Grand News Asia Close

សេចក្តីប្រកាសព័ត៌មាន របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1029
សេចក្តីប្រកាសព័ត៌មាន របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សេចក្តីប្រកាសព័ត៌មាន របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

 

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានផេកផ្លូវការរបស់យោធា និងបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានផ្សព្វផ្សាយថា ភាគីកម្ពុជាបានប្រើប្រាស់អាវុធបាញ់គ្រាប់បែកខ្នាត ៤០មីលីម៉ែត្រ បាញ់ចូលមកតំបន់ក្បែរចំណុចល្បាតរបស់ភាគីថៃ ចំនួន ១គ្រាប់ នៅវេលាម៉ោង ៨:៥០នាទីព្រឹក នៅទល់មុខភូមិសាស្រ្តគោលប្រាំបី ចាក់ច្រែង ក្នុងខេត្តព្រះវិហារ។

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ហើយអំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមិនពិត ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងការកើនឡើងនូវភាពតានតឹង។

យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា បន្ទាប់ពីឮសម្លេងផ្ទុះ និងសម្លេងបាញ់កាំភ្លើងនៅខាងភាគីថៃ ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និងផ្តល់ព័ត៌មានគ្នាទៅលើករណីនេះរួចរាល់ហើយ និងបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់កងទ័ពភូមិភាគទី២ថៃថា កងកម្លាំងរបស់កម្ពុជាមិនបានបាញ់ដូចការចោទប្រកាន់នោះទេ។

ក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេសការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

ជាមួយគ្នានេះ ក្រសួងការពារជាតិ សូមអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ សូមកុំចែករំលែកនូវព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើ ដោយតាមដាន និងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធរបស់យើង។

ថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
——————

#CambodiaWantsPeace
#JusticeForCambodia

អត្ថបទទាក់ទង