គ្រាប់មិនទាន់ផ្ទុះបន្សល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ បន្ថែមការគំរាមកំហែងយ៉ាងធំធេង
A CMAC deminer cordons off a damaged home which may contain UXOs left over from the recent Thailand-Cambodia conflict. CMAC
#ព័ត៌មានជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ការគំរាមកំហែងពីមីននិងសំណល់ជាតិផ្ទុះនៅមានភាពធំធេង ដែលបន្ថែមដោយការរំលោភបំពានដោយយោធាថៃលើដែនអធិបតេយ្យរបស់កម្ពុជា ដូចជាការប្រើប្រាស់គ្រាប់បែកចង្កោម និងគ្រាប់ផ្លោងជាដើម ដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
នៅក្នុងលិខិតរបស់លោកសម្រាប់ទិវាយល់អំពីមីនលើកទី២៧ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ កុម្ភៈនេះ លោក ហ៊ុន ម៉ាណែត ថ្លែងថា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ កម្ពុជាបានបោសសម្អាតផ្ទៃមានមីន និងគ្រាប់មិនទាន់ផ្ទុះ ដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល សាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងផ្លូវថ្នល់ជាដើម។ ក្នុងរយៈពេល ៣៣ឆ្នាំនេះ កម្ពុជារកឃើញមីនប្រឆាំងមនុស្សចំនួន ១ ២០៧ ១៣៣គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៦ ៧០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២៤៤ ១៧៨គ្រាប់។ គ្រឿងផ្ទុះទាំងនេះត្រូវបានបំផ្លាញចោល។
លទ្ធផលនេះ ធ្វើឲ្យចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៣៩នាក់ ក្នុងឆ្នាំ២០២៥។ លោកថា ផ្ទៃដីរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅមាន ច្រើនគីឡូម៉ែត្រការ៉េទៀតដែល មិនទាន់បានបោសសម្អាតរួច ហើយក៏នៅមានផ្ទៃដីដែលសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ។
បន្ថែមលើកិច្ចប្រឹងប្រែងក្នុងស្រុក កម្ពុជាក៏បានចូលរួមការរក្សាសន្តិភាពនៅប្រទេសជាច្រើន ដែលគិតពីឆ្នាំ២០០៦ មកទល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ១០ ៤៤៧នាក់ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗ រួមទាំងការងារបោសសម្អាតមីននៅប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក។
លោកថ្លែងថា៖ «ជាអកុសល ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានទទួលរងគ្រោះធ្ងន់ធ្ងរពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយ យោធាថៃបានរំលោភបំពានមកលើអធិបតេយ្យភាពជាតិកម្ពុជា និងបានប្រើប្រាស់គ្រាប់បែកចង្កោម គ្រាប់ផ្លោង គ្រាប់ទម្លាក់ និងគ្រាប់ផ្សេងទៀត ដែលបានបំផ្លិចបំផ្លាញលំនៅឋាន ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបុរាណ និងបានបង្ខំឱ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវជម្លៀស ទៅកាន់ទីតាំងសុវត្ថិភាព»។
លោកបន្តថា៖ «គ្រាប់ទាំងនោះ មានមួយចំនួននៅមិនទាន់ផ្ទុះ និងស្ថិតនៅរាយប៉ាយជាច្រើនទីតាំង ដែលអាចបណ្តាលឱ្យផ្ទុះនិងបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ ជាក់ស្តែង កន្លងមកនេះ មានករណីប្រជាពលរដ្ឋស៊ីវិល បានទទួលរងគ្រោះស្លាប់ និងរបួស ដោយសារគ្រាប់បែកចង្កោមដែលនៅសេសសល់ទាំងនោះ»។
លោកថា គ្រាប់មិនទាន់ផ្ទុះបន្សល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យការគំរាមកំហែងនៅមានទំហំធំធេង ដែលទាមទារឱ្យ រាជរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅ «ឆ្ពោះទៅរកកម្ពុជា មួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។
សម្រាប់ការងារបន្តទៅមុខ លោក ហ៊ុន ម៉ាណែត ប្រាប់ឲ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធបន្តការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជាគ្រាប់បែកចង្កោមជាដើម។ លោកស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងរាយការណ៍ចំពោះគ្រាប់មិនទាន់ផ្ទុះ។
លោកក៏ស្នើដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសប្បុរសជន សហការជាមួយអាជ្ញាធរមីន និងបន្តគាំទ្រដល់សកម្មភាពខាងលើ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងកសាងអនាគតរុងរឿងរបស់ប្រជាពលរដ្ឋ៕
-Phnom Penh Post-
———————
អ្នកដោះមីនពីអង្គភាពស៊ីម៉ាក់ កំពុងស្រាវជ្រាវនិងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះបន្សល់ពីជម្លោះកម្ពុជា-ថៃ។ CMAC





