Grand News Asia Close

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ Live stream ទំព័រវីដេអូ ព័ត៌មានជាតិ 309


នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ នឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) នឹងអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។

វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោឥ និងរង្វង់មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វិមានខាងលើនេះត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និងលោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។

នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង ដែលត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានអនុញ្ញាតឱ្យស្ថាបនាឡើងវិញ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានប្រកាសជាឱឡារិកក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាទីក្រុងប៉ារីស ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

វិមានត្រូវបានសាងសង់ឡើងវិញ ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការអនុវត្តជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតាមលំនាំដើមរបស់ លោក Paul Ducuing។

លោកបណ្ឌិតស្ថាបត្យករ លី រស្មី បានឱ្យដឹងថា វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ គឺជាស្ថាបត្យកម្មសហរចនាបថ ដោយរួមបញ្ចូលនូវផ្នត់គំនិតស្ថាបត្យកម្មបុរាណខ្មែរជាច្រើនសម័យកាល តាំងពីសម័យអង្គរដល់សម័យក្រោយអង្គរ។ ចំណុចពិសេសបំផុតនោះគឺ វិមាននេះមានទស្សនៈមួយភាគធំដូចគ្នាទៅនឹងប្រាសាទនាគព័ន្ធ ដែលមាននាគ ដំរី និងតោ សុទ្ធតែនៅជ្រុងអនុទិសដូចគ្នា។

លោបណ្ឌិតស្ថាបត្យករ លី រស្មី បានគូសរំលេចផងដែរថាការសាងសង់វិមាននេះឡើងវិញ ឈរលើគុណតម្លៃចំនួនពីរ។ ទីមួយជាការរំលឹកដល់វីរភាពដ៏ហានក្លារបស់យុទ្ធជនខ្មែរ និងបារាំងដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ឈ្មោះរបស់ បុគ្គលដ៏គួរឱ្យគោរពទាំងអស់នោះ ត្រូវបានចារឹកលើផ្ទាំងថ្មដ៏រឹងមាំ ស្ថិតស្ថេរអស់កាលជាយូរអង្វែងតរៀងទៅ។

និងមួយទៀត ជាការបន្តប្រពៃណីទំនៀមទម្លាប់របស់ខ្មែរផង ជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលបារាំង និងព្រះរាជាខ្មែរផង ដើម្បីធ្វើឱ្យក្រុមគ្រួសារយុទ្ធជនដែលបានពលីជីវិតក្នុងសង្គ្រាមមានភាពកក់ក្ដៅក្នុងចិត្ត ហើយក៏ជាការរៀបចំឱ្យសមនឹងស្នាដៃកិត្តិយសរបស់វីរជនទាំងអស់នោះផងដែរ។

វិមាននេះមានកម្ពស់សរុប ១២,៣០ ម៉ែត្រ ក្នុងនោះខឿនកម្ពស់ ១,៧០ម៉ែត្រ, ជើងកោសកម្ពស់ ៣,២០ម៉ែត្រ, តួកណ្តឹងធ្វើពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ និងរូបបដិមាទាហានខ្មែរ និងបារាំង កម្ពស់ ២,៨០ម៉ែត្រ។

អត្ថបទទាក់ទង