Grand News Asia Close

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 16:08 pm ប្រកាសព័ត៌មាន ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 1020
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦

ចាប់តាំងពីការអនុវត្តបទឈប់បាញ់កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា-ថៃ(GBC)មក មានលទ្ធផលជាវិជ្ជមានដ៏គួរឱ្យកត់សម្គាល់មួយចំនួនក្នុងនោះ ការវិលត្រឡប់ទៅកាន់ភូមិឋានវិញរបស់ពលរដ្ឋភៀសសឹក គឺជាលទ្ធផលធំមួយក្នុងចំណោមលទ្ធផលលេចធ្លោផ្សេងៗទៀត។

គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកជាង ៤០ម៉ឺននាក់ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញ ក្រោមការគិតគូរនិងជ្រោមជ្រែងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងឡាយ។ ដូច្នេះ ចំនួនពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅក្នុងជំរុំបានថយចុះនៅត្រឹមជាង២០ម៉ឺននាក់ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ ហើយអាជ្ញាធរកំពុងសម្របសម្រួលដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាព សុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋភៀសសឹកទាំងនោះ។

សូមបញ្ជាក់ជូនថា ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថា៖ ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។

ស្របពេលជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភារកិច្ចរៀបចំនិងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយរាល់បញ្ហាដែលប្រជាពលរដ្ឋយើងកំពុងជួបប្រទះ។ ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរដែនដីនិងក្រុមការងារពាក់ព័ន្ធ ក្នុងនោះ ក្រសួងសុខាភិបាលក៏បានដាក់ភ្នាក់ងារសុខាភិបាលជាប្រចាំនៅនឹងកន្លែងដើម្បីជួយពិនិត្យសុខភាពនិងព្យាបាលជំងឺពួកគេដោយផ្ទាល់ និងត្រៀមបញ្ជូនទៅមន្ទីរពេទ្យក្នុងករណីចាំបាច់។

ឆ្លៀតឱកាសនេះ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងឡាយដែលបានចំណាយកម្លាំងកាយ ចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក។ ស្មារតីមហាសាមគ្គីខ្មែរជួយខ្មែរដែលតែងតែបានផុសឡើងគ្រប់ពេលវេលាជាពិសេសក្នុងកាលៈទេសៈដ៏លំបាក គឺជាស្នូលដ៏រឹងមាំនៃប្រជាជាតិខ្មែរ។ សូមបងប្អូនជនរួមជាតិនិងសប្បុរសជនគ្រប់ទិសទីបន្តសកម្មភាពសប្បុរសធម៌នេះតទៅទៀតដើម្បីបង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាក្នុងគ្រាជួបការលំបាក។

សូមបញ្ជាក់ជូនថា ការវិលត្រឡប់វិញរបស់ពលរដ្ឋភៀសសឹកជាបន្តបន្ទាប់នាពេលនេះ គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់៣ដែលបានកើតចេញពីសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥។ លទ្ធផលដំបូងគេនិងសំខាន់ជាងគេ គឺការអនុវត្តបទឈប់បាញ់ដែលចូលជាធរមានកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបញ្ឈប់ការស្លាប់ ការរងរបួស និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងផលប៉ះពាល់ផ្សេងៗជាច្រើនទៀត។ រីឯលទ្ធផលសំខាន់ទី២គឺ ការដោះលែងយោធិនកម្ពុជា ១៨ នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលយើងទន្ទឹងរង់ចាំអស់រយៈពេល១៥៥ ថ្ងៃ។

ដូច្នេះ ជំហានបន្ទាប់ គឺការឈានទៅវាស់វែងនិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរតាមស្មារតីដែលមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។

យោងស្មារតីនៃចំណុចទី៣នេះ កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដាក់សំណើរទៅភាគីថៃកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសុំបើកកិច្ចប្រជុំពិសេសនៅក្នុងសប្តាហ៍ទី១ នៃខែមករានេះ ប៉ុន្តែ សំណើរនេះត្រូវបានភាគីថៃសុំលើកពេលក្រោមមូលហេតុរង់ចាំនីតិវិធីផ្ទៃក្នុង។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានដាក់សំណើរជាលើកទី២ទៅភាគីថៃតាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងសប្តាហ៍ទី២ ឬទី៣ នៃខែមករា ដដែលក្នុងខេត្តសៀមរាប។ កិច្ចប្រជុំពិសេសនេះដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១- ពិភាក្សាអំពីការងារវាស់វែងនិងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហាដែលយោធាថៃបាននិងកំពុងធ្វើ សកម្មភាពរំលោភបំពានបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយរាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។
២- បន្តចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅចន្លោះបង្គោលព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រ ឃុំបឹងរាំង និងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
៣- ពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត។
៤- បញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជាថ្មីឡើងវិញថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយពីព្រោះបញ្ហាព្រំដែនត្រូវដោះស្រាយដោយសន្តិវិធី។

ក្នុងស្មារតីនេះ កម្ពុជាទាមទារឱ្យថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)នៃប្រទេសទាំងពីរក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់និងច្បាប់អន្តរជាតិដើម្បីកសាងសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនប្រទេសទាំងពីរ៕

សូមអរគុណ

អត្ថបទទាក់ទង