលំហាចនោះ បន្ទាប់ក៏ទៅកាប់ដីនៅឃុំលំហាចហ្នឹង យើងធ្វើប្រព័ន្ធប្រឡាយទឹក ដែលអូសពីរលាំងជ្រៃខាងជើង និងរលាំងជ្រៃខាងត្បូង មកអមផ្លូវជាតិរបស់យើង។ អ្នកលំហាចនោះហើយ ដែលបានស្នើខ្ញុំ។ ​កាលពីពេលនោះ យើងបានប្រើគ្រឿងចក្រផងប្រើកម្លាំងពលកម្មផង។ ខ្ញុំចាំបានថា ពេលនោះដីមួយម៉ែត្រគូប ៤ គីឡូអង្ករ។ ដល់ខ្ញុំចុះកាប់ដីជាមួយប្រជាពលរដ្ឋ ជាពិសេសច្រើនតែស្ដ្រីទៅទៀត គាត់ថាសម្ដេចបើឲ្យតែអង្ករហើយចុះបាន​ម្ហូបអី? ចាប់ផ្ដើមពីទីនោះហើយដែលយើងស្វែងយល់ ហើយបន្ថែមថាមួយម៉ែត្រគូបអង្ករ ៤ គីឡូ ជាមួយត្រីខ ១កំប៉ុង។ អញ្ចឹងបើបាន ៨ ម៉ែត្រគូប បានត្រីខ ២កំប៉ុង ប៉ុន្ដែបើបាន ១០ ម៉ែត្រគូប ត្រូវបានអំបិល​អ៊ីយ៉ូតបន្ថែម។ យើងមានអនុវស្សារីយ៍នៅឃុំលំហាចច្រើន ប៉ុន្ដែមិនបានសេចក្ដីថា ឃុំមួយចំនួនទៀត​មិនបានចូលនោះទេ។

គ្រោងជួបជុំទី២ ឆ្នាំ២០២០ តែក៏ផ្ទុះកូវីដ-១៩ ទើបនឹងបានជួបវិញឆ្នាំ២០២៣នេះ

ថ្ងៃនេះយើងបានជួបជុំគ្នាសាជាថ្មី បន្ទាប់ពីការជួបជុំនៅជុំទី១ ដែលបានធ្វើឡើងនៅឆ្នាំ​២០១៧-២០១៨។ ពូចង់ជួបកម្មករ/ការិនីជុំទី២ ក្នុងឆ្នាំ២០២០។ ប៉ុន្ដែជាអកុសលនៅទូទាំងសកលលោកនិងប្រទេសកម្ពុជា ផ្ទុះឡើងនូវជំងឺកូវីដ-១៩។ ឆ្នាំ២០២០ ក៏កូវីដ-១៩ ២០២១ ក៏កូវីដ-១៩ ២០២២ ក៏កូវីដ-១៩។ ២០២២ ហើយ យើងនៅសល់កូវីដ-១៩ តែវាមិនខ្លាំងទេ។ ២០២១ ចុងឆ្នាំ ធូរស្បើយ ២០២២ ធូរស្បើយ តែមិនអនុញ្ញាតឲ្យមានការជួបជុំគ្នា​ទ្រង់ទា្រយធំទេ។ ដល់ ២០២៣ ហើយយើងនៅមានឧបសគ្គមិនអាចជួបជុំគ្នាបាននៅត្រង់ថា​ រាល់ការជួបជុំគ្នាត្រូវធ្វើតេស្ដ។ ពេលនោះមុនស៊ីហ្គេមយើងបានគិតថា ប្រសិនបើយើងតម្រូវឲ្យមានការធ្វើតេស្ដមុនទស្សនាការចូលបិទចូលបើកស៊ីហ្គេម តើយើងត្រូវប្រើគ្រូពេទ្យប៉ុន្មានពាក់នាក់ និងឧបករណ៍ធ្វើតេស្ដប៉ុន្មានទៅ? អញ្ចឹងយើងក៏លើកចេញនូវការធ្វើតេស្ដមុននឹងមានជំនួបបែបនេះ។ បន្ទាប់ពីការលើកចេញនូវឧបសគ្គនេះ ពូក៏យក​ឱកាសនេះដើម្បីបានជួបកម្មករសាជាថ្មីទៀត។

ក្រោយបោះឆ្នោតបន្ត១០កន្លែងទៀត ដោយជួបលើកចុងក្រោយនៅភ្នំពេញ

សល់ថ្ងៃនេះនិងថ្ងៃស្អែកនឹងត្រូវបញ្ចប់វគ្គទី១។ ទៅបញ្ចប់ស្អែកនៅខេត្តពោធិសាត់។ រឿងរ៉ាវវាអត់ទាន់ចប់ទេ។ ពូបានដាក់ប្រតិទិនការងារហើយ។ ពេលយុទ្ធនាការ​បោះឆ្នោត​នេះខ្ញុំមិនចេញទេ ព្រោះតែមកមានចែកជំនួយអី ហ្នឹងចូលបទទិញសន្លឹកឆ្នោតអីគឺមានបញ្ហា។ ដូច្នេះបានជាយើងពន្យារដល់ថ្ងៃ ២៧កក្កដា មានជំនួប ១០ដងទៀត។ បានដាក់ក្នុងប្រតិទិនការងាររួចហើយ។ ទៅបញ្ចប់នៅឯ​​ភ្នំពេញ។ លើកទី ៩ នៅខេត្តព្រះសីហនុ ព្រោះវាគាប់ជួនចំថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ។ ដាក់រកចំណេញដែរ។ ចង់ឆ្លៀតងូតទឹកសមុទ្រនឹងគេ។ យើងដំណើរការជួបតទៅទៀត។ គោលបំណងនៃការជួបគឺសំខាន់បំផុត​ត្រួតពិនិត្យនូវវឌ្ឍនភាពនៃកិច្ចការដែលយើងបានរួមគ្នាធ្វើក្នុងរយៈពេលកន្លងទៅ តើអនុវត្ដបានបែបណាហើយ​បញ្ហាប្រឈមនៅមានអ្វីទៀត?

(២) នារីខ្មែរឥស្លាមអាចជ្រើសរើសសម្លៀកបំពាក់តាមចិត្ត ដើម្បីសុខដុមនីយកម្មជាតិសាសន៍និងសាសនា

ខ្ញុំមានការរីករាយដោយបានឃើញថាក្នុងជំនួបទី១ យើងបានធ្វើកិច្ចការច្រើន តាំងពីកិច្ចការតូចតាចដល់កិច្ចការធំ។ អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ពាក់ព័ន្ធនឹងមុនពេលជួបមានអ្វី និងក្រោយពេលជួបបានអ្វី? និងបន្ដអនុវត្ដរហូតដល់ពេលនេះ។ បានជួបក្មួយៗឥស្លាមប៉ុន្មាននាក់។ បញ្ហានេះថាតូចក៏បាន​ ប៉ុន្ដែបើនិយាយពីធំក៏ថាបានដែរ។ រឿងភាពមិនច្បាស់លាស់អំពីសម្លៀកបំពាក់។ មិនគ្រាន់តែកម្មករទេ សិស្ស និស្សិតឥស្លាម ដែលចូលរៀនតាមសាលាក៏មានភាពមិនច្បាស់លាស់ផងដែរ។ ប្រទេសមួយចំនួនមិនអនុ​ញ្ញាតឲ្យប្រើសំលៀកបំពាក់ប្រពៃណីរបស់ឥស្លាមទេ ប៉ុន្ដែនៅកម្ពុជា សិស្សនិស្សិតឥស្លាម​ត្រូវបានផ្តល់ជាជម្រើស ចង់ប្រើសម្លៀកបំពាក់ឥស្លាមក៏បាន សម្លៀកបំពាក់ឯកសណ្ឋានរបស់សាលាក៏បាន។ ​នៅតាមរោងចក្រទៀតសោត ចង់ប្រើឯកសណ្ឋានជាកម្មករក៏បាន ចង់ប្រើឯកសណ្ឋានជាឥស្លាមក៏បាន។ ខ្ញុំបានសួរក្មួយៗជាឥស្លាមថា “តើពូនិយាយត្រូវឬអត់ បើគេឃើញកញ្ចឹងក ត្រចៀក គេស្រឡាញ់ ​តើបាបមែនទេ?”។ ឥស្លាមចូលចិត្តឃ្លុំមិនឲ្យគេឃើញកញ្ចឹងកនិងត្រចៀកទេ។ នេះជាការដោះស្រាយមួយក្នុងចំណោមនៃការដោះស្រាយដែលអាចថាជារឿងតូច តែយើងចាត់ទុកថាជារឿងធំ ​ហើយទាក់ទងនឹងសុខដុមនីយកម្មជាតិសាសន៍និងសាសនា ដែលរស់នៅជាមួយគ្នាដោយគ្មានការរើសអើង​។

(៣) គោលនយោបាយសោធននិវត្តន៍ ស្រាយកង្វល់មនុស្សចាស់ ពេលអស់ការងារធ្វើ តើរំពឹងអីឬនរណា?

ទាក់ទងនឹងបញ្ហាធំ  ហើយជាបញ្ហាដែលមនុស្សគ្រប់គ្រប់តែងតែគិត ហើយពូបាននិយាយពីរឿងនេះច្រើនដង​ហើយ តែពូបានជួបជាមួយក្មួយៗជិត ២ ម៉ឺន នាក់នេះ ពូក៏ត្រូវតែនិយាយ។ មនុស្សទាំងអស់មិនថាអ្នកមានអ្នកក្រទេ តែងគិតដល់ពេលចាស់ទៅ។ បើអ្នកដែលខ្វះទ្រព្យសម្បត្ដិ (ឬហៅថាអ្នកក្រទៅចុះ ព្រោះយើងក៏មានប័ណ្ណក្រីក្រដែរ) តែងតែគិតថាពេលអញឈប់ធ្វើការទៅ តើបានអ្នកណាចិញ្ចឹម? បានអីស៊ី។ ហ្នឹងសម្រាប់អ្នកក្រីក្រ។ ប៉ុន្តែសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិវិញ យកឧទាហរណ៍ពូទៅចុះ … ក៏ពូគិតដែរ។ ពិតមែន​តែពូមានទ្រព្យសម្បត្តិ ពូមិនខ្លាចអត់បាយស្លាប់ទេ ក៏ប៉ុន្តែបញ្ហា​ចំណោទគឺ តើកូនមួយណានៅជាមួយយើង? តើចៅមួយណានៅជាមួយយើង? ចិត្តគេបានឬអត់? ពេលហ្នឹងកម្លាំងយើងខ្សោយហើយ។ យើងគិតអំពីបញ្ហាហ្នឹងទៀត។ មនុស្សចាស់ទៅមិនមែនមិនគិតទេ។ រឿងកូនទាស់គ្នា យើងអត់ព្រួយទេ ព្រោះរឿងរបស់ក្រុមពួកឯងកូនចៅ។

ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថាក្រែងលោយើងស្លាប់ទៅ យកឯងទៅដាក់នៅផ្នូរហើយ ស្រាប់តែថ្ងៃក្រោយ​លក់ផ្នូរឯងចោលទៀត។ មានអ្នកខ្លះលក់ផ្នូរឪពុកម្តាយយកដី។ ចំណុចប្រឈមគ្រប់មនុស្សទាំងអស់មិនថាមានឬក្រ ប៉ុន្តែអាចមានអ្នកមានខ្លះ គេមិនបានគិតទេ។ យើងថាកុំទាំងអស់ ស្ទើរតែទាំងអស់តែងតែបារម្ភថា ពេលចាស់ទៅបានអ្នកណា បានប្រាក់ឯណាចិញ្ចឹមខ្លួន។ ពេលចាស់ទៅ កូនមួយណា ចៅមួយណាជួយមើលខ្លួន? ចំណុចនេះត្រូវបានដោះស្រាយ តាមរយៈនៃការដាក់ឲ្យអនុវត្តនូវការចូលនិវត្តរបស់កម្មករ កម្មការិនី ដែលមានប្រាក់សោធននិវត្តដូចមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ។ ចំណុចនេះមិនតូចទេ គឺធំណាស់។ ក្មួយៗសព្វថ្ងៃមានអាយុច្រើនគួរសមហើយ អញ្ចឹងតែងកង្វល់។ ប៉ុន្តែនៅពេលដែលក្មួយៗចាកចេញពីការងារ ក្មួយៗមានប្រាក់ចិញ្ចឹមខ្លួន ដោយមិនពឹងផ្អែកជាមួយនឹងកូនទេ បើកូនគេចិត្តបានអាហ្នឹងវាកាន់តែល្អ វាបន្ថែម។

(៤) ក្រសួងការងារ៖ ឆ្នាំ២០២៤ ជាង ៤ ០០០ នាក់ នឹងត្រូវនិវត្តហើយមានប្រាក់ខែ

បើកូនចិត្តមិនបានទេ ក៏យើងនឹងមានប្រាក់។ ចំណុចនេះ តាមរបាយការណ៍របស់ឯកឧត្តម អ៊ិត សំហេង ឆ្នាំ២០២៤ ខាងមុខនេះ អ្នកដាក់ពាក្យពីឥឡូវ នឹងបានរហូតដល់ជាង ៤ ០០០ នាក់ហើយ ដែលត្រូវចូលនិវត្តហើយមានប្រាក់ខែ។ ទាំងអស់នេះជាចំណុចដែលយើងបានរកឃើញក្នុងដំណាក់កាលនៃជុំទីមួយ។ បើសិនពេលនោះ ដើររបៀបជិះសេះមើលផ្កា ប្រហែលជាមិនអាចមើលឃើញនូវចំណុចអស់ទាំងនេះទេ។ យើងបានរកឃើញតាមរយៈនៃការសន្ទនាជាមួយនឹងអ្នករដ្ឋបាលតាមរោងចក្រ ប្រធានក្រុម ប្រធានផ្នែក ដែលជួបពូនៅទីក្រុងភ្នំពេញ បន្ទាប់ទៅយើងបានចុះស្វែងយល់ប្រហែលជានៅរូបភាពមិនមែនច្រើនពេកទេ។ ពូបានទទួលទានអាហារជាមួយនឹងកម្មករ/ការិនីមិនតិចជាង ៤ដងទេ បើតាមខ្ញុំចាំ ​… ពេលនោះហើយដែលពូឆ្លៀតសួរ។ ពេលខ្លះក្មួយៗកំពុងធ្វើការ ពូក៏ទៅអង្គុយក្បែរឬឈរខ្សឹបសួរ គោលបំណងចង់ដឹងការពិតដែលក្មួយៗអាចប្រាប់មកពូពាក់ព័ន្ធជាមួយនឹងបញ្ហារឿងដែលជាបញ្ហាប្រឈម។

អ្នកពិការបានចេញពីធ្វើការមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ

ថ្ងៃមុន រឿងស្រ្តីមានផ្ទៃពោះចេញមុនម៉ោង ១៥នាទី ពូបានទៅជិតកម្មការិនីម្នាក់ដែលមានផ្ទៃពោះ។ គាត់កំពុងតែអង្គុយដេរ។ មើលទៅគាត់មានផ្ទៃពោះ។ គាត់ថាពិបាកពេលចេញតែម្តង។ ដល់ម៉ោងចេញត្រូវសម្រុកចេញ ដល់ចេញទៅវាប៉ះពាល់សម្រាប់អ្នកមានផ្ទៃពោះ។ ដូច្នេះហើយបានជាបង្កើតឲ្យមានការចេញមុនម៉ោង ១៥ នាទី។ ថ្មីៗកន្លងទៅនេះ យើងក៏បានរកឃើញកម្មការិនីម្នាក់ដូចជានៅព្រៃស្ពឺ មានបំណងនឹងជួបខ្ញុំ ប៉ុន្តែកម្មករច្រើនពេកមិនអាចជួបបាន។ ជាកុសលល្អខាង BTV ធ្វើសម្ភាសន៍ជាមួយគាត់។ គាត់ដាក់ចេញនូវសំណូមពរមក​ ហើយខាង BTV គេបង្ហោះតាម​​ Digital របស់គេ ខាង Telegram របស់គេចេញមក បន្ទាប់ទៅគេផ្សាយតាមទូរទស្សន៍។ កម្មការិនីនោះនិយាយថា គាត់ចង់សំណូមពរដើម្បីឲ្យអ្នកពិការបានចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះ។ យើងក៏ទទួលយកសំណូមពរមកដោះស្រាយ។

(៥) រឿងរ៉ាវទាក់ទងនឹងជីវិតមនុស្សនិងផលប្រយោជន៍ប្រជាជន មិនមែនជាបញ្ហាតូចតាច

អាចអ្នកខ្លះគេថាលោក ហ៊ុន សែន កំប៉ិកកំប៉ុកពេកហើយ តាំងពីរឿងធំរហូតមកដល់តូច តែខ្ញុំមិនគិតដូច្នោះទេ។ រឿងរ៉ាវអ្វីក៏ដោយដែលទាក់ទងជាមួយនឹងជីវិតមនុស្ស រឿងរ៉ាវអ្វីក៏ដោយឲ្យតែទាក់ទងទៅនឹងផលប្រយោជន៍ប្រជាជន មិនមែនជាបញ្ហាតូចតាចទេសម្រាប់ខ្ញុំ។ ដូច្នេះហើយបានជាយើងត្រូវគិត សូម្បីតែឥឡូវនេះចង់សួរមួយម៉ាត់ អ្នកដែលបានកេះនំប៉័ងអស់ប៉ុន្មានអ្នកហើយ សុំលើកដៃមើល? ដូចមិនសូវអស់ច្រើន។ យើងដឹងថាក្មួយៗច្បាស់ជាក្រោកមកទាំងយប់។ អញ្ចឹងអត់បានទទួលទានទេ។ ខាងផ្នែកការរៀបចំត្រូវតែរៀបចំមាននំប៉័ង​ មានទឹកសុទ្ធ មានទឹកក្រូច ដាក់ទៅ។ ក្មួយៗកុំខ្លាចគេថត ឲ្យគេថតយកទៅបញ្ចាំងតាមទូរទស្សន៍ កំពុងទំពានំប៉័ង ទំពាផង ស្តាប់ផង វាមានខុសអី។ កុំថាខ្វះការគួរសម នាយករដ្ឋមន្រ្តីកំពុងតែនិយាយបែរជាឯងនេះទំពាឲ្យគេថតបាន អត់ទេ អាហ្នឹងទៅល្អវិញតើ វាបង្ហាញនូវភាពស្និទ្ធស្នាល។

បង្ហាញកាយវិការដូចជាសមាជិកក្រុមគ្រួសារតែមួយ

ពូអរណាស់ជាមួយនឹងកាយវិការរបស់ក្មួយៗ មិនថានៅកន្លែងនេះ ឬទីកន្លែងផ្សេងទេ វាទៅផុតរវាងនាយករដ្ឋមន្រ្តីជាមួយនឹងប្រជាពលរដ្ឋ ទៅដល់កម្រិតនៃទំនាក់ទំនងរវាងក្រុមគ្រួសារ ដែលក្មួយៗចាត់ទុកពូដូចជាឪពុក ដូចជាឪពុកធំ ដូចជាឪពុកមា ឬដូចជាជីតា។ រឿងនេះ មិនមែនជាបញ្ហាតូចតាចទេសម្រាប់ពូ ក្នុងមួយជីវិតនេះ ទោះបីជាពូឆ្លងជំងឺកូវីដ-១៩ ដែលវាមិនទាន់អស់ វាស័ក្តិសមនឹងកាលះបង់របស់ពូ ពូអត់ខ្លាចទេ។ កន្លងទៅនេះកម្មករមិនតិចជាងពាន់នាក់ទេ ដែលបានឱបពូ ចាប់ដៃពូ ប៉ុន្តែពូអត់ទាន់មានឆ្លងទេ ហើយបើសិនជាឆ្លង វាក៏ស័ក្តិសមនឹងការលះបង់មួយដែលពូត្រូវធ្វើចំពោះកម្មករ/ការិនី និងប្រជាជនកម្ពុជា។

រំលឹកពីនាវា Westerdam

នៅចាំបានទេ? នាវា Westerdam ជាជនជាតិបរទេស ពូបានទៅចាប់ដៃ នៅពេលហ្នឹងនាវា Westerdam នាវាទេសចរណ៍ដ៏ធំ ចូលទៅប្រទេសណាក៏គេមិនឲ្យចូលដែរ។ អញ្ចឹងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទូរស័ព្ទមកក្នុងរង្វង់ប្រហែលជាម៉ោងដប់កន្លះយប់ ពូមិនគិតថាប្រទេសណាជាប្រទេសណា ហើយមិនស្គាល់ថាអា Westerdam ជារបស់អាមេរិកទៅទៀត។ ប៉ុន្តែ ប្រទេសណាក៏ដោយ ពូបានប្រាប់ថាឲ្យនាវានេះចូលឲ្យលឿនបំផុត ព្រោះឮថានៅលើហ្នឹងជិតអស់ម្ហូប ជិតអស់ទឹកសាបទៅទៀត។ ដាក់ចេញនូវបទបញ្ជាថា ប្រសិនបើនៅលើនោះមានអ្នកឆ្លងកូវីដ-១៩ ត្រូវយកឧទ្ធម្ភាគចក្រទៅយកអ្នកកូវីដ-១៩ មកវិញ ដើម្បីកុំឲ្យឆ្លងគេនៅលើនាវា។ គាប់ជួនថ្ងៃនោះ វាចំថ្ងៃទី១៤ ខែកុម្ភៈ ចំថ្ងៃទិវានៃក្តីស្រលាញ់ ពូបានទៅទទួលផ្ទាល់ ពេលនោះឲ្យចុះលើកទី១ គឺ ២២០ នាក់ ពូចាប់ដៃទាំង ២២០ នាក់ ហើយឲ្យផ្កាកុលាបមួយទង បូករួមទាំងក្រុមនាវិកស្អីៗ បម្រើការអីទៀត យើងប្រហាក់ប្រហែលជា ២៥០ នាក់នៃការចាប់ដៃ។

ធ្លាប់ផ្សងព្រេងដ៏គ្រោះថ្នាក់ យកជីវិតធ្វើដើមទុនតស៊ូរំដោះប្រទេស

ពូគិតថាបើសិនជាឆ្លង ក៏វាស័ក្តិសមជាមួយនឹងការលះបង់ដើម្បីជីវិតមនុស្សជាតិដែរ ព្រោះពូធ្លាប់ហើយជាមួយនឹងការផ្សងព្រេងដ៏មានគ្រោះថ្នាក់នោះ។ កាលពីសម័យធ្វើទាហាន ពេលចូលទៅប្រយុទ្ធ អត់ដឹងថាខ្លួនត្រូវគ្រាប់ស្លាប់ឬក៏ត្រូវរបួសទេ។ បន្ទាប់ទៅយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រទេស ហើយក៏យកជីវិតធ្វើដើមទុន ដើម្បីចូលទៅតំបន់ខ្មែរក្រហមកាន់កាប់ធ្វើសមាហរណកម្ម។ ពូគ្មានខ្លាចនឹងត្រឹមតែឆ្លងកូវីដ​-១៩ទេ។ បើសិនជាឆ្លងកូវីដ-១៩ ដោយសារជួបកម្មករដោះស្រាយបញ្ហាគឺវាស័ក្តិសមជាមួយនឹងការលះបង់របស់ពូ។ ពូអត់ខ្លាចទេ។ សូមបញ្ជាក់ណា ពេលនោះមានជំនួបគ្រោងជួបរវាងគណៈប្រតិភូមួយជាមួយនឹងពូ។ គណៈប្រតិភូហ្នឹងគេខ្លាចឆ្លងពីនាយករដ្ឋមន្រ្តី សុំលុបកម្មវិធីហ្នឹងទៅ។ គេថាគេមកមិនទាន់ដោយសារគេមានជំងឺ។ អញ្ចឹង​ទេ បើលុបៗ រហូតតែម្តងទៅ។ អត់ខ្ចីជួប។ ឥឡូវសុំជួបទៀតក៏មិនជួបដែរ។ ហ្នឹងគឺជាការពិត។ ដល់យើងស៊ើបដឹងទៅ គាត់នេះខ្លាចឆ្លងពីឯង។ វាវាស់ថ្ងៃទៅ ពីថ្ងៃដែលយើង(ជួបនាវាWesterdam ទី១៤ កុម្ភៈ) ត្រូវថ្ងៃ២៤ កុម្ភៈត្រូវជួបគណៈប្រតិភូហ្នឹង។ គេលុបចោល។ ដោយសារពេលនោះតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃ ឬ ៣ អាទិត្យ។ សូម្បីតែឥស្សរជនជាន់ខ្ពស់ ក៏គេរើសអើងជាមួយយើងដែរ។ ក៏ប៉ុន្តែសម្រាប់ពូខុសពីហ្នឹង។ អ្នកណាគិតស្អីក៏គិតចុះ។ ឧទាហរណ៍ បើសិនជាក្មួយៗកើតកូវីដ-១៩ ចាត់ទុកថាឆ្លងពីពូទៅចុះ ហើយបើពូឆ្លងកូវីដ-១៩ វិញក៏ចាត់ទុកថាវាជំងឺរបស់ពូ។ កុំថានាយករដ្ឋមន្រ្តីឆ្លងពីកម្មករ។ អត់ទេ។ ពូមិនថាអញ្ចឹងទេ ព្រោះក្រៅពីអ្នក​ឱប អ្នកចាប់ដៃ ក៏នៅអ្នកសុំថើបទៀត។ មានមួយនោះមិញសុំថើបមួយ ដល់ថើបរួចហើយមានថើបមួយណា ថើបដល់ពីរ ហើយថើបបែបគ្រឺតទៀត។ នោះហើយដែលជាទំនាក់ទំនងដែលខ្ញុំនិយាយថាទៅហួសពីអ្វីដែលជាទំនាក់ទំនងរវាងមេដឹកនាំជាមួយប្រជាពលរដ្ឋ គឺស្ថិតនៅក្នុងក្របខណ្ឌឪពុក និងកូន ឪពុកធំ ឪពុកមា ឬជីតា ដែលជាការលើកទឹកចិត្តមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្ត។

កន្លែងនេះរបស់ ឧកញ៉ា ខូវ គីមបាក់ ដែលគាត់ជាអ្នកជួយតាំងពីដំណើរការចរចាសន្តិភាពដំបូងមកម៉្លេះ

ថ្ងៃនេះបានមកកន្លែងលោក ខូវ គីមបាក់។ ឯណាបាក់? ដូចអត់មកទេ។ មិនស្រួលនៅស្រុកបារាំង។ នេះកន្លែងរបស់លោក ខូវ គីមបាក់។ ហ្នឹងដីរបស់គាត់។ ខូវ គីមបាក់ នេះគឺជាអ្នកដែលជួយពូ នៅក្នុងពេលដែលពូទៅចរចាជាមួយនឹងសម្តេចព្រះករុណាបិតានៅឯប្រទេសបារាំង។ មាន ខូវ គីមបាក់ នេះមួយ ក្នុងចំណោមអ្នកដែលចូលរួមជួយ។ ក្រោយមកគាត់ចូលមករកស៊ីនៅស្រុកខ្មែរ គាត់ធ្វើរោងចក្រម្ស៉ៅមី។ គាត់មានដីមានធ្លីអីចឹងទៅ។ ហ្នឹងជាប្រវត្តិរបស់ ខូវ គីមបាក់ ប៉ុន្តែគាត់ក៏មិនដែលមកពឹងយើងឲ្យអន្តរាគមន៍ធ្វើនេះធ្វើនោះទេ។ គាត់មិនខ្វល់នឹងរកអន្តរាគម៍អញ្ចឹងទេ។ ពិតមែនតែគាត់បានជួយតាំងពីដំណើរការសន្តិភាពដំបូង។

​(៦) អនុក្រឹត្យស្តីពីគោលនយោបាយសំរាប់ស្ត្រីមានផ្ទៃពោះ ចាប់អនុវត្តពីថ្ងៃទី១ សីហា ២០២៣ បានចុះហត្ថលេខាហើយ

ពូក៏សុំយកពេលនេះដើម្បីនិយាយបន្តិចទៅលើពាក់ព័ន្ធរឿងក្មួយៗទទួលបាននូវផលប្រយោជន៍បន្ថែម។ ដូច​ដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ហើយ ម្សិលមិញនេះ អនុក្រឹត្យបានចុះហត្ថលេខាហើយ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានរៀបចំអនុក្រឹត្យសម្រាប់អនុវត្តជាមួយនឹងស្ត្រីមានផ្ទៃពោះ សម្រាប់អនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ។ ក្មួយៗនឹងត្រូវទទួលបាននូវផលប្រយោជន៍បន្ថែម ដូចដែលឯកឧត្តម អ៊ិត សំហេង បានលើកឡើង។ ពីមុននេះ ក្មួយៗនិយាយពីផលប្រយោជន៍របស់ក្មួយៗជាកម្មការិនី គឺពាក់ព័ន្ធជាមួយនឹងបញ្ហាឆ្លងទន្លេ។ មុនពេលដែលយើងជួបគ្នា ក្មួយៗបានសម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្សត្រឹមតែ ៥០% ទេ។ (ឧទាហរណ៍)ដូចជាឥឡូវប្រាក់គោលរបស់យើង ២០០ ពេលឆ្លងទន្លេក្មួយបានសម្រាក ៣ ខែ ប៉ុន្តែប្រាក់ខែនៅតែ ១០០។ ដល់ឥឡូវនេះ កន្លងទៅចាប់ពីឆ្នាំ២០១៨ មក ក្មួយៗពេលឆ្លងបានសម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវ​ត្សរ៍ ១២០%។ បើថ្ងៃនេះ ក្មួយៗឆ្លងទន្លេ ក្មួយៗទទួលបានរហូតទៅដល់ ២៤០ ដុល្លារឯណោះ។

ឥឡូវនេះ ក្មួយៗនឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតនៅត្រង់ថា នៅពេលដែលក្មួយៗចាប់ផ្តើមមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះ ៤ ដង ក្នុង ៤ ដង ត្រូវឧបត្ថម្ភ ម្តងគឺ ៨ ម៉ឺនរៀល អញ្ចឹងយើងគុណមើល ៨ ម៉ឺនរៀល ៤ ដង ស្មើនឹង ៣២ ម៉ឺន។ ហើយបើសិនជាដល់ពេលដែលក្មួយឆ្លងទន្លេ នឹងត្រូវបានទទួលការឧបត្ថម្ភចំនួន ៨០ ម៉ឺនរៀល សម្រាប់កូន ១ ប៉ុន្តែបើឡើងកូនភ្លោះ គឺថែមឲ្យ ៤០ ម៉ឺនទៀត ហើយបើភ្លោះ ៣ ក៏បាន ៤០ ម៉ឺនទៀតដែរ ប៉ុន្តែជាទូទៅយើងចាត់ទុកថា ១ ទៅចុះ ប៉ុន្តែអ្នកដែលបាន ២ គឺមិនឡើងឌុបទេ។ បន្ទាប់ពីហ្នឹងទៅ យើងត្រូវផ្តល់ការយកចិត្តទុកដាក់ថែទាំម្តាយ និងកូននេះ ២ ឆ្នាំទៀត គឺត្រូវឧបត្ថម្ភចំនួន ១០ ដង ក្នុង(កូន)ម្នាក់ ៨ ម៉ឺនរៀល (គុណនឹង)១០ ដង (ស្មើនឹង) ៨០ ម៉ឺនរៀល។ ដូច្នេះ ៨០ ម៉ឺន ២ ដង វា ១៦០ ម៉ឺន ថែម ៣២ ម៉ឺន ១៩២ ម៉ឺន ដែលក្មួយៗនឹងទទួលបាននូវផលប្រយោជន៍នេះ នេះជាការគិតគូរខ្ពស់។

(៧) មន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យាជាស្ត្រី នឹងទទួលបានអត្ថប្រយោជន៍ដូចកម្មការិនី

ខ្ញុំសុំយកឱកាសនេះប្រកាសជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យាជាស្ត្រីទាំងអស់ នឹងទទួលបានដូចគ្នា។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អាចរៀបចំអនុក្រឹត្យដោយឡែក ឬក៏អនុវត្តអនុក្រឹត្យហ្នឹងតែម្តង? រៀបចំអនុក្រឹត្យថ្មីមួយទៀត គឺយើងនឹងអនុវត្តដូចគ្នា ព្រោះនៅក្នុងចំណោមគ្រូបង្រៀនរបស់យើង គ្រូពេទ្យរបស់យើង មន្ត្រីជាប់កិច្ចសន្យារបស់យើង ក៏មានក្រមុំៗមួយចំនួនត្រៀមយកប្តី មួយចំនួនទៀតមានប្តី និងមានកូន។ ដូច្នេះទទួលបាននូវការឧបត្ថម្ភ ដែលខ្ញុំសូមប្រកាសចេញពីទីនេះតែម្តង។ ខ្ញុំគិតថា យើងនៅសល់ពេល ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អាចធ្វើឲ្យខ្ញុំបន្តិច។ សុន្ទរកថាសម្រាប់ខានស្អែកនេះ ត្រូវថែមកន្លែងហ្នឹងបន្តិចអំពីគោលនយោ​បាយគាំពារសង្គមរបស់យើង ចំពោះមន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យាជាស្ត្រី គឺត្រូវបានទទួលនូវការឧបត្ថម្ភ។

(៨) ស្ត្រីជាកងទ័ព ស្ត្រីជានគរបាល ទុកពិភាក្សាដោយឡែករវាងក្រ​សួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ជាមួយកងទ័ព និងមហាផ្ទៃ

ឯចំពោះស្ត្រីជាកងទ័ព ស្ត្រីជានគរបាល ក៏នឹងត្រូវទទួលដែរ ក៏ប៉ុន្តែទុកពិភាក្សាដោយឡែករវាងក្រ​សួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ជាមួយនឹងកងទ័ព ជាមួយនឹងមហាផ្ទៃ។ ក្នុងចំណុចនេះ គ្រាន់តែជួស ព្រោះអានោះអត់ទាន់បានប្រកាសទេ អញ្ចឹងត្រូវបន្ថែមត្រង់ហ្នឹងចូលបន្តិចទៅ ព្រោះខ្ញុំបានបញ្ចូលទៅក្នុងត្រៀមអានហើយ ប៉ុន្តែអត់អីទេ បន្ថែមបន្តិចចូលកន្លែងហ្នឹង ដើម្បីយើងឆ្លើយតបជារួម​។ ហើយបើយើងប៉ាន់ស្មានក្នុងមួយឆ្នាំ សម្រាប់អ្នកនៅក្នុងជួរជាមន្ត្រីរាជការ អស់លុយប៉ុន្មានជា ៣ លានដុល្លារតែប៉ុណ្ណឹងទេ។ ដូច្នេះវាមិនច្រើនធំហួសនោះទេ ក្នុងចំណោមកម្មការិនីទេ ដែលត្រូវស្រូបច្រើនជាងគេ ហើយនិងស្ត្រីក្រីក្រ ប៉ុន្តែបើក្នុងមន្ត្រីរាជការ បន្ថែមទាំងកងកម្លាំងប្រដាប់អាវុធទៀត ក៏មិនច្រើន​ប៉ុន្មានដែរ ដែលត្រូវបានទទួល។

រោងចក្រសង់តាមស្តង់ដារ មានកន្លែងទទួលអាហារ និងបំបៅកូន គិលានដ្ឋាន ឲ្យអ្នកកូនខ្ចីចេញមុនម៉ោង

គោលនយោបាយគាំពារសង្គម ត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបជាមួយនឹងបញ្ហាសុខុមាលភាពរបស់ប្រជាជន។ អញ្ចឹងក្មួយៗកាន់តែមានលទ្ធភាព។ មុននេះ គ្រាន់តែនៅស្រុកអង្គស្នួលរបស់យើងនេះ ខេត្តកណ្តាល តើស្ថានភាពដួលសន្លប់នៅតាមរោងចក្រ ធ្លាប់កើតមានទេ? ពិតជាធ្លាប់កើតមាន ដោយសារពេលនោះប្រញិបប្រញាប់។ យើងធ្វើរោងចក្រហើយ កម្មករក៏បើកឲ្យធ្វើការ។ រោងចក្រនោះមិនទាន់ត្រូវតាមស្តង់ដារ ធ្វើឲ្យខ្វះអុកស៊ីសែន បង្កើតឲ្យមានការដួលសន្លប់។ យើងបានកែលម្អវា រហូតទៅដល់បានរៀបចំទីកន្លែងនានា ដើម្បីឲ្យមានកន្លែងទទួលទានអាហារ។ កាលមុននៅតាមរោងចក្រមួយចំនួនដែលទើបនឹងចាប់ផ្តើម កម្មការិនី មកទទួលទានអាហារថ្ងៃត្រង់កណ្តាលថ្ងៃ។ ឥឡូវខ្ញុំគិតថា ការហូបបាយនៅកណ្តាលថ្ងៃវាមិនមានទៀតទេ។ រោង​ចក្រនានាបានកែសម្រួល មានកន្លែងគិលានដ្ឋានសម្រាប់ការពិនិត្យសុខភាពបឋម មានកន្លែងបំបៅកូន ហើយកន្លែងខ្លះកម្មការិនីដែលមានកូនខ្ចីបានម្ចាស់រោងចក្រអនុញ្ញាតឲ្យចេញមុនមួយម៉ោងទៅមើលកូន។

រោងចក្រជាសហគមន៍សុខសាន្ត គ្មានការចែកចាយ/ប្រើប្រាស់គ្រឿងញៀន គ្មានហិង្សា មានជម្លោះត្រូវដោះឲ្យបានឆាប់

នេះគឺជាការយល់គ្នាកាន់តែច្រើន​ … ពីដើមមានក្រុមបងធំទៀត។ បាតុកម្មមានមនុស្សតែ ១០០នាក់ទេ កម្មករក្នុងរោងចក្រមាន ២០០០នាក់។ ពួក ១០០នាក់នេះវាជើងកាងមិនឲ្យគេចូលធ្វើការទៀត។ ឥឡូវពួកធុនហ្នឹងអត់មានទេ។ មេក្លោងវារត់ចោលស្រុក អញ្ចឹងកូនចៅនៅក្នុងស្រុកក៏វាមិនព្រហើនដែរ។ ឃើញរូបភាពហើយ គេមិនព្រមធ្វើបាតុកម្ម វាទៅទម្លាយទ្វារធ្វើបាតុកម្ម ទាញកម្មករឲ្យចេញមកធ្វើបាតុកម្ម ក្នុងពេលដែលកម្មករគេត្រូវធ្វើការ។ នេះជារឿងអតីតកាល។ យើងមិនអាចកែប្រែវាបានទេ។ ក៏ប៉ុន្តែវាជាបទពិសោធន៍មួយសម្រាប់យើង ធ្វើជាម៉ែត្រវាស់ពីការជឿនលឿន ការតម្រង់ទិសការដោះស្រាយសេចក្តីត្រូវការ។ អ្វីដែលពូចង់បានបំផុត គឺធ្វើយ៉ាងម៉េចឲ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ … ធ្វើយ៉ាងម៉េចកុំឲ្យរោងចក្រយើងក្លាយទៅជារោងចក្រដែលមានហិង្សា មានបងតូច បងធំ មានការប្រើប្រាស់គ្រឿងញៀន មានការចែកចាយគ្រឿងញៀន។ ក្នុងករណីដែលមានជម្លោះ ត្រូវដោះស្រាយជាមួយគ្នាឲ្យបានឆាប់។

ជំងឺអេដស៍ត្រូវបានប្រកាសអាសន្នជាថ្មី, បន្តការចាក់វ៉ាក់សាំងដូសបន្តបន្ទាប់ប្រឆាំងកូវីដ១៩

ឥឡូវមានបញ្ហាជំងឺអេសដ៍ ដែលត្រូវតែប្រកាសអាសន្នឡើងវិញ … ជំងឺអេដស៍នៅប្រទេសរបស់យើងធ្លាក់ចុះ ជាមួយនឹងយុទ្ធនាការផ្សេងៗ ដើម្បីគ្រប់គ្រងជំងឺនិងឈានទៅបំបាត់ជំងឺមួយចំនួន រាប់ទាំងជំងឺគ្រុនចាញ់ ឲ្យចប់ក្នុងឆ្នាំ២០២៥។ ប៉ុន្តែបែរជាជំងឺអេដស៍នៅឆ្នាំ២០២២ កើនឡើង ៣០០ករណី ហើយសំដៅទៅរកអ្នកដែលយកភេទដូចគ្នា ប៉ុន្តែមិនមែនភេទស្រីនិងស្រីទេ គឺប្រុសនិងប្រុសយកគ្នា។ អញ្ចឹងសុំឲ្យអ្នកទាំងនោះចេះការពារខ្លួន។ អេដស៍វាមិនទាន់ចប់ទេ ហើយកូវីដ-១៩ ក៏មិនទាន់ចប់ដែរ។ សូមលើកទឹកចិត្តឲ្យក្មួយៗបន្តការយកវ៉ាក់សាំងដូសជំរុញតទៅទៀត។ យើងអត់ទាន់បញ្ចប់នូវការចាក់វ៉ាក់សាំងទេ ភាពស៊ាំវាចាំបាច់ដើម្បីការ​ពារខ្លួន។ ឥឡូវសុំសួរមើល ក្មួយៗចាក់ដូសទី៤ បានប៉ុន្មាននាក់ នៅក្នុងចំណោមនេះ? ស្ទើរតែអស់ទៅហើយ​។ មានដូស​ទី៥ ហើយនៅ? មានខ្លះហើយ។ បានទៅចាក់នៅឯណានឹងគេនោះ? ចាក់ដូសទីប៉ុន្មានក៏ដោយ វាអត់អីទេ ព្រោះកូវីដ-១៩ អត់ទាន់ចប់។ យើងក៏ត្រូវបន្តការការពារខ្លួន ប្រុងប្រយ័ត្ន។ ឯជំងឺអេដស៍ក៏វាអត់ទាន់ចប់ដែរ ផ្ទុយទៅវិញមាននិន្នាការកើតឡើង។ រវាងកូវីដ-១៩ និងអេដស៍ខុសគ្នាត្រង់កូវីដ-១៩ មានថ្នាំការពារ មានថ្នាំព្យាបាល ប៉ុន្តែអេដស៍មានថ្នាំព្យាបាលតែព្យាបាលមិនដាច់ទេ។ កើតអេដស៍ហើយគឺជីវិតនេះវាស្ទើរតែចប់ …។

(៩) រំដោះប្រជាជនពីរបប ប៉ុល ពត បង្កើតសន្តិភាពមក ២៤ ឆ្នាំ មានរយៈកាលវែងជាងដំណាក់កាលសន្តិភាពពីមុនៗ

ដើម្បីឲ្យសហគមន៍សុខសាន្តនេះកើតឡើងបាន យើងត្រូវជំហានសំខាន់ជាងគេ រួមគ្នាការពារសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្មួយៗត្រូវចាំ បើគ្មានសន្តិភាពទេ អ្វីដែលបាននិងកំពុងមាននៅលើទឹកដីកម្ពុជាបច្ចុប្បន្ន មិនអាចកើតមានទេក្មួយ។ ការងារដែលក្មួយមានសព្វថ្ងៃនេះបើគ្មានសន្តិភាព​ទេ គ្មានអ្នកណាមកវិនិយោគក្នុងប្រទេសយើងទេ។ ពេលនោះ យុវជនដែលកំពុងធ្វើការងារនេះនឹងត្រូវជ្រើសរើសយកទៅធ្វើកងទ័ពដើម្បីប្រយុទ្ធនៅសមរភូមិ។ វាជាកាតព្វកិច្ចរបស់ពលរដ្ឋដែលត្រូវធ្វើ។ សង្គ្រាមវាបំផ្លាញ ប៉ុន្តែយើងបានខិតខំរំលត់ភ្លើងសង្គ្រាមនេះ។ ពីមុនយើងបានរំដោះប្រជាជនចេញពីរបប ប៉ុលពត ក្រោយមកយើងបានរួមគ្នាដើម្បីបង្កើតឡើងនូវសន្តិភាពមួយដែលឥឡូវមានអាយុ២៤ឆ្នាំហើយ។ (សន្តិភាពនេះ)មានរយៈកាលវែងជាងដំណាក់កាលដែលមាន(សន្តិភាព)ជាបន្តបន្ទាប់

(១០) ​ខ្មែរពូជអ្នកចំបាំង ឈប់ច្បាំងនឹងកាំភ្លើង ច្បាំងនឹងភាពក្រីក្រ រក្សាសន្តិភាព ធានាការអភិវឌ្ឍ

ខ្មែរយើងពូកែច្បាំងគ្នាណាស់ រហូតដល់ហៅខ្លួនឯងថា «ពូជអ្នកចម្បាំង»។ ឥឡូវយើងត្រូវពូកែច្បាំងនឹងភាពក្រីក្រ ច្បាំងជាមួយនឹងអ្វីដែលវាមិនល្អនៅក្នុងសង្គម ប្រមូលផ្តុំខិតខំច្បាំងជាមួយអាហ្នឹងវិញ។ ច្បាំងធ្វើម៉េចឱ្យឈ្នះភាពក្រីក្រ ច្បាំងយ៉ាងម៉េចដើម្បីធានាការអភិវឌ្ឍ ច្បាំងយ៉ាងម៉េចដើម្បីរក្សាសន្តិភាព ដែលមិនមែនជាការប្រើកាំភ្លើងដើម្បីវាយគ្នានោះទេ។ សូមអំពាវនាវឱ្យថៅកែ ដែលថ្ងៃនេះអរគុណពួកថៅកែ ដែលបានអនុញ្ញាតឱ្យកម្មករ/ការិនី បានមកជួបខ្ញុំនៅព្រឹកនេះ ហើយល្ងាចនេះក្មួយៗនឹងឈប់សម្រាក។ ឥឡូវមានវង់តន្ត្រីមកនៅទីនេះដែរ។ បន្ទាប់ពីនេះទៅក្មួយៗឱ្យគេលេងភ្លេង «ផ្លូវទៅផ្ទះម៉ែក្មេក» រួចហើយអ្នកនៅខាងហ្នុងឡើងទៅរាំនៅលើឆាកហ្នឹងតែម្តងទៅ។ អ្នកណាចេះច្រៀងទៅច្រៀងនៅហ្នឹងទៅ ទាន់មានភ្លេងមកក្បែរ។ មិនបាច់បង្ខំទៅណាទេ ទៅលេងនេះមានអត់មានស្អីទេ យើងបានសម្រាកមួយថ្ងៃនេះ។

ហាមអ្នកប្រើហ្វេកប៊ុកយករឿងសន្តិសុខជាតិមកបង្ហោះ

ពូយប់មិញនេះ ម្ខាងតាមដានដ្រូនវាមកទៀតឬអត់? ស្រាប់តែថាវាអត់មានមកទេ។ ក៏ប្រាប់ទៅ Fresh News ថាយប់នេះបន្ទាប់ពីយើងប្រកាសអាសន្ន ហើយដាក់កាំភ្លើងច្រើន មេបញ្ជាការជើងគោកស្តីទី អគ្គបញ្ជាការរងទាំងពីរនាក់ មួយកាន់សេនាធិការចម្រុះ មួយកាន់មេបញ្ជាការអង្គរក្សដែលកាន់អាវុធ​កាំជ្រួចលើស្មានិងអង្គភាពដទៃទៀត បង្កើនកម្លាំងទៅបាញ់ទម្លាក់ ប៉ុន្តែវាអត់មក។ យើងក៏បានប្រាប់ទៅ Fresh News ឱ្យផ្សាយថាវាអត់ឃើញមកទេល្ងាចនេះ។ វាចង្រៃអី មានហ្វេកប៊ុកពីរបង្ហោះថា ដ្រូនមកដល់ក្រុងបានលុង។ នេះវាមានគិតពីដ្រូននិងយន្តហោះពាណិជ្ជកម្មឯណា? ដល់ពេលស្រែកទៅវាលុបចេញ។ យើងដឹងឈ្មោះ។ អញ្ចឹងត្រូវចេញសារតាមប្រព័ន្ធ Telegram។ ស្រុកខ្មែរគឺជាផ្លូវឆ្លងកាត់នៃយន្តហោះច្រើនណាស់។ ប្រយ័ត្នឃើញយន្តហោះ(ពាណិជ្ជកម្ម) បង្ហោះពីក្រោមឡើងទៅ ធ្លាក់យន្តហោះគេ … ខ្ញុំសូមប្រាប់ផ្តាំផ្ញើអ្នកលេងហ្វេកប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិមកបង្ហោះតាមហ្វេកប៊ុក។ អត់អនុញ្ញាតទេ។ បើគ្មានបទបញ្ជា គ្មានការអនុញ្ញាតពីផ្នែកយោធា មិនអាចលេងសើចទេ។​​ ពេលដែលបង្ហោះចេញផុតទៅស្រាប់តែ នាគទេព បញ្ជូនមកថា ដ្រូនកំពុងតែហោះនៅលើកន្លែងនេះ។ ថាបានពីណា? ប្រាប់វាឱ្យដកចេញ។ រួចហើយមើលទៅបែបមិនស្រួល ព្រោះបង្ហោះចេញហើយគេឃើញ។ អញ្ចឹងទេមានតែចេញសារទៅតែម្តង។ ចេញសារទៅទាំងយប់ … មានយន្តហោះឆ្លងកាត់ប្រទេសយើងទៅប្រទេស(ដទៃ)។ រាល់ដងខ្ញុំទៅប្រទេសវៀតណាម ឬទៅប្រទេសមួយចំនួនឆ្លងកាត់តែម្តុំរតនគិរីហ្នឹង។ ឆ្លងកាត់ម្តុំមុំបីហ្នឹង។

មិនបង្ហោះឬបញ្ជូនព័ត៌មានតាមមធ្យោបាយហ្វេកប៊ុកទេ ទុកមួយឡែកសិន ប្រើ Telegram វិញ

អានេះឃើញយន្តហោះពាណិជ្ជកម្មវាថាដ្រូនដែរ … ម្សិលមិញក៏បានប្រកាសថា ចាប់ពីពេលនេះទៅគឺពូមិនប្រើ ហ្វេកប៊ុក ទៀតទេ។ ពិតមែនតែពូទុក ហ្វេកប៊ុក ប៉ុន្តែពូមិនបង្ហោះ ឬក៏ផ្តល់ព័ត៌មានតាម ហ្វេកប៊ុក ទេ។ ពូងាកមកប្រើ Telegram ដែលពេលបច្ចុប្បន្ននេះមានជាង ៨៥ម៉ឺននាក់។ អ្នកដែលនៅពីលើខ្ញុំគឺមានប្រធានាធិបតី អ៊ុយក្រែន មាន ៩០ម៉ឺននាក់។ ពេលដែលត្រូវការទទួលព័ត៌មានពីនាយករដ្ឋមន្ត្រីគឺត្រូវភ្ជាប់ជាមួយ channel Telegram របស់នាយករដ្ឋមន្ត្រីតែម្ដង​។ តាំងពីម្សិលមក ពីពេលនេះតទៅពូមិនឱ្យបង្ហោះ ឬបញ្ជូនព័ត៌មានណាទៅតាមរយៈហ្វេកប៊ុកទេ។ ទុកវាសិន។ ងាកមកប្រើប្រព័ន្ធ Telegram។ កាលណាចេញតាមប្រព័ន្ធ Telegram សារព័ត៌មាននានាចាប់យកទៅផ្សាយតែម្តង។ ពីមុននេះ ត្រូវ Forward ទៅឱ្យទូរទស្សន៍នេះ ទូរទស្សន៍នោះ។ ឥឡូវ តែចេញប្រូចភ្លាម គេចាប់យកទៅផ្សាយតែម្តង។ ត្រូវចែកជូនទៅដល់មនុស្ស ៨៥ម៉ឺននាក់ភ្លាម ហើយលទ្ធភាពការភ្ជាប់ក្នុងមួយថ្ងៃ ៦ពាន់ ទៅ ៧ពាន់នាក់ រហូតដល់ ១ម៉ឺននាក់ ក្នុងមួយថ្ងៃ វាអាចឈានដល់ទៅលើស ១លាននាក់ ដែលគេអាចមើលបានតាមរយៈការផ្សាយបន្តផ្ទាល់ក្តី … កន្លងទៅយើងត្រូវ ផ្សាយតាមហ្វេកប៊ុកផង ផ្សាយតាម Telegram ផង។ អញ្ចឹងចែករំលែកទៅមើលអាណា? ចំនួនអ្នកមើលតាម Telegram គឺច្រើនជាង។ នៅពេលដែលសុន្ទរកថាបញ្ចប់និងបញ្ចូនសន្ទរកថានេះទៅក្នុង Telegram។

ទើបបង្កើត TikTok នាយករដ្ឋមន្រ្តីមួយ

ក្រៅពីនោះ ក៏ចង់តាមក្មេងៗដែរ បង្កើត Account TikTok ខ្លួនឯង។ ឥឡូវឃើញក្មួយៗ Follow ច្រើន។ យប់មិញ ត្រឹមតែប៉ុន្មាននាទីនៃការបង្កើតទេ​ ៤ ០០០ នាក់​ ចូលមក។ ប៉ុន្តែវាយប់ជ្រៅបន្តិចហើយ។ យប់មិញនេះ នៅរៀន TikTok ហ្នឹងដែរ។ ឯណាតាមដានអានោះផង ឆ្លៀតពេលរៀនអាហ្នឹងផង។ បង្ហោះយ៉ាងម៉េច? រូបថតគេត្រូវបង្ហោះយ៉ាងម៉េច? គេដាក់ភ្លេងវាយចម្រៀងអីចូលទៅក្នុងហ្នឹងអីយ៉ាងម៉េច? ធ្វើស្ទាវបន្តិចមើល! ប៉ុន្តែស្ទាវខាង IT ឌីជីថល។ កន្លងទៅពូមើលដែរ ប៉ុន្តែអត់ដែលបង្ហោះតាមហ្នឹងទេ។ ពូប្រើ Account របស់គេទេ ហើយភ្ជាប់នៅក្នុងទូរស័ព្ទពូ ហើយពូចេះតែបើកមើលរបស់គេទៅ។ តែឥឡូវពូមានរបស់ខ្លួនឯង ហើយដែលបាននឹងផ្សព្វផ្សាយ ចែករំលែក គឺមានអ្នកចូលមក Add គេហៅ Add Friend អញ្ចឹងអី យើងចេះតែចុចទទួល អ្នកណាក៏ទទួលដែរ។ មើលទៅ។ មានគេចូល Comment​ ចូលអីក្នុងហ្នឹង។ យើងក៏អាចឆ្លើយតបទៅក្នុងហ្នឹងបានដូចហ្វេកប៊ុកដែរ។

វាបង្កើតនូវការងាយស្រួលក្នុងការតភ្ជាប់រវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋ។ ខ្ញុំទៅប្រទេសខ្លះ គេអត់លេងហ្វេកប៊ុកទេ។ ដូច្នេះវាត្រូវបាត់ទំនាក់ទំនង។ អញ្ចឹងទេបានជាប្រសិទ្ធភាពនៃ channel Telegram នេះវាខ្ពស់បានជាត្រូវងាកមកប្រើអាហ្នឹង។ ជាមួយគ្នាហ្នឹងពូមានតាំងពី Twitter មានតាំងពី YouTube មានតាំងពី Instagram ឥឡូវថែម TikTok មួយទៀត។ ក្មេងឥឡូវលេង TikTok ច្រើន។ មើលសាកល្បងលេងជាមួយគ្នាមើល។ រករូបថតរូបអី។ យើងចេះតែបង្ហោះទៅ។ យើងក៏អាចទទួលព័ត៌មានត្រឡប់មកវិញ។​​ ឯចំពោះ Telegram របស់ពូក៏អាចបើក។ ពីមុននេះដោយសារវាសាំញ៉ាំពេក ឯណាចូល comment តាមហ្វេកប៊ុកផង ឯណាចូល comment តាម Telegram ផង ក៏បានដកចេញ។ ឥឡូវប្រាប់ Admin ឱ្យបើកសម្រាប់ការចូលcomment ក្នុង Telegram នេះ។ អញ្ចឹងពូក៏អាចទទួលព័ត៌មានពីប្រជាពលរដ្ឋរបស់យើងបានផងដែរ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាពិសេសអ្នកទទួលខុសត្រូវ បើចង់ដឹងថាតំបន់ខ្លួនកើតអ្វី? ទៅភ្ជាប់ Telegram ហើយមើលក្នុង Telegram គេcommentចូលរឿងអី? ជួនកាលគេប្តឹងផ្តល់រឿងនេះ ខេត្តនេះខេត្តនោះ មន្ត្រីនៅកន្លែងនេះមន្ត្រីនៅកន្លែងនោះ គេអាចឆ្លើយតបនៅក្នុងហ្នឹង។

(១១) បើដ្រូនបន្តញាំញី នឹងធ្វើលិខិតទៅអគ្គលេខាធិការសហប្រជាជាតិនិងប្រធានអាស៊ាន

ដោយសារតែអញ្ចឹងក៏វាម៉ោង ១កន្លះ ហើយទើបបានសម្រាក។ ដល់មកភ្ញាក់ៗ ​ម៉ោងមិនទាន់ ៤កន្លះផង។ ៤ ជាងបន្តិច។ ក្រែងលោរយៈពេលហ្នឹង អគ្គបញ្ជាការទ័ពនិងមេប៉ូលីស វាយមកថាមានដ្រូន។ ក្រែងលោដ្រូនវាមកពេលយប់ទៀត។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ដ្រូនធ្វើសកម្មភាពមុនម៉ោង ៩យប់។ យើងត្រូវតែតាមដានឱ្យ​ជាប់ … យើងមានមធ្យោបាយដើម្បីបំផ្លាញដ្រូន។ មកធ្វើអី? ទឹកដីរបស់យើងមិនអនុញ្ញាតឱ្យអ្នកណាមកឈ្លានពានទេ។ ក្រសួងការបរទេសក៏បានចេញសេចក្តីថ្លែងការណ៍ហើយដែរ។ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុន ថា បើសិនជាបន្តទៅទៀត យើងធ្វើលិខិតជូនអគ្គលេខាធិការអង្គការសហប្រជាជាតិតែម្តង។ ឥឡូវក្រសួងការបរទេស ចេញលិខិតមួយតង់។ បើសិនមកទៀត យើងស្នើសុំទៅអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីឱ្យក្នុងផ្នែកណាមួយជួយពិនិត្យមើលរដ្ឋអធិបតេយ្យមួយត្រូវគេបង្ហោះ(ដ្រូន)ដោយគ្មានអត្តសញ្ញាណចូលមកក្នុងស្រុកយើង តើជាអំពើភេរវកម្មទេ? យើងក៏គួរសរសេរទៅកាន់ប្រធានអាស៊ានផងដែរ ដើម្បីថាប្រទេសយើងត្រូវញាំញីទៅដោយដ្រូន ឬយន្តហោះគ្មានមនុស្សបើកមិនដឹងអត្តសញ្ញាណ។ យើងត្រូវធ្វើសកម្ម​ភាពទាំងក្នុងទាំងក្រៅ។ មិនអាចឱ្យអ្នកណាម្នាក់មកប្រើប្រាស់ដ្រូនប្រមាថ(អធិបតេយ្យភាពជាតិបានទេ)។ ជួនកាលពួកភេរវកម្មវាធ្វើសកម្ម​ភាព។ អាស៊ានត្រូវរួមដៃគ្នាធ្វើ(ការសហការ)ដើម្បីគ្រប់គ្រងដ្រូនហ្នឹង។ ក្រែងវាមិនមកវាយស្រុកខ្មែរ វាទៅវាយស្រុកលោកឯងគិតយ៉ាងម៉េច? ដ្រូនឥឡូវអាចសម្លាប់មនុស្សបាន។ វាបើកបុក វាទម្លាក់ វាបាញ់។ ដូចជានៅឌូបៃ មានការសម្លាប់អគ្គបញ្ជាការកងទ័ពរបស់អ៊ីរ៉ង់ ដោយដ្រូនរបស់សហរដ្ឋអាមេរិកជំនាន់ ដូណាល់ ត្រាំម៍។ អញ្ចឹងទេបានជាយើងត្រូវតែហ្មត់ចត់អំពីការការពារអធិបតេយ្យ។

ខេត្តកណ្ដាល ជាប់លេខរៀងទី៣មានរោងចក្រច្រើន

ខ្ញុំសង្ឃឹមថាក្មួយៗនឹងបន្តការខិតខំ រួមគ្នាដើម្បីធ្វើឱ្យប្រទេសជាតិរបស់យើងរុងរឿង។ នៅក្នុងខេត្តកណ្តាលជាខេត្តទី ៣ ដែលមានរោងចក្រច្រើន។ រោងចក្រច្រើនទី១ គឺនៅភ្នំពេញ។ រោងចក្រច្រើនទី២ នៅខេត្តកំពង់ស្ពឺ។ រោងចក្រច្រើនទី៣ នៅខេត្តកណ្ដាល។ ខេត្តកណ្ដាល បើសិនជាប្រឹងច្រើនជាងនេះ ខេត្តកណ្ដាលអាចមានរោងចក្រច្រើនជាង។ ប៉ុន្តែប្រហែលជាក្នុងរយៈពេលកន្លងទៅ ខាងកំពង់ស្ពឺគេមានចំណុចទាក់ទាញច្រើនជាង ហើយវាកៀកនឹងកំពង់ផែ ដែលត្រូវដឹកចេញ​។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងមួយឆ្នាំ ទទួលបាននូវប្រាក់ដែលធ្លាក់នៅទីនេះ ជាង ៤០០លានដុល្លារ គឺមិនតិចទេ។

បើរោងចក្របិទ កម្មករជាអ្នកបាត់បង់ប្រយោជន៍មុនគេ

ការងារទាំងនេះ កុំឱ្យបាត់ ក្មួយ! ការចាប់ផ្ដើមរបស់យើងនៅឆ្នាំ១៩៩៧ រោងចក្រមានជាង ៦០រោងចក្រ ចំនួនកម្មករប្រមាណជាង ៨ម៉ឺននាក់ និងប្រាក់បៀវត្សរៀមច្បងរបស់យើងនៅពេលនោះ បានត្រឹមតែ ៤០ដុល្លារទេ។ ការគាំពារសង្គមនានាបានធ្វើតិចតួចណាស់នៅពេលនោះ។ សភាពការណ៍ពេលនោះផ្ដល់ឱ្យយើងប៉ុណ្ណឹង ប៉ុន្តែឥឡូវនេះ ប្រាក់ឈ្នួលគោលរបស់យើងក៏កើនឡើងរហូតដល់ ២០០ដុល្លារ ហើយមានអត្ថប្រយោជន៍ដទៃទៀត ក៏បានច្រើនជាងហ្នឹង។ បើរោងចក្រត្រូវបិទ អ្នកដែលខូចប្រយោជន៍មុនគេ គឺកម្មករដែលអត់ការងារធ្វើនេះឯង។​ ពួកថៅកែ រោងចក្របិទ គាត់ខាតហើយ ក៏ប៉ុន្តែគាត់មិនដួលរលំរហូតដល់អស់ផ្ទះនៅទេ។ ឯយើងវិញទេ(បាត់បង់ការងារធ្វើ និងប្រាក់ចំណូល)។

បើពុំមានរោងចក្រ ទី១ ធ្វើចំណាកស្រុករកការងារធ្វើ, ទី២ ធ្វើកសិកម្ម សិប្បកម្ម ឬលក់ដូរបន្ដិចបន្ដួច

ក្មួយៗដាក់ចេញជាសំណួរ​ថា បើពុំមានរោងចក្រដែលក្មួយៗកំពុងធ្វើរាល់ថ្ងៃនេះ តើពេលនេះ ក្មួយៗកំពុងធ្វើអ្វី? មានចម្លើយចេញមកតែ ២ទេ៖ ទី១ ក្មួយៗធ្វើចំណាកស្រុកទៅរកការងារធ្វើនៅកន្លែងផ្សេង ដូចជាក្រុងភ្នំពេញ ឬទៅកន្លែងណាដែលមានការងារធ្វើ រហូតធ្វើចំណាកស្រុកទៅប្រទេសក្រៅ។ ហ្នឹងជាចម្លើយទី១ ក្មួយៗអត់នៅហ្នឹងទីកន្លែងនេះទេ គឺនៅកន្លែងផ្សេង។​ ឯចម្លើយទី២ ពេលនេះ ម៉ោងនេះ ក្មួយៗកំពុងធ្វើវិស័យ​កសិកម្ម សិប្បកម្ម ឬការលក់ដូរបន្ដិចបន្ដួច។

ឆ្លងកាត់ការលំបាក និងគេងមិនឆ្អែត តាំងពីអាយុ១៣ឆ្នាំ

ឯកឧត្តម អ៊ិត សំហេង ថា “សូមអភ័យទោសពីរឿងភ្លៀង”។ ខ្ញុំសប្បាយចិត្តវិញទេ។ អម្បាញ់មិញហ្នឹងឃើញថា ខ្ញុំមកតាមឧទ្ធម្ភាគចក្រ ដោយសារតែខ្ញុំមានកិច្ចការត្រូវត្រឡប់ទៅវិញឱ្យបានរហ័ស ព្រោះត្រូវធ្វើដំណើរដូចជាជិត ១ម៉ោង។ ហ្នឹងមានឡាននាំមុខផង។ អម្បាញ់មិញនេះ យើងឃើញកកស្ទះនៅខាងមុខ ដោយសារតែរឿងចូលមិនរួច។ ពិបាកចូល។ អញ្ចឹងមកតាមឧទ្ធម្ភាគចក្រ។ ឃើញយកឡានមួយទៅដឹកខ្ញុំ។ អត់ទេ! ដើរកាត់ភក់។ ប៉ុណ្ណឹងមិនពិបាកសម្រាប់ ហ៊ុន សែន ទេ។ ហ៊ុន សែន ធ្លាប់ពិបាកជាងហ្នឹង។ ធ្លាប់ដើរកាត់ចំការមីន រឿងភក់ប៉ុណ្ណឹងមានអីជាឧបសគ្គ។ ថ្ងៃនេះ មេឃដូចជាចេញមកយកកម្ដៅមកជាមួយតែម្ដង។ អត់មានចាញ់សម្រស់អ្នកណាបន្ដិច។ ឥឡូវមេឃក្ដៅ​ តើមកពីអ្នកណា? ការពិតវាមកពីមេឃនោះឯង វាមិនមែនមកពីយើងទេ គ្មានអ្នកណាទៅទប់មេឃបានទេ។

ល្ងាចនេះ កំពុងតែដាក់ផែនការថា មុនកាត់សក់ ឆ្លៀតពេលវាយកូនគោលបន្ដិច ហាត់ប្រាណឱ្យបានបន្ដិច ព្រោះឥឡូវពោះកាន់តែធំហើយ។ ប៉ុន្តែបានក្មួយៗអោបក្បាលពោះហ្នឹង ពោះហ្នឹងចេះតែស្រកទៅតាមក្មួយៗ។ ទម្ងន់ពីមុន នៅក្រោម ៨៥គីឡូ។ ពីមុនត្រូវហាត់ឱ្យធ្លាក់ថានៅក្រោម ៧២ គីឡូឯណោះ ត្រឹមទម្លាក់ចង់ស្លាប់ចង់រស់។ រួចហើយ ហាត់មួយថ្ងៃៗ ជួនកាលធាក់កង់ចង់ ២ម៉ោង រួចហើយមកស៊ី ធ្វើទន្សាយសុទ្ធ ស៊ីតែបន្លែ។ រួចហើយ គ្រួសារខ្ញុំថា ប្រឹងទៅ! និយាយឡើងខ្សាវៗ។ ឥឡូវអត់ទេ មួយឆ្អែតៗតែម្ដង។ យប់មិញ ធ្វើការជាប់ ដាក់ក្រូចអស់ ៦ផ្លែ។ យប់ម្សិលបានធ្ងន់ ដាក់ក្រូចអស់ ៨ផ្លែហើយ ម៉ោង ១កន្លះ ក្រោកស៊ីនំប្រៃអស់ ៨កញ្ចប់ បានដេកលក់។ បើគិតពីសម្រាក ម៉ោង ១ជាង ភ្ញាក់ម៉ោង ៤ សម្រាកបាន ២-៣ម៉ោង ប៉ុន្តែ ពូប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ដោយសារមនុស្សបានលត់ដំតាំងពីអាយុ ១៣ឆ្នាំ។

ចាប់ពីអាយុ ១៣ឆ្នាំមក មិនដែលស្គាល់នូវអ្វីដែលហៅថា ដេកឆ្អែតទេ។ មូលហេតុអ្វី? ចេញពីស្រុកកំណើតនៅអាយុ ១៣ឆ្នាំ មកធ្វើជាកូនសិស្សលោក។ ឈ្មោះថា កូនសិស្សលោក មិនងាយបានដេកពេញភ្នែកទេ។ ដេកយូរពេក លោកវាយនឹងបន្ទះរនាប ហើយរំពាត់ផ្ដៅ។ ព្រះតេជព្រះគុណខ្លះកាលពីជំនាន់នោះ អត់យល់ក្មេងពិបាកយ៉ាងម៉េចទេ។ ភ្ញាក់ឡើងម៉ោង ៤កន្លះ មើលមេរៀនផង ដាំបបរប្រគេនលោកផង រួចហើយបោសសំរាមផង អញ្ចឹងមិនដែលដេកឆ្អែតទេ។ ដល់អាយុ ១៨ឆ្នាំ ចាប់ផ្ដើមចូលកងទ័ព។ ដែលឈ្មោះថា កងទ័ព កម្របានដេកឆ្អែតណាស់។ បន្តទៅដឹកនាំការតស៊ូ អាហ្នឹងកាន់តែមិនបានដេក។ ដល់បន្ទាប់ទៅ មកទទួលខុសត្រូវការងារនេះ អាហ្នឹងដេកកាន់តែមិនឆ្អែតទៅទៀត។ ដោយសារតែភាពស៊ាំរបស់យើងជាមួយនឹងអត់ងងុយ វាចេះទៅរួច។ នៅនិយាយមានខ្សាវៗ(ឯណា) … ចង់ដោះក្បាលមេក្រូចេញ ក៏នៅនិយាយឮ។ គេថា លោក ហ៊ុន សែន និយាយឮៗ។ បើមិនឱ្យនិយាយឮម៉េច និយាយទាល់តែឮ បើនិយាយមិនចេញផង ទៅធ្វើនាយករដ្ឋមន្រ្តីធ្វើអី ធ្វើមេទ័ពម៉េចកើត។

ថ្ងៃទី២៣ កក្កដា សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នា

យើងរួមគ្នា ថ្ងៃទី២៣ កក្កដា នេះ សូមទៅចូលរួមបោះឆ្នោត។ ក្មួយៗកម្មករ/ការិនី ក៏ដូចជា មន្រ្តីរាជការរបស់យើង នឹងបានឈប់សម្រាករយៈពេល ៣ថ្ងៃ។ ថ្ងៃទី២២ ចេញដំណើរទៅកន្លែងបោះឆ្នោត, ថ្ងៃទី ២៣ បោះឆ្នោត, ថ្ងៃទី២៤ ត្រឡប់មកវិញ។ របបក្មួយៗបានសម្រាកនៅថ្ងៃទី២៣ គឺជាធម្មជាតិ ប៉ុន្តែថ្ងៃទី២២ និងថ្ងៃទី២៤ ក្មួយត្រូវធ្វើការ តែអនុញ្ញាតឱ្យមានការឈប់សម្រាក ដោយមានប្រាក់បៀវត្ស។ បើក្មួយៗខ្លះនៅក្បែរហ្នឹង បោះឆ្នោតក្បែរហ្នឹង ដូច្នេះកាន់តែងាយស្រួល ព្រលឹមឡើងចេញទៅបោះឆ្នោត ត្រឡប់មកវិញដេកអង្អែលពោះប្ដី។ អាហ្នឹងអ្នកមានប្ដីទេ បើអ្នកអត់មានប្ដី គឺ(រឿងផ្សេង)។

ហាមលក់ និងហាមទទួលទានគ្រឿងស្រវឹង នៅមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត

ប៉ុន្តែថ្ងៃហ្នឹង ហាមផឹកស្រា។ តិចថា ថ្ងៃនេះសម្រាក ផឹកមួយស្រវឹង។ អត់ទេ! ថ្ងៃបោះឆ្នោត ហាមផឹកស្រា។ បន្តិចទៀតចេញសារាចរហើយ។ ដូចជាខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតព្រៀងមក? ឬក្រសួងមហាផ្ទៃជាអ្នកព្រៀង “សារាចរហាមលក់គ្រឿងស្រវឹង និងហាមផឹកគ្រឿងស្រវឹងនៅថ្ងៃបោះឆ្នោត”។ ធម្មតា ដូចជាក្រសួងមហាផ្ទៃទទួលយកសំណើពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតមួយ ដែលធ្វើយ៉ាងម៉េចឱ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅបានដោយរលូន … សង្ឃឹមថា ក្មួយៗបានស្ដាប់ឮ ពូបានថ្លែងនៅកន្លែងនេះនៅកន្លែងនោះរួចហើយ។ គ្រាន់តែថ្ងៃនេះ គឺបញ្ជាក់បន្ថែមអំពីផលប្រយោជន៍ដែលមន្រ្តីរាជការជាស្រ្ដី កម្មសិក្សា មន្រ្តីជាប់កិច្ចសន្យាជាស្រ្ដី ទទួលបានផលប្រយោជន៍អំពីការមានផ្ទៃពោះឆ្លងទន្លេ និងរហូតដល់កូនអាយុ ២ឆ្នាំ។ អំពាវនាវឱ្យចូលរួមរក្សាសន្ដិភាព ស្ថិរភាពនយោបាយ និងខិតខំធ្វើយ៉ាងម៉េចឱ្យរោងចក្ររបស់យើង ក្លាយទៅជាសហគមន៍សុខសាន្ត ដែលជាផ្នែកមួយនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព

(១២) សូមកម្មករ/ការិនីមានជំងឺ​ទៅពិនិត្យ/ព្យាបាលជំងឺដោយគ្មានការគិតថ្លៃនៅមន្ទីរពេទ្យ តេជោសន្តិភាព

យប់មិញ បានទទួលពីលោកជំទាវ យក់ សម្បត្តិ … ខ្ញុំជម្រាបជូនចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់នៅទូទាំងកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅភ្នំពេញនិងខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ក្បែរខាង យើងបានកសាងមន្ទីរពេទ្យមួយដែលមានសមត្ថភាពរហូតទៅដល់ ១ម៉ឺនគ្រែ ជាមន្ទីរពេទ្យធំបំផុតក្នុងប្រ​ទេសរបស់យើង។ នៅទីក្រុងភ្នំពេញ មន្ទីរពេទ្យដែលមានទាំងប៉ុន្មាន មានប្រមាណជាង ៥ពាន់គ្រែតែប៉ុណ្ណឹង។ បន្ទាប់ពីបញ្ហាកូវីដ-១៩ នេះ យើងបានកសាងមន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលអ្នកជំងឺ ១ម៉ឺនគ្រែ។​ ពេលដែលមានកូវីដ-១៩ កើតឡើង យើងបានយកទៅដាក់នៅមន្ទីរពេទ្យនេះបន្ដិច មន្ទីរពេទ្យនោះបន្ដិច។ យើងបានខ្ចី(កោះពេជ្រ) រហូតប្រើប្រាស់ស្ដាដអូឡាំពិក​ ធ្វើជាកន្លែងព្យាបាលកូវីដ-១៩។ វិស័យឯកជនផ្ដល់ដូចជា នៅកោះពេជ្រ នៅកន្លែងផ្សេងៗទៀតផ្ដល់ឲ្យយើង។

យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដែលកើតកូវីដ-១៩ ដេកផ្ទាល់ដីទេ គឺមានគ្រែដាក់ទទួល ហើយមានសម្ភារ ជាមុង ជាភួយ ជាកន្ទេល ជាខ្នើយឲ្យ។ មិនថាតែនៅតាមមន្ទីរពេទ្យនៅភ្នំពេញទេ សូម្បីតែនៅតាមព្រំដែនកម្ពុជា-ថៃ ពលករដែលមកពីថៃ យើងក៏រៀបចំកន្លែងធ្វើចត្តាឡីស័ក ចិញ្ចឹមគាត់ បាយបីពេល ជាមួយការបម្រើសម្ភារ ដូចអ្នកនៅទីក្រុងភ្នំពេញដែរ។ ដកពិសោធន៍បែបនេះ យើងបានកសាងមន្ទីរពេទ្យមួយ ដែលមានសមត្ថភាពទទួលអ្នកជំងឺ ១ម៉ឺននាក់។

ឥឡូវ មន្ទីរពេទ្យបានកសាងស្ទើរតែរួចរាល់ហើយ។ យើងចាប់ផ្ដើមឲ្យប្រើប្រាស់។ កម្មករ/ការិនីដែលមានជំងឺសូមទៅមន្ទីរពេទ្យ តេជោសន្តិភាព ទៅពិនិត្យ ឬព្យាបាលជំងឺដោយគ្មានការគិតថ្លៃទេ។ មិនចាំបាច់ដល់ពេទ្យសម្ពោធទេ។ ខ្ញុំបានទៅមើលមន្ទីរពេទ្យនោះហើយ។ អាចថាមន្ទីរពេទ្យធំបំផុតដែលមានសមត្ថភាពដល់ទៅ ១ម៉ឺនគ្រែ។ ប្រទេសនៅអាស៊ីអាគ្នេយ៍ប្រហែលជាមានចំនួនមិនច្រើនទេ។ គេមានដែរ ប៉ុន្តែក្នុងចំណោមអ្នកដែលមាន យើងក៏មានអាធុនធំដែរ។ អញ្ចឹងយើងទទួលការព្យាបាល និងពិនិត្យជំងឺចាប់ពីពេលនេះតទៅ ដែលសុំឲ្យប្រជាពលរដ្ឋដែលថាទៅពេទ្យនេះចង្អៀតទៅពេទ្យនោះចង្អៀត សូមទៅពេទ្យថ្មីនៅទំនប់កប់ស្រូវ។ ធាតុអាកាសល្អណាស់ បើប្រៀបធៀបនឹងមន្ទីរពេទ្យនៅខាងក្នុង(ក្រុង) អានៅខាងក្រៅនោះធាតុអាកាសល្អណាស់។ នេះជាការឆ្លើយតបជាមួយកិច្ចការដែលយើងត្រូវធ្វើសម្រាប់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាពិសេស សុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់យើង។

ប្រើអភិក្រមផ្ការីកក្នុងការចាក់វ៉ាក់សាំងកូវីដ១៩

ដើម្បីក្មួយៗអាចទទួលបានវ៉ាក់សាំង រាជរដ្ឋាភិបាលបានប្រឹងខ្លាំងណាស់ … ឥឡូវក្មួយៗទទួលបានដូសទី៤រួចទៅហើយ ខ្លះទទួលដូសទី៥។ ចាប់ផ្ដើមដំបូង ប្រទេសចិនជួយមកយើង។ យើងទិញពីចិនរហូតទៅដល់ ២៨លាន ៥សែនដូស។ ក្នុងពេលនោះចិនឲ្យយើងត្រឹមតែ ៥លាន ៥សែនដូសទេ។ បន្ទាប់ទៅ បានមានអាមេរិក អង់គ្លេស ជប៉ុន អូស្រ្តាលី ឲ្យមកយើង។ បើយើងមិនដោះស្រាយមុនទេ តើយើងគ្រប់គ្រងកូវីដ-១៩ យ៉ាងម៉េចទៅ? ប្រទេសដទៃគេមានវិធីដោះស្រាយរបស់គេ។ មានវ៉ាក់សាំងហើយ មិនប្រាកដថាមានប្រសិទ្ធភាពទេ។ ប្រទេសខ្លះអនុវត្តខុសពីយើង។ ឯយើងខុសពីគេ។ យើងអនុវត្តតាមរបៀបអភិក្រមផ្ការីក។ ចាក់ស្រោចនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាលជោគជាំ រួចហើយបានចេញទៅបណ្ដាខេត្ត។ ខេត្តហ្នឹងទៀតសោតមិនមែនទៅពង្រាយត្រង់នេះបន្តិចត្រង់នោះបន្តិចទេ គឺស្រុកប៉ុន្មានចាក់ឲ្យជោគនៅកន្លែងហ្នឹងបានទៅស្រុកផ្សេង។

ប្រទេសដទៃគេអនុវត្តតាមរបៀបសមាមាត្រ​ប្រជាជន ឧទាហរណ៍ វ៉ាក់សាំងទទួលបានស្មើនឹង២០%នៃប្រជាជន គេចែកទៅខេត្តនេះ២០% ខេត្តនោះ២០%។ យើងពិនិត្យមើលតើវាកើតទេនូវភាពស៊ាំសហគមន៍? បើ ៨០នាក់អត់បានចាក់ ២០នាក់បានចាក់ តើអ្នកណាខ្លាំងជាងអ្នកណា? ៨០នាក់ច្បាស់ជាខ្លាំងជាងហើយ ២០នាក់អត់មានប្រយោជន៍។ ប៉ុន្តែសម្រាប់យើង ក្មួយៗដែលនៅទីក្រុងភ្នំពេញនិងខេត្តកណ្ដាលគឺបានមុនគេ ប៉ុន្តែ ពេលហ្នឹងពីបណ្ដាខេត្តមកចាក់។ សួរទៅថាអ្នកណាក៏ដោយឲ្យតែព្រមមកចាក់គឺចាក់ឲ្យទៅ។ អញ្ចឹងបានតួលេខនៅភ្នំពេញនិងខេត្តកណ្ដាល(ខ្ពស់ ដោយសារតែ) អ្នកពីកំពង់ស្ពឺ ពីតាកែវមកចាក់នៅកណ្ដាល ពីកំពង់ឆ្នាំងចូលមកកណ្ដាល ពីកំពង់ចាមក៏ចូល ពីព្រៃវែងក៏ចូលមកកណ្ដាល។ ចាក់ទៅសុទ្ធតែប្រជាពលរដ្ឋរបស់យើងទាំងអស់។

មនុស្សចង្រៃ ដំបូងមិនឲ្យចាក់ ក្រោយមករុញមកដណ្ដើមចាក់

បើសិនជាគ្រប់គ្រងមិនបាន មិនដឹងថាក្នុងចំណោម ១៨ ២៥៥ នាក់នេះ តើមានប៉ុន្មាននាក់បានមកជួបពូ ហើយមានប៉ុន្មាននាក់ដែលបានលាចាកលោកដោយសារកូវីដ-១៩? មិនមានជារឿងតូចតាចទេ។ ពេលនោះមានអ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំង ចលនាមិនឲ្យមនុស្សចាក់វ៉ាក់សាំង។ តើគេមានចេតនាអ្វី? ក្រោយមក គេបែរជាជំរុញមនុស្សមកឲ្យចាក់វ៉ាក់សាំង។ គោលដៅគេស្អី? មិនមែនគោលបំណងល្អរុញប្រជាជនមកឲ្យចាក់វ៉ាក់សាំងទេ។ គេដឹងថាយើងខ្វះវ៉ាក់សាំង។ គេរុញច្រានមនុស្សដើម្បីឲ្យមកដណ្ដើមវ៉ាក់សាំង។ ហ្នឹងគឺថាពិតជាចង្រៃមែន។ មនុស្សចង្រៃគឺវាចង្រៃសុទ្ធតែម្ដង។ យើងដឹងឧបាយកលនេះ …។

សូមកុំយករឿងសន្តិសុខជាតិមកលេងសើចលើបណ្ដាញសង្គម

គ្រាន់ផ្ដាំផ្ញើថា មិនមែនខាងផ្នែកស្រាវជ្រាវខាងព័ត៌មានវិទ្យា អ្នកឯងរត់មិនរួចទេ។ ទោះបីដាក់ឈ្មោះក្លែងក្លាយក៏ដោយ។ គ្រាន់តែផ្ដាំផ្ញើ បញ្ហាសន្តិសុខជាតិសូមកុំយកធ្វើជាការលេងសើច។ បើសិនជាខាងកងទ័ពឬនគរ​បាលមិនចេញមុខមកបញ្ជាក់ទេ សុំកុំយករឿងហ្នឹងទៅលេង ព្រោះវាទាក់ទងនឹងសន្តិសុខជាតិ។ សូមឲ្យមានការយោគយល់។ ហ្នឹងជាកាតព្វកិច្ចដែលត្រូវធ្វើ វាមិនមែនភារកិច្ចរបស់អ្នកឯង … ជួនកាលយកពីត្រង់ណាផ្សេងមកដាក់ទៅទៀត។ នៅពេលដែល Fresh News ផ្សាយភ្លាម ខាងនាគទេពរុញទៅថា ហ្វេសប៊ុកបានបង្ហោះ​ ថាឲ្យលុបចេញភ្លាម។ លេងសម្លេងតាម Telegram តែម្ដង។ អញ្ចឹងលុបភ្លាម។ ប្រសិនបើពូបង្ហោះតាមហ្វេសប៊ុកប្រហែលជាយឺតជាងហ្នឹង។ ​អត់បើកមើល។ ដល់ទៅពេលតាម channel Telegram ថាអ្នកទាំងហ្នឹងភ្ជាប់ Telegram ជាមួយយើង គេលុបចេញភ្លាម។ គេជួយប្រាប់គ្នាភ្លាម។ ព្រោះ ៨៥ម៉ឺននាក់ ច្រើនដែរនៅក្នុងប្រទេសកម្ពុជាដែលភ្ជាប់ Telegram ជាមួយនាយករដ្ឋមន្រ្តី។

ពេលដែលយើងបង្ហោះរូបភាពចេញទៅម្ដងៗ គឺមានចំនួនរាប់សិបម៉ឺននាក់ចូលមើលភ្លាម។ ដូច្នេះជាចំនួនមួយដែលច្រើន។ នេះជាហេតុផលដែលពូត្រូវប្ដូរប្រព័ន្ធទំនាក់ទំនងរបស់យើង (ពីហ្វេសប៊ុក មក Telegram)។ ឥឡូវបង្ហោះតាម Telegram របស់ពូនេះ មាន TikTok។ យប់មិញ រៀនបង្ហោះ TikTok ថ្ងៃនេះរៀនទៀត។ អានេះម្យ៉ាងដែរ។ ល្អលេងដែរតើ។ ឡើងដល់ទៅ ៧ ៨២១នាក់ ដែលចូលមក។ យប់មិញបង្កើតយប់ទេ។ អាចថ្ងៃនេះឈានដល់ ១ម៉ឺននាក់ ដែលចូលមក follow។ អ្នកដែលចូលចិត្ត មានចំនួន ៩ ៩៧១នាក់ ហើយអ្នកកំពុងតាមដាន ៣១២ នាក់ ហើយបង្ហោះរូបដាក់ចម្រៀងអីដែរ។ (សម្ដេចបើក TikTok) ឥឡូវចេះអាហ្នឹងមួយទៀត កុំឲ្យចាញ់ក្មេងៗ។ ឥឡូវស្រុកយើងលេង TikTok ច្រើន។

អំណោយជូនអង្គពិធី

ហើយថ្ងៃនេះ ពូបាននាំមកសម្រាប់កម្មករ/ការិនីចំនួន ១៨ ២៥៥ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល តិចតួចទេសម្រាប់ដាក់កាតទូរស័ព្ទទៅ បន្ថែមទៅលើទឹកសុទ្ធ ទឹកក្រូច នំប៉័ង។ ហើយសម្រាប់កម្មការិនីមានផ្ទៃពោះ ចំនួន ៤៩៣ នាក់ ក្នុងម្នាក់ៗថវិកា ២០០ដុល្លារ ថែមទៀតសម្រាប់ក្មួយៗ​។ ជូនគ្រូពេទ្យប្រចាំការអង្គពិធី ៣លានរៀល និងក្រុមតន្រ្តីសម័យ ៥លានរៀល។ ប៉ុន្តែ ចម្លែកមែនទែនតែម្ដង ខ្ញុំនៅតែចម្លែក ត្រង់ថា ភ្នំពេញ និងខេត្តកណ្ដាល កូនតិចណាស់។ ១ម៉ឺន ៨ពាន់ដូចគ្នា ខ្ញុំទៅខេត្តកំពង់ឆ្នាំងអី សុទ្ធតែជាង ៨០០នាក់(មានផ្ទៃពោះ) ឯណោះ។ ហើយបើទៅស្វាយរៀង ជាង២ម៉ឺននាក់ (មានផ្ទៃពោះ) ១ ២០០នាក់ ដល់ឥឡូវមកដល់នេះ អត់ដល់ ៥០០នាក់ផង ម៉េចគិតអត់យកកូនឬយ៉ាងម៉េច? អញ្ចឹងបានអត្រាកំណើនរបស់យើងកន្លែងខ្លះទាប កន្លែងខ្លះខ្ពស់ ទៅតាមការចង់បានរបស់មនុស្ស។ តាមរយៈក្មួយៗផ្ដាំផ្ញើសួរសុខទុក្ខឪពុកម្ដាយ ជីដូនជីតា ហើយអរគុណពួកគាត់ផង ដែលពួកគាត់បានរួមដំណើរជាមួយពូ តាំងពីគ្រាលំបាក រហូតដល់មានក្មួយៗនៅពេលនេះ។ អរគុណពួកគាត់ដែលខាំស្មៅនៅក្នុងប្រទេស ហើយសូមផ្ដាំផ្ញើចំពោះក្មួយៗកម្មការិនីដែលមានផ្ទៃពោះ ថែទាំខ្លួនឲ្យបានល្អ និងជូនពរឲ្យប្រសូតបុត្រាបុត្រីដោយសុវត្ថិភាព និងកូននោះមានភាពវៃឆ្លាត។ សង្ឃឹមថា​ ប្ដីផ្ដល់នូវក្ដីស្រឡាញ់ ហើយមិនយកពេលឆ្លងទន្លេនេះ ទៅរកថ្មីនោះទេ ច្រើនតែអាពេលហ្នឹងដែរ តាមឲ្យជាប់ តែតាមទៅណាឯងរវល់កូនខ្ចី។ ជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ ពិសេសក្មួយៗកម្មករ/ការិនីទាំងអស់នៅទីនេះ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

*******

Selected Comments Samdech Techo Hun Sen,
Conversation with workers near the CP factory, Ang Snoul district, Kandal Province
[Unofficial Translation]


CNV:

(1) Khmer Muslim women can choose either costume

The purpose of the meeting (with worker in the second round) is, most importantly, to monitor the progress of the work we have done together in the past, and how it has been implemented, what challenges remain, or how many Muslim nephews I have met. This problem can be considered either small or big. There had been uncertainty about costumes. It is not just the workers, the Muslim students attending the public schools are also uncertain (of what dress codes to follow) […] in Cambodia, Muslim students are offered the option of wearing either Islamic costumes or school uniforms. In factories, they can use either the uniform as other workers or use their Islamic uniforms […] this is one of the solutions that though it may be a small thing, but we consider it a serious matter and related to the harmonization of race and religion in which people are living together without discrimination […]

(2) Ministry of Labor: in 2024, more than 4,000 people will retire and have a salary

Almost everyone worries that when they get older, from where could they get the money to support their lives. This concern is now being solved as we are implementing the retirement policy for workers, who have pension as civil servants or the Armed Forces. According to the report of Minister of Labor and Vocational Training, HE Ith Sam Heng, in 2024, there will be more than 4,000 applicants who will retire and will have salary. This is the point that we found during the first round (of meetings with workers). Some may say that Hun Sen is paying attention to trivial things […] but I do not think so. Anything related to human life, anything related to the interests of the people is not a trivial issue for me […]

(3) Sub-decree on policy for pregnant women effective August 1, 2023 signed

The Sub-Decree on Additional Benefits for Pregnant Women to be implemented from August 1, 2023, has been signed by Deputy Prime Minister, Minister of Economy and Finance, HE Dr. Aun Porn Moniroth […] before the first round meetings, female workers after delivery, got the three months maternity leave with only 50% of salary […] with this sub-decree going into practice, for the case of pregnancy, delivery, and postpartum, female workers will get additional benefits starting from the time they are pregnant […] giving birth […] postpartum care of mother and child up until two years of age […] of a total amount Riel 1,920,000 (almost 500 USD) […]

I would like to take this opportunity to announce to all civil servants, interns, and contracted female officers that they will receive the same benefits […] in time of pregnancy, delivery, and postpartum care […] HE Aun Porn Moniroth can add this piece on the social protection policy for civil servants, interns, contracted women officers in the speech for the day after tomorrow […] as for women in the army, women in the police, their benefits are left to the discussion separately between the Ministry of Economy, Finance and the Army, and the Ministry of Interior […]

(4) ‘Khmer the warriors” – now fight with poverty, to keep peace, to ensure development

Without peace, what has been happening on Cambodian soil today could not have happened […] no one came to invest in our country […] war is destructive. We have tried to put out the flames of this war. Initially, we liberated the people from the Pol Pot regime, then we came together to establish a peace that is now 24 years old. (This peace) lasts longer than the previous (peace) phase. We Khmers are so good at fighting so they say. We call ourselves “the warrior race.” Now we have to fight poverty, fight with what is not good in society, concentrate and fight with them. We must fight to win poverty, how to ensure development, how to keep the peace, and not to use guns to fight each other […]

(5) Moving to Telegram and creating TikTok account

(I sent out a message) yesterday that from now on I will not post or send any information through Facebook platform. I will keep it aside for now. I will turn to using the platform of the Telegram system. Once news or information comes out through the Telegram system, the media can capture it and publish or broadcast it at once […] besides, I also wanted to follow the youngsters and create my own TikTok account […] last night, just a few minutes after I created the TikTok account, some 4,000 people came in […] it created easiness for the leadership to connect with people. I went to some countries and they do not use Facebook. So, I lost contact there […]

(6) If the drone continues to harass, letters will be written to the Secretary-General of the United Nations and the rotating chairs of ASEAN

A few days ago, the drones were active before 9pm. We have to keep an eye on them […] we have a way to destroy the drones. Why are they coming (into our airspace)? We do not allow anyone to invade our territory. The Ministry of Foreign Affairs has issued a statement. I discussed with Deputy Prime Minister and Minister of Foreign Affairs, HE Prak Sokhonn, that if they continue to come, we will write a letter to the Secretary-General of the United Nations. The Ministry of Foreign Affairs is issuing a letter. If, however, they come again, we will ask the Secretary-General of the United Nations to solicit help from relevant office/section to figure out if such invasion by unidentified reconnaissance aircrafts violates a sovereign state and is an act of terrorism? We should also write to the ASEAN chair informing that our country be invaded by drones or unidentified reconnaissance aircrafts. We need to act both internally and externally. We cannot let anyone to use drones to insult (national sovereignty). Sometimes it is the terrorists act. ASEAN must work together to manage the drone invasion issue. Lest it does not come to attack Cambodia, but go to attack other countries, what do you think? Drones can now kill people. They can hit, drop bombs and shoot […]

(7) Workers can check/get treatment for free at Techo Santepheap Hospital Last night I received (a notification message) from (the Secretary of State of Health) Lok Chumteav Youk Sambath […] I would like to inform people everywhere in Cambodia, especially people living in Phnom Penh, Kandal, Kampong Speu, Kampong Chhnang, that we have built a hospital with 10,000 beds, the largest hospital in the country […] now the hospital construction and preparation is almost complete. We can start using it. Workers can now go to Techo Santepheap Hospital for free examination or treatment […] the hospital is now ready to provide examination and treatment […] and I am asking people to go to the new hospital at Kob Srov dam – where there is very nice weather […]./.

អត្ថបទទាក់ទង