កង្វៈខាតនៃការបកប្រែពាក្យពេជន៍នៅក្នុងន័យរួមមួយនៅក្នុងលំហរសាយប័របានក្លាយទៅជាឧបសគ្គមួយនៃការតាក់តែងគោលនយោបាយនៅក្នុងដែនមួយនេះ
មានពាក្យពេជន៍មួយចំនួនដែលប្រើប្រាស់ក្នុងលំហរសាយប័រ (ដូចជាពាក្យថា “Cyberattack” – ការវាយប្រហារតាមសាយប័រ) គឺមានបង្កប់នូវន័យផ្លូវច្បាប់មួយច្បាស់លាស់ ដែលត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាល ក្នុងន័យបង្កើតនូវកម្រិតនៃវិធានការណ៍ឆ្លើយតប ក៏ដូចជាឆ្លុះបញ្ចាំងនូវការទទួលខុសត្រូវរបស់ស្ថាប័នមានសមត្ថកិច្ចក្នុងការធ្វើសកម្មភាពពាក់ពន្ធផងដែរ។ រីឯវិស័យឯកជន និងអង្គភាពសារព័ត៌មានតែងតែបានប្រើប្រាស់ពាក្យតែមួយដូចគ្នានេះ (Cyberattack) ដោយមិនបានគិតគូរដល់ការបកស្រាយតាមផ្លូវច្បាប់ និងការជាប់ពាក់ព័ន្ធនានានោះឡើយ។ ការដែលយល់ឃើញខុសគ្នាបែបនេះហើយ ដែលធ្វើឱ្យមានភាពច្របូកច្របល់ នឹងទទួលបានការរំពឹងខុស។
បើយើងនិយាយឱ្យឡើងដល់កម្រិតសាកលវិញ មកដល់ពេលនេះរដ្ឋនិមួយៗដែលជាសមាជិក របស់អង្គការសហប្រជាជាតិមានការឯកភាពគ្នាថា “ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ (International Laws and UN Charter)” គឺអាចអនុវត្តន៍បាននៅលើលំហរសាយប័រ។ តែសំណួរនៅតែមាននោះគឺ “តើអនុវត្តន៍យ៉ាងដូចម្តេច?”
ឧទាហរណ៍មួយគឺពាក់ព័ន្ធទៅនឹងនិយមន័យ និងការបកស្រាយនៃពាក្យពេជន៍នេះ។ មកដល់ពេលនេះនៅមិនទាន់មានការបកស្រាយពន្យល់ឱ្យបានច្បាស់លាស់នៅឡើយទេនូវពាក្យថា “Cyberattack”, “Cyber use of force” និង “Cyber act of war” នៅឡើយទេ? តើការវាយប្រហារកម្រិតណាដែលជាចាត់ចូលទៅក្នុងន័យរបស់ពាក្យទាំងនេះ?
ការជជែកគ្នាពាក់ព័ន្ធទៅនឹងកិច្ចការទាំងនេះ គឺកំពុងតែដំណើរការយ៉ាងសកម្មនៅក្នុងអង្គការសហប្រជាជាតិដែល យើ់ងនឹងមិនអាចរំពឹងថានឹងឃើញលទ្ធផលឆាប់ៗនោះទេ។ ហេតុផលមួយនោះគឺមានប្រទេសមួយចំនួនបានប្រើប្រាស់លំហរសាយប័រជាដែនទី៥ នៃការធ្វើសង្គ្រាម និងព្យាយាមយកដែននេះមកធ្វើការគុណសម្បត្តិនៃការប្រកួតប្រជែងអំណាចក្នុងយុគ្គសម័យឌីជីថលបច្ចុប្បន្ននេះ៕ ប្រភព៖ Ou Phannarith – អ៊ូ ផាន់ណារិទ្ធ
Image Source: Author’s Own
#digitaleconomykh #CambodiaCyberspace #digitaleconomy #CyberYouthCambodia #CambodiaCyber #digitalgovernment #SecuDemy #CyberKH #StaySafeOnlineCambodia