Grand News Asia Close

វិចារណកថា៖ ទិសដៅខ្យល់បច្ចុប្បន្ន បង្ហាញថា អ័ព្ទផ្សែងពីកម្ពុជា មិនមែនជាមូលហេតុ​នៃបញ្ហាបំពុលខ្យល់នៅក្រុងបាងកកនោះឡើយ

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion 1012
វិចារណកថា៖ ទិសដៅខ្យល់បច្ចុប្បន្ន បង្ហាញថា អ័ព្ទផ្សែងពីកម្ពុជា មិនមែនជាមូលហេតុ​នៃបញ្ហាបំពុលខ្យល់នៅក្រុងបាងកកនោះឡើយ វិចារណកថា៖ ទិសដៅខ្យល់បច្ចុប្បន្ន បង្ហាញថា អ័ព្ទផ្សែងពីកម្ពុជា មិនមែនជាមូលហេតុ​នៃបញ្ហាបំពុលខ្យល់នៅក្រុងបាងកកនោះឡើយ

(ភ្នំពេញ)៖ ការវាយតម្លៃផ្នែកបច្ចេកទេសលើលក្ខខណ្ឌអាកាសធាតុ​បច្ចុប្បន្ន បាន​បង្ហាញ​ថា ក្រោមឥទ្ធិពលនៃរបបខ្យល់មូសុងប្រាំង ដែលមានទិសដៅខ្យល់បក់ពីទិសខាង​ជើង​ឆ្ពោះ​ទៅទិសខាងត្បូង អ័ព្ទផ្សែង ដែលមានប្រភពចេញពីប្រទេសកម្ពុជា មិនសូវមាន​លទ្ធ​ភាព​ក្នុងការបង្កផលប៉ះពាល់ដល់គុណភាពខ្យល់នៅទីក្រុងបាងកកនោះឡើយ។

យោងតាមគោលការណ៍ឧតុនិយម ក្នុងអំឡុងរដូវប្រាំង តំបន់អាស៊ីអាគ្នេយ៍ទទួលរង​ឥទ្ធិ​ពលពីរបបខ្យល់មូសុងប្រាំង ដែលជាទូទៅខ្យល់បក់ពីទិសខាងជើង ឬឦសាន ឆ្ពោះទៅ​ទិស​ខាងត្បូង ឬនិរតី។ ក្រោមលក្ខខណ្ឌនេះ ម៉ាសខ្យល់មានទិសដៅផ្លាស់ទីឆ្ងាយពីតំបន់​កណ្ដាលនៃប្រទេសថៃ ជាជាងផ្លាស់ទីពីតំបន់ភាគអាគ្នេយ៍ ឆ្ពោះទៅទីក្រុងបាងកក។ ដូច្នេះ ការលើកឡើងថា ផ្សែងបក់ពីតំបន់ភាគអាគ្នេយ៍ (កម្ពុជា) ឆ្ពោះទៅកាន់ទីក្រុង​បាង​កក គឺមិនស្របទៅនឹងទិសដៅខ្យល់បច្ចុប្បន្នឡើយ។

អ្នកជំនាញបានពន្យល់ថា ការសាយភាយនៃភាគល្អិត PM2.5 ឆ្លងដែន អាស្រ័យទៅ​លើ​កត្តាសំខាន់ៗដូចជា ទិសដៅ និងល្បឿនខ្យល់ ស្ថិរភាពបរិយាកាស និងលក្ខណៈភូមិ​សាស្ត្រ។ នៅពេលទិសដៅខ្យល់មិនស្របគ្នា លទ្ធភាពនៃការសាយភាយ​ការបំពុល​ពី​តំបន់​មួយទៅតំបន់មួយទៀតគឺទាប។ ការវិភាគបង្ហាញថា អ័ព្ទផ្សែងដែលកើតមាននៅ​កម្ពុជា មាននិន្នាការសាយភាយក្នុងតំបន់ជិតខាង ឬឆ្ពោះទៅទិសខាងត្បូងច្រើនជាង​ការ​បក់បញ្ច្រាសទិសទៅភាគពាយ័ព្យដែលជាទីតាំងរបស់ទីក្រុងបាងកក។

អ្នកជំនាញបានបញ្ជាក់ថា អ័ព្ទផ្សែងឆ្លងដែន គឺជាបាតុភូតដែលអាចកើត​មានបាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រោមលក្ខខណ្ឌអាកាសធាតុខុសៗគ្នា ជាពិសេសនៅពេលមានការ​ផ្លាស់ប្តូរទិសដៅខ្យល់។ ដូច្នេះការតាមដានបន្តអំពីទិសដៅខ្យល់ សកម្មភាពចំណុចក្តៅ និងលក្ខខណ្ឌបរិយាកាស នៅតែមានសារៈសំខាន់ សម្រាប់ការវាយតម្លៃប្រភពបំពុលឱ្យ​បាន​ត្រឹមត្រូវ។

ជារួមមក ការវាយតម្លៃបច្ចេកទេសសន្និដ្ឋានថា ក្រោមស្ថានភាពអាកាសធាតុនាពេលនេះ ប្រភពបំពុលពីកម្ពុជាមិនមែនជាកត្តាសំខាន់ដែលនាំឱ្យគុណភាពខ្យល់នៅទីក្រុងបាងកកធ្លាក់ចុះនោះទេ៕

អត្ថបទទាក់ទង