វិភាគអន្តរជាតិ៖ តើនាវាផ្ទុកយន្ដហោះចម្បាំងថ្មីរបស់ចិន នឹងធ្វើឱ្យប្រែប្រួលតុល្យភាពអំណាច ក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ឬ?
វិភាគអន្តរជាតិ៖ តើនាវាផ្ទុកយន្ដហោះចម្បាំងថ្មីរបស់ចិន នឹងធ្វើឱ្យប្រែប្រួលតុល្យភាពអំណាច ក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ឬ?
(ប៉េកាំង)៖ ឥលូវ នាវាផ្ទុកយន្ដហោះចម្បាំងដ៏ទំនើបបំផុតមួយរបស់កងទ័ពជើងទឹកចិនមានឈ្មោះថា Fujian ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលអាចនឹងនាំឱ្យមានការប្រែប្រួលតុល្យភាពអំណាច នៅក្នុង តំបន់ប៉ាស៊ីហ្វិកភាគខាងលិច សមុទ្រចិនខាងត្បូង និងមហាសមុទ្រឥណ្ឌា។ នេះបើតាមក្រុមអ្នកជំនាញ។ Fujian ជានាវាផ្ទុកយន្ដហោះចម្បាំងទី៣ របស់ចិនត្រូវបានសម្ពាធដាក់ឱ្យប្រើកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅឯទីក្រុង Sanya ខេត្ត Hainan នៅក្នុងពិធីយ៉ាងឱឡារិកមួយក្រោមអធិបតីភាពប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ Fujian ជានាវាផ្ទុកយន្ដហោះចម្បាំងចិនដំបូងបំផុតមានបំពាក់ប្រព័ន្ធ electromagnetic catapults ដែលអាចឱ្យយន្ដហោះហោះចេញពីនាវាក្នុងល្បឿងយ៉ាងលឿន។
សហរដ្ឋអាមេរិកក៏មាននាវាផ្ទុកយន្ដហោះចម្បាំងមួយគ្រឿងប្រើប្រាស់បច្ចេកវិទ្យាដូចគ្នានេះដែរ នៅក្នុងចំណោមនាវាផ្ទុកយន្ដហោះចម្បាំងទាំង១១គ្រឿងដែលមានមួយចំនួនសិ្ថតក្រោមការថែទាំ។ លោក Fu Qianshao ជាអ្នកវិភាគយោធាម្នាក់ និងជាអតីតសមាជិកកងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន PLA បាននិយាយថានាវាផ្ទុកយន្ដហោះចម្បាំង Fujian អាចនឹងបង្កើនតុល្យភាពអំណាចរវាងចិន និងសហរដ្ឋអាមេរិក នៅក្នុង តំបន់ប៉ាស៊ីហ្វិកភាគខាងលិចដែលក្នុងលក្ខខណ្ឌខ្លះចិនមានប្រៀបបន្តិចបន្តួច។ អ្នកវិភាគយោធារូបនេះបន្តថាសហរដ្ឋអាមេរិកមាននាវាផ្ទុកយន្ដហោះចម្បាំង ៤ ឬ៥គ្រឿងដែលនៅទំនេរមិនជាប់រវល់ធ្វើបេសកកម្មសម្រាប់ការដាក់ពង្រាយនៅជុំវិញពិភពលោក ហើយនេះជាចំនួនតិចតួចបើនិយាយពីការដាក់ពង្រាយក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច។ នៅទីនេះបើនិយាយតួលេខនាវាផ្ទុកយន្ដហោះចម្បាំងចិននៅក្នុងតំបន់ សហរដ្ឋអាមេរិក និងចិន គឺមិនលើសខ្វះគ្នាច្រើនទេ និងមានពេលខ្លះចិនមានប្រៀបខាងតួលេខទៀតផង។
តាមលោក Fu Qianshao ដោយសារតែភាពស្មុគស្មាញ និងការថែទាំរយៈពេលយូរលើនាវាផ្ទុកយន្ដហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ នាវាមួយចំនួនរបស់សហរដ្ឋអាមេរិកកំពុងរង់ចាំការកែសម្រួល ខណៈ នាវាផ្ទុកយន្ដហោះចម្បាំងចិនសុទ្ធតែថ្មីទាំងអស់។ លោកសង្កត់ធ្ងន់ថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកដែលត្រូវបានដាក់ពង្រាយក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិចអាចនឹងធ្វើប្រតិបត្តិការក្នុងរយៈពេលខ្លី ប្រសិនបើអាមេរិក ចាំបាច់ត្រូវបញ្ជូននាវាទាំងនោះទៅកាន់តំបន់ផ្សេង។ ជាឧទាហរណ៍៖ កាលពីខែមិថុនាកន្លងទៅ សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង USS Nimitz ចេញពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឆ្ពោះទៅកាន់ តំបន់មជ្ឈិមបូព៌ា។ «នាវាផ្ទុកយន្ដហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកមានទំហំធំ និងអាចផ្ទុកយន្ដហោះចម្បាំងបានច្រើនគ្រឿង។ ដូច្នេះបើនិយាយពីចំនួនផ្ទុកយន្ដហោះចម្បាំង សហរដ្ឋអាមេរិក នៅតែមានឧត្តមភាពជាងចិន»។ នេះបើតាមលោក Fu Qianshao។ ប៉ុន្តែប្រសិនបើការប្រឈមមុខដាក់គ្នាណាមួយកើតឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ចិនក៏នឹងមានការគាំទ្រពីកងទ័ពអាកាសមានមូលដ្ឋាន នៅលើដីគោក ខណៈកងទ័ពអាកាស និងជើងទឹករបស់ភាគីទាំងសងខាងក្នុងតំបន់ប៉ាស៊ីហ្វិកក៏មិនខុសគ្នាខ្លាំងពេកនោះដែរ។
ម្យ៉ាងវិញទៀត អ្នកវិភាគយោធារូបនេះយល់ថាការជ្រើសរើសយកទីក្រុង Sanya ស្ថិតភាគខាងត្បូងប្រទេសចិនជាមូលដ្ឋានរបស់នាវាផ្ទុកយន្ដហោះចម្បាំង Fujian ដូចទៅនឹងនាវាផ្ទុកយន្ដហោះចម្បាំង Shandong នឹងពង្រីកវត្តមានរបស់កងទ័ពជើងទឹកចិននៅជុំវិញសមុទ្រចិនខាងត្បូង។ នាវាផ្ទុកយន្ដហោះចម្បាំងដំបូងរបស់ចិនឈ្មោះ Liaoning ត្រូវបានដាក់ឱ្យឈរជើងនៅភាគខាងជើងបំផុត ក្នុងទីក្រុងកំពង់ផែ Qingdao នៃភាគខាងកើតប្រទេសចិន។ សម្រាប់លោក Fu សមុទ្រចិនខាងត្បូងមានវិសាលភាពធំធេង និងតភ្ជាប់ជាមួយមហាសមុទ្រឥណ្ឌា និងតំបន់ប៉ាស៊ីហ្វិកភាគខាងត្បូង ដែលនេះមានន័យថាការធ្វើប្រតិបត្តិការ នាវាផ្ទុកយន្ដហោះចម្បាំងតែមួយគ្រឿងគឺមិនគ្រប់គ្រាន់ទេ។ នាវាផ្ទុកយន្ដហោះចម្បាំង Fujian ក៏អាចនឹងត្រូវបានប្រើដើម្បីបាចសាចអំណាចកងទ័ពជើងទឹកចិនផងដែរ។
តែទោះជាបែបនេះក្ដី លោក Benjamin Blandin ជាអ្នកជំនាញម្នាក់ខាងសន្តិសុខសមុទ្រមកពីក្រុមប្រឹក្សា Yokosuka ការសិក្សាអំពីអាស៊ីប៉ាស៊ីហ្វិកមានមូលដ្ឋានក្នុងប្រទេសជប៉ុនយល់ថាវានឹងមិនអាចមាន ការប្រែប្រួលតុល្យភាពអំណាចភ្លាមៗ ឬក្នុងពេលដ៏ខ្លីនោះទេ។ លោកបានកត់សម្គាល់ថានាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿងដំបូងរបស់ចិនជាប្រភេទនាវាសល់ពីអតីតសហភាពសូវៀត ឬចម្លងគម្រូរចនាពីសូវៀត និងសង់ផ្នែកខាងមុខរបស់នាវាកោងឡើងទៅលើ ដើម្បីឱ្យយន្ដហោះហោះឡើងដែលការធ្វើរបៀបនេះធ្វើឱ្យការធ្វើប្រតិបត្តិការមិនសូវជាមានប្រសិទ្ធភាព។ ចំណែក លោក Ray Powell វិញ ជានាយកកម្មវិធី SeaLight maritime transparency programme និងមន្ត្រីកងទ័ពអាកាសអាមេរិកចូលនិវត្តន៍ បានលើកឡើងថា «ការប្រែប្រួលតុល្យភាពពិតជាផ្អៀងទៅខាងចិន បើទោះជាសហរដ្ឋអាមេរិកនៅតែមានប្រៀបជាងចិនលើការធ្វើប្រតិបត្តិការជាប់លាប់ និងមានបណ្ដាញសម្ព័ន្ធមិត្តនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក៏ដោយ»។ តាមលោក Ray Powell វិសាលភាព និងល្បឿននៃការផលិតនាវារបស់ចិនក៏ជាក្ដីកង្វល់មួយដែរ ខណៈសព្វថ្ងៃ ចិនបានក្លាយជាប្រទេសមាននាវាចម្បាំងច្រើនជាងគេបំផុតនៅលើពិភពលោក។
សម្រាប់លោក Blandin ចិននាំមុខសហរដ្ឋអាមេរិកខាងសមត្ថភាពផលិត។ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែមានសមត្ថភាពងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងការផលិតនាវាចម្បាំង តាមរយៈការសហការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាជប៉ុន និងកូរ៉េខាងត្បូង៕
-Fresh News-






