Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ English ប្រកាសព័ត៌មាន ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 1032
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការធ្វើសកម្មភាពយ៉ាងសកម្មខ្លាំងក្លា ស្រុះដៃគ្នានិងស៊ីសង្វាក់គ្នាក្នុងជំហររួមតែមួយដ៏រឹងមាំនៃមហាគ្រួសារខ្មែរដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៖

គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ក្រសួងនិងស្ថាប័ននានា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក៏ដូចជាការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋភៀសសឹក ដោយចាត់ទុកជាកិច្ចការងារអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែងក្នុងអំឡុងពេល ៦ខែ ចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០លើក ក្នុងនោះមានដូចជា ក្រសួងការពារជាតិចំនួន ៣៨៣លើក, ក្រសួងមហាផ្ទៃចំនួន ៨៣លើក, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចំនួន ៦៤លើក, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ៤៩លើក, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ២៧លើក, អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ២៥លើក, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ២០លើក, មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ១៦លើក និងក្រសួងធម្មការនិងសាសនាចំនួន ១លើក។

ដោយឡែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសហការជាមួយក្រសួង ស្ថាប័ននានា ដោយមានការសម្របសម្រួលពីបញ្ជាការដ្ឋានព័ត៌មានក៏បានរៀបចំធ្វើបច្ចុប្បន្នភាព (Press Briefing) ប្រចាំថ្ងៃចំនួនជិត ២០០លើក ដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋឬឆ្លើយតបជាមួយភាគីថៃ និងបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជា ចំពោះការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជូនដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាសហគមន៍អន្តរជាតិបានជ្រាប។

ក្រៅពីនោះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើបទបង្ហាញចំនួន១៤លើក ជូនប្រធាននិងតំណាងនៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិអំពីបច្ចុប្បន្នភាពនៃការវិវត្តន៍ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានដឹកនាំអង្គទូតនិងអង្គការអន្តរជាតិចុះពិនិត្យមើលស្ថានភាពជាក់ស្តែងតាមបណ្តាខេត្តជាប់ព្រំដែនបាន ៤លើក។ ចំណែកស្ថានតំណាងកម្ពុជានៅក្រៅប្រទេសក៏បានធ្វើចលនាការទូតយ៉ាងសកម្មដើម្បីឱ្យបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិបានយល់ពីការពិតនិងពីជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ។

ក្រសួងការពារជាតិក៏បានសម្របសម្រួលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅតាមព្រំដែនជាបន្តបន្ទាប់ និងសម្របសម្រួលកិច្ចប្រជុំ RBC និង GBC ជាច្រើនលើកទៀត។ ដោយឡែក ក្រសួងព័ត៌មានក៏បានសម្របសម្រួលឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនចុះទៅដល់តំបន់ព្រំដែន ដើម្បីរាយការណ៍ព័ត៌មានអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងផលប៉ះពាល់លើជនស៊ីវិលស្លូតត្រង់កម្ពុជា ដោយសារការវាយប្រហារពីយោធាថៃ បំពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ ទាំងអស់នេះសបញ្ជាក់អំពីការងារយ៉ាងសកម្ម មោះមុត ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលលើគ្រប់ចំណុចទាំងអស់ដោយគ្មានខ្វះចន្លោះឬធ្វេសប្រហែសឡើយ។

ងាកទៅមើលប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននិងគ្រប់ទិសទី រាប់ទាំងព្រះសង្ឃ អ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម បានបង្ហាញស្មារតីស្នេហាជាតិ និងសាមគ្គីភាពយ៉ាងរឹងមាំដោយរួមគ្នាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងសកម្មក្លៀវក្លាជាមួយរាជរដ្ឋាភិបាល។ ប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើឡើងតាមគ្រប់រូបភាព ទាំងនៅលើបណ្តាញសង្គម នៅតាមវេទិកាសាធារណៈនានា ក៏ដូចជាការប្រមូលផ្តុំគ្នាដើម្បីបញ្ចេញសំឡេងតវ៉ា និងការស្វះស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិឱ្យដឹងលឺនិងជួយគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី តាមគោលការណ៍ជាមូលដ្ឋាននិងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។ និយាយជារួម ទីណាមានប្រជាពលរដ្ឋខ្មែររស់នៅ ទីនោះមានសំឡេងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាលាន់លឺយ៉ាងកងរំពង។ បន្ថែមពីលើនេះ សកម្មភាពសប្បុរសធម៌ដើម្បីជួយដល់វីរកងទ័ព និងវីរនគរបាលជាតិដែលឈរជើងនៅជួរមុខ ក៏ដូចជាជួយដល់ជនភៀសសឹក ក៏កើតមានយ៉ាងគគ្រឹកគគ្រេងពីគ្រប់មជ្ឈដ្ឋាន។ នេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាតាមរយៈការរក្សាជំហររឹងមាំនិងស្រុះគ្នាជាសំឡេងតែមួយរវាងរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ ដែលជាកម្លាំងសាមគ្គីដ៏រឹងមាំនៃមហាគ្រួសារខ្មែរដើម្បីថែរក្សាការពារបូរណភាពទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួនយ៉ាងប្តូរផ្តាច់បំផុតនិងឥតងាករេ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕

សូមអរគុណ!

#CambodiaWantsPeace
#JusticeForCambodia

អត្ថបទទាក់ទង