ខ្លឹមសារ Press Briefing របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥
ខ្លឹមសារ Press Briefing របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥
នៅយប់មិញនេះ មានជំនួបតាមទូរស័ព្ទរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកដើម្បីជជែកអំពីស្ថានការណ៍រវាងកម្ពុជាថៃក្នុងន័យជំរុញឱ្យមានបទឈប់បាញ់មួយឱ្យបានឆាប់។ អនុញ្ញាតឱ្យខ្ញុំសូមអានខ្លឹមសារទាំងស្រុងដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេចដែលមានអត្ថន័យដូចតទៅ៖
នាយប់ថ្ងៃទី ២៥ ធ្នូ ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញអោយមានបទឈប់បាញ់អោយបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។
ឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជម្រុញអោយមានបទឈប់បាញ់អោយបានឆាប់តាមដែលអាចធ្វើទៅបាន។
ខ្ញុំបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។
កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាមិត្តដើម្បីរកដំណោះស្រាយឱ្យគោរពបទឈប់បាញ់ បានបង្ហាញឱ្យឃើញថា ពិភពលោកមិនឱបដៃមើលការរំលោភបំពាន ឈ្លានពានយ៉ាងកម្រោលរបស់ថៃមកលើកម្ពុជាទេ។ សហគមន៍អន្តរជាតិបាននិងកំពុងបន្តចាប់អារម្មណ៍លើផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីការវាយប្រហារមិនរើសមុខ មិនរើសទីតាំង និងចូលជ្រៅមកក្នុងទឹកដីកម្ពុជាពីសំណាក់ទាហានថៃ។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីជាទីគោរព!
រហូតមកទល់ពេលនេះ មានជនស៊ីវិលស្លូតត្រង់ខ្មែរ ៣០ នាក់បានស្លាប់ និង ៨៨ នាក់រងរបួស ក្នុងនោះមានកុមារ ស្ត្រី និងមនុស្សចាស់ ខណៈដែលជនភាសសឹកកើនឡើងដល់ជាង ៦៤ ម៉ឺននាក់។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនដូចជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ផ្សារ អគារអាជីវកម្មឯកជន វត្តអារាម រហូតដល់ រូបបដិមាព្រះវិណ្ណុ និងប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិ បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃពីការទម្លាក់គ្រាប់បែក ការបាញ់កាំភ្លើងធំ ឬការវាយកម្ទេចដោយចេតនារបស់ទាហានឈ្លានពានថៃ។
ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំតាមរយៈកិច្ចសន្ទនាការទូត រួមនឹងសម្រែកថ្កោលទោសនិងទាមទាររបស់សង្ឃ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីដើម្បីទាមទារសន្តិភាព និងទាមទារឱ្យថៃបញ្ឈប់អំពើឈ្លានពានយ៉ាងព្រៃផ្សៃនេះមកលើកម្ពុជា កំពុងទាក់ទាញការចាប់អារម្មណ៍នៅជុំវិញពិពភលោក។ នេះជាសញ្ញាបញ្ជាក់ថា យុត្តិធម៌ចំពោះកម្ពុជានិងប្រជាពលរដ្ឋខ្មែរត្រូវតែមាន ហើយអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មលើប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
ដូច្នេះ ការថែរក្សានិងពង្រឹងស្មារតីសាមគ្គីភាពដ៏រឹងមាំ និងជំនឿជឿជាក់លើរាជរដ្ឋាភិបាលនិងលើវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងគឺជាកម្លាំងស្នូលដ៏រឹងមាំរបស់ជាតិខ្មែរដើម្បីការពារបូរណភាពទឹកដីប្រឆាំងជាមួយសត្រូវឈ្លានពាន៕
#CiviliansAreNotATarget
#CambodiaWantsPeace
#JusticeForCambodia
#CambodiaNeedsPeace
#TruthFromCambodia
#ThailandFireFirst
#AgainstThaiInvasion





