Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 1008
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនជនរួមជាតិជ្រាបអំពីការបន្តយកចិត្តទុកដាក់ខ្ពស់របស់អាស៊ានលើការសម្របសម្រួលដោះស្រាយបញ្ហាកម្ពុជា-ថៃ៖

នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន បានដឹកនាំគណៈប្រតិភូមួយក្រុមមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីពិនិត្យមើលស្ថានការណ៍វិវត្តន៍នៅតាមព្រំដែន និងត្រៀមទទួលតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីម៉ាឡេស៊ីក្នុងការសម្របសម្រួលដោះស្រាយបញ្ហាកម្ពុជា-ថៃ។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ Romeo S. Brawner Jr បានអញ្ជើញចុះទៅពិនិត្យមើលដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និងត្រៀមស្ដាប់បទបង្ហាញពីក្រុម AOT។ មុននឹងបំពេញបេសកកម្មពិនិត្យមើលស្ថានការណ៍ពិតនៅតាមជាយដែន អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំយោធាកម្ពុជាមួយចំនួនទៀត។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានជម្រាបជូនអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន និងគណៈប្រតិភូជ្រាបអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ហើយសម្តេចជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនបានបញ្ជាក់ថា ហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយអព្យាក្រឹត្យសំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរក៏ដូចជាសម្រាប់តំបន់ទាំងមូល។ នៅឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក៏បានបញ្ជាក់ដែរថា ហ្វីលីពីនបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានគោរពយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ទាំងនេះគឺជាសំឡេង ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ និងក៏ជាសារដែលបញ្ជាក់ថា អាស៊ានបន្តយកចិត្តទុកដាក់ខ្ពស់លើការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនថា ក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៥ ម៉ាឡេស៊ី បានខិតខំសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃយ៉ាងសកម្ម ដោយសម្រេចបានលទ្ធផលធំៗជាច្រើនក្នុងនោះមានដូចជា កិច្ចព្រមព្រៀងឈប់បាញ់ពីរលើកនិងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពមួយលើក ក្រោមការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីសហរដ្ឋអាម៉េរិក និងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ម៉ាឡេស៊ីក៏បានសម្របសម្រួលបញ្ហាជាច្រើនទៀត ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជាថៃ។

ដើមឆ្នាំ២០២៦នេះ ហ្វីលីពីន ក្នុងនាមប្រធានប្តូរវេនអាស៊ានបានបង្ហាញពីភាពសកម្ម និងការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការសម្របសម្រួលដោះស្រាយបញ្ហាកម្ពុជា-ថៃ ជាពិសេសការត្រៀមខ្លួនទទួលតួនាទីជាប្រធាន AOT ដើម្បីធានាឲ្យបាននូវភាពអព្យាក្រឹតក្នុងការបំពេញកិច្ចការងារ។ ទន្ទឹមគ្នានេះ បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា អង្គការអន្តរជាតិ និងសារព័ត៌មានធំៗក្នុងពិភពលោក កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការរារាំងពលរដ្ឋភៀសសឹកជាច្រើនម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី និងការពារ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការតវ៉ាយ៉ាងខ្លាំងក្លានិងជាផ្លូវការប្រឆាំងនឹងការរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ដោយខុសច្បាប់តាមរយៈការប្រើកម្លាំងយោធា។ ការងារនេះត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ជូនជនរួមជាតិជ្រាបជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

សូមអរគុណ!

អត្ថបទទាក់ទង