កម្ពុជា-ថៃ ចាប់ផ្តើមកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ បន្ថែមទៀត ចេញពីតំបន់ជម្លោះក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃប្រទេសទាំងពីរ
កម្ពុជា-ថៃ ចាប់ផ្តើមកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ បន្ថែមទៀត ចេញពីតំបន់ជម្លោះក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃប្រទេសទាំងពីរ
(ព្រះវិហារ-ឧត្តរមានជ័យ) កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិន្ទនៃព្រះរាជាណាចក្រថៃឡង់ដ៏ បានចាប់ផ្តើមបន្តអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ បន្ថែមទៀត ចេញពីតំបន់ជម្លោះតាមបណ្តោញព្រំដែន ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៃប្រទេសទាំងពីរ នាល្ងាចម៉ោង០៦៖០០ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហើយសម្រាប់ភាគីកម្ពុជាបានធ្វើឡើងនៅស្រុករវៀង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១បន្ថែមទៀតនេះ គឺធ្វើដំណាលគ្នាជាមួយនឹងភាគីថៃ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានរបស់ប្រទេសទាំងពីរដូចគ្នា។
សូមរម្លឹកផងដែរថា កម្ពុជា និងថៃ បានកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជានិម្មិតរូប ចេញពីតំបន់ជម្លោះម្តងហើយ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
កម្ពុជាសូមបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីសន្តិភាព និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីរំលងអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដែលចុះហត្ថលេខាដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ក្រោមការចូលរួមជាសាក្សីពីសំណាក់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
អត្ថបទ ផែន រតនៈ (រូបថត៖ ខឹម សុវណ្ណារ៉ា-គល់ រ៉េននី)






