ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC)
ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦
សំណួរទី១៖ តើការអះអាងរបស់ភាគីថៃដែលថា «កម្ពុជាជាអ្នកចាប់ផ្តើមការវាយប្រហារលើគោលដៅជនស៊ីវិលក្នុងប្រទេសថៃ» គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ កម្ពុជាមិនបានចាប់ផ្តើមការវាយប្រហារ ឬបើកការវាយប្រហារលើគោលដៅជនស៊ីវិលក្នុងប្រទេសថៃមុនឡើយ។ ការអះអាងរបស់ភាគីថៃ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាល់តែសោះ។ ជាក់ស្តែង នៅពេលដែលលោក Tom Andrews ជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានចុះទៅពិនិត្យតំបន់ព្រំដែនដោយផ្ទាល់ និងបានរកឃើញថា ផ្ទះប្រជាពលរដ្ឋកម្ពុជាជាច្រើនត្រូវបានរងការខូចខាតដោយការបាញ់ប្រហារ សំណង់ និងឃ្លាំងត្រូវបានបំផ្លាញ ខណៈដែលប្រជាពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនបានដោយសារតែការហាមឃាត់របស់យោធាថៃ។
ដូច្នេះ កម្ពុជាសូមបញ្ជាក់ថា ការចោទប្រកាន់ដែលថា កម្ពុជាជាអ្នកបើកការវាយប្រហារលើជនស៊ីវិលថៃមុន គឺមិនឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងដែលបានកើតឡើងនៅតាមព្រំដែនឡើយ។ អ្វីដែលចាំបាច់ គឺត្រូវពិនិត្យលើការពិត និងសកម្មភាពជាក់ស្តែង ដោយផ្អែកលើច្បាប់អន្តរជាតិ និងផ្តល់អាទិភាពដល់ការការពារជនស៊ីវិល។
សំណួរទី២៖ តើកម្ពុជាយល់យ៉ាងដូចម្តេច ចំពោះការអះអាងរបស់ភាគីថៃ អំពីការស្តារទំនាក់ទំនង និងការអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥?
ចម្លើយ៖ កម្ពុជាស្វាគមន៍រាល់ការបង្ហាញឆន្ទៈក្នុងការស្តារទំនាក់ទំនង និងកាត់បន្ថយភាពតានតឹង ប៉ុន្តែការស្តារទំនាក់ទំនងត្រូវតែអនុវត្តតាមរយៈសកម្មភាពជាក់ស្តែង មិនមែនត្រឹមតែជាការប្រកាសនោះទេ។ ការអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គួរតែផ្អែកលើការគោរពបទឈប់បាញ់ ការជៀសវាងសកម្មភាពបង្កហេតុ និងការធានាឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព។
ចំណុចនេះក៏ស្របនឹងការលើកឡើងរបស់លោក Tom Andrews ដែលបានអំពាវនាវឱ្យកម្ពុជា និងថៃធ្វើការរួមគ្នា ដើម្បីពន្លឿនការវិលត្រឡប់របស់ប្រជាពលរដ្ឋទៅកាន់ផ្ទះរបស់ពួកគេដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងមានស្ថិរភាពយូរអង្វែង។ ដូច្នេះ កម្ពុជាយល់ថា ការអនុវត្តជាក់ស្តែងនូវកិច្ចព្រមព្រៀង និងការដោះស្រាយបញ្ហាតាមយន្តការសន្តិវិធី គឺជាមូលដ្ឋានសំខាន់សម្រាប់ស្តារទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕





