នាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធិ CMAC បានរៀបរាប់ពីប្រវត្តិទឹកដីភូមិព្រៃចាន់ ដែលលោកធ្លាប់បានឈរជើងនៅទីនោះចន្លោះឆ្នាំ១៩៨០-១៩៩២, ជាទឹកដីកម្ពុជាយ៉ាងពិតប្រាកដ មិនអាចប្រកែកបានឡើយ
នាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធិ CMAC បានរៀបរាប់ពីប្រវត្តិទឹកដីភូមិព្រៃចាន់ ដែលលោកធ្លាប់បានឈរជើងនៅទីនោះចន្លោះឆ្នាំ១៩៨០-១៩៩២, ជាទឹកដីកម្ពុជាយ៉ាងពិតប្រាកដ មិនអាចប្រកែកបានឡើយ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធិ CMAC បានរៀបរាប់ពីប្រវត្តិទឹកដីភូមិព្រៃចាន់ ដែលជាទឹកដីកម្ពុជា ហើយប្រជាជនកម្ពុជាបានតាំងលំនៅទីនោះតាំងពីក្រោយឆ្នាំ១៩៧៩មកម្ល៉េះ។
សម្រាប់នាយឧត្តមសេនីយ៍ ខឹម សោភ័ណ, លោកបានឈរជើងជាទាហាននៅភូមិព្រៃចាន់នៅចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩២ ពោលមានរយ:ពេលរហូតដល់១២ឆ្នាំ ដែលលោកបានដឹងរឿងរ៉ាវយ៉ាងច្រើនពីទឹកដីភូមិព្រៃចាន់។
ខាងក្រោមនេះការរម្លឹកប្រវត្តិភូមិព្រៃចាន់ របស់នាយឧត្តមសេនីយ៍ ខឹម សោភ័ណ៖
ប្រវត្តិភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅឆ្នាំ១៩៨១ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ) បានទទួលជំនួយពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រីកកងកម្លាំងប្រដាប់អាវុធ រហូតដល់ប្រាំពីរកងវរសេនាតូចដែលមាន (១) កងវរសេនាតូចលេខ៤០៧ ដែលមានលោក ប៉ិល នឿន ជាមេបញ្ជាការនៅជំរំសុខសានជួរភ្នំបន្ទាត់ (២) កងវរសេនាតូចលេខ២១៤ មេបញ្ជាការ លោក ប៊ិន ភិរម្យ នៅជំរំណងចាន់ (៣) វរសេនាតូចលេខ២១៥ មេបញ្ជាការរូបខ្ញុំ ខ្ទឹម សោភ័ណ នៅជំរុំឬទ្ធីសែន (៤) វរសេនាតូចលេខ២១៦ មេបញ្ជាការលោក ដួង សុខុន (៥) វរសេនាតូចលេខ២១៧ មេបញ្ជាការលោក សែម សាផុន ៦. វរសេនាតូចលេខ២១៨ មេបញ្ជាការ លោក សុខ សេរី និង (៧)វរសេនាតូចលេខ២១៩ មេបញ្ជាការ លោក ទន គឹមស៊្រុន ស្ថិតនៅក្រោមបញ្ជាការផ្ទាល់របស់អគ្គសេនាធិការ ក ជ រ ប ខ របស់លោកឧត្ដមសេនីយ៍ ដៀន ដែល ។
វរសេនាតូចលេខ ២១៥ បានចាប់ផ្តើមហាត់ហ្វឹកហ្វឺននៅជំរំហ្វឹកហ្វឺនព្រៃចាន់ ជាប់នឹងផ្លូវគ្រួសក្រហម ដែលថៃបានឈូសនៅតាមបន្ទាត់ព្រំដែនពីចំការគរមកបង្គោលសីមាលេខ៤២ទៅកាន់ជំរំណងចាន់ ។ ក្រោយពេលបានហ្វឹកហ្វឺនអស់រយៈពេលបីខក៏បានធ្វើពិធីបិទវគ្គក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ ដៀន ដែល ជានាយអគ្គសនាធិការ ក ជ រ ប ខ ។ កងវរសេនាតូចលេខ២១៥ ក្រោយបិទវគ្គហ្វឹកហ្វឺនបានលើកទីបញ្ជាការ ពីជំរំហ្វឹកហ្វឺនចូលមកដីខ្មែរប្រមាណ២គ.មពីព្រំដែន នឹងបានពង្រាយខ្សែត្រៀមនៅតាមបណ្ដោយផ្លូវពីបឹងស្ងោរកាត់មកផ្ទះឆេះ រហូតដល់អតីតជំរំចាស់ខាងលិចភូមិយាងដង្គំ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៨៣ កងទ័ពវៀតណាមបានវាយបំបែកជំរំណងចាន់( តំបន់ ២០៥) ។
លោក ជា រិទ្ធីឈុត ដែលជាប្រធានជំរំបានដកថយកម្លាំងទ័ពមកបោះទីតាំងនៅកន្លែងអតីតជំរំហ្វឹកហ្វឺនកងវរសេនាតូចលេខ២១៥ ចាស់ស្ថិតនៅខាងត្បូងជំរំឬទ្ធីសែន ( ជំរំណងសាមិត តាមផ្លូវការ) ដើម្បីសម្រាកលើកទឹកចិត្ត និងរៀបចំសណ្តាប់ធ្នាប់កងទ័ពឡើងវិញ ក្រោយពីការប្រយុទ្ធដ៏ស្វិតស្វាញអស់រយៈពេលជាងកន្លះខែកន្លងមកនេះ។
ចំណែកលោក ជុំ ឈៀង ដែលជាប្រធានរដ្ឋបាលស៊ីវិលបានដឹកនាំប្រជាជនចេញពីជំរំជាងមួយម៉ឺននាក់មកស្នាក់នៅជាប់នឹងទំនប់ខ្សែត្រៀមកងទ័ពថៃ នៅអូរបីជាន់ ។ ពីរថ្ងៃក្រោយមកក៏មានការសម្របសម្រួលគ្នារវាងក្រុមការងារចំពោះកិច្ចលេខ៨០ ដែលមាន ហួណា គឺទិ ជាប្រធាន និង អង្គការ UNBRO : (United Nationof Border Relief Operation) បានដឹកជញ្ជូនប្រជាជនទាំងនោះឲ្យទៅរស់ក្នុងដីថៃនៅជិតភូមិអាងសីលាថ។
នៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៨៣ ដោយមានការស្នើសុំពីលោកឧត្តមសេនីយ៍ សក់ ស៊ុតសាខន ជាអគ្គមេបញ្ជាការកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ ( ក ជ រ ប ខ) ជាមួយ ហួណា គិតិ ប្រធាន៨០ និង UNBRO និងលោក ជុំ ឈាង ប្រធានរដ្ឋបាលជំរំណងចាន់ ប្រជាពលរដ្ឋដែលបានទៅរស់នៅជិតភូមិអាងសិលាថៃនោះ ត្រូវបានដឹកចូលមករស់នៅខាងត្បូងបន្ទាយលោក ជា រិទ្ធីឈុត ជាប់នឹងផ្លូវគ្រួសក្រហម ទៅជំរុំណងចាន់ ទល់មុខ និងផ្លូវចូលបន្ទាយ២១៥ ។
ជំរំនេះខាង UNBRO បានដាក់ឈ្មោះថា ជំរំណងសាមិតខាងត្បូង ( Nong Samith south Camp )ដែលមាន ១១សង្កាត់ ។ តែដោយមានការពិបាកដោយអ្នកដឹកស្បៀង ចេះតែច្រឡំដឹកស្បៀង និងសម្ភារៈជំរំណងសាមិត្តឬទ្ធីសែន មកឲ្យណងសាមិត្តខាងត្បូង ទើបខាង UNBRO ស្នើសុំប្តូរឈ្មោះថ្មីវិញ។ លោក ជា រិទ្ធី ឈុត និងលោក ជុំ ឈៀង ស្នើសុំដាក់ឈ្មោះ ជំរំឃ្លាំងមឿង ឲ្យស្របនឹងចលនាតស៊ូរបស់គាត់ តែខាង ៨០ មិនព្រមរហូតគម្រាមថានឹងបិទច្រកមិនឲ្យនាំស្បៀងអាហារ ចូលទៅកាន់ជំរំទៀតផង ដោយគេយល់ថាឃ្លាំងមឿងជាសត្រូវប្រវត្តិសាស្ត្ររបស់គេតាំងពីសម័យព្រះអង្គចន្ទរាជាវាយសៀមមកម្លេះ។
ដូច្នេះលោក ជា រិទ្ធីឈុត និង លោក ជុំឈៀង រួមទាំងលោក Scott Leiper ដែលជាមន្ត្រីជាន់ខ្ពស់របស់ UN BRO ក៏បានយល់ស្របគ្នាដាក់ឈ្មោះថាជាជំរំ ព្រៃចាន់តាំងពីពេលនោះមក។ នៅខែឧសភា ឆ្នាំ១៩៨៣
កងទ័ពវៀតណាម បានដកថយពីជំរំណងចាន់ទៅបោះទីតាំងនៅក្នុងឃុំសង្ហា ស្រុកសិរី សោភ័ណ ខេត្តបន្ទាយមានជ័យវិញ ក្រោមការសម្របសម្រួលរបស់លោកឧត្តមសេនីយ៍ សក់ ស៊ុតសាខន ជាមួយ ហួណាគិទិ ប្រធាន៨០ លោក ជា រិទ្ធីឈុត ក៏បានលើកទ័ពនិងគ្រួសារកងទ័ពមួយចំនួនរួមទាំងជនស៊ីវិលខ្លះ បានទៅរៀបចំបង្កើតជំរំណងចាន់ឡើងវិញ។
ចំណែកលោក ជុំ ឈៀង ក៏ត្រូវបានUNBRO និង ក្រុមការងារចំពោះកិច្ច៨០ ដឹកយកប្រជាជនស៊ីវិលដែលនៅសល់រាប់ពាន់នាក់ដែរនោះ បានទៅបង្កើតជំរំថ្មីមួយនៅជើងភ្នំដងរែកជិតបង្គោលខណ្ឌសីមាលេខ២៨ ដោយដាក់ឈ្មោះថាជំរុំភ្នំដងរែកក្រោយមកទៅជាជំរំដងរែក សាយ២ ។ ដូច្នេះជំរំ ព្រៃចាន់ត្រូវបិទនៅពេលនោះផងដែរ។
ក្រោយពេលដែលជំរំណងចាន់ និងជំរុំព្រៃចាន់បានត្រូវដឹកចេញទៅតាមកន្លែងរៀងខ្លួនរួចមក ក្រុមការងារចំពោះកិច្ចថៃ លេខ៨០ បានបង្ខំឲ្យលោកប្រធានជំរំ លោក សាញ់ ណេ និងលោកប្រធានរដ្ឋបាលជំរំណងសាមិត្តឬទ្ធីសែន ដែលដឹកនាំដោយលោក ធូ ថុន និង UNBRO រើជំរំពីលើទឹកដីថៃឲ្យចូលទៅសាងសង់លើទឹកដីខ្មែរ ពេលនោះទីបញ្ជាការតំបន់២០៤ ជំរំឬទ្ធីសែន ដែលមានលោក សាញ់ ណេ ជាមេបញ្ជាការបានលើកទីតាំងពីដីថៃ មកកសាងជាប់នឹងទីបញ្ជាការកងវរសេនាតូចលេខ ២១៥ ហើយវត្តប្រាសាទសិរីដែលមានព្រះគ្រូសិរីសុវណ្ណា ពិន សែម (បច្ចុប្បន្នគឺជា សម្ដេចព្រះព្រហ្មរតនមុនីព្រះចៅអធិការវត្តរាជបូរ ព្រះចៅអធិការក៏បានលើកទីតាំង វត្តពីប្រាសាទស្ដុកកក់ធំមកកសាងជាប់នឹងទីបញ្ជាការ២១៥ ផងដែរ ដែលចាំបាច់ ទីបញ្ជាការវរសេនាតូច២១៥ត្រូវលើកទៅនៅក្នុងដីខ្មែរចម្ងាយប្រមាណជាង១,៥ គ.ម ពីទីតាំងចាស់ដែលបច្ចុប្បន្នជាភូមិព្រៃចាន់ផងដែរ ។
ខ្ញុំ (ខឹម សោភ័ណ) និងនាយទាហាន ពលទាហានប្រមាណជិត ១០០គ្រួសារ ពុំបានរើផ្ទះទៅសាងសង់នៅក្នុងជំរុំថ្មីទេ គឺបានរុះរើផ្ទះមកសាងសង់នៅជាប់ផ្លូវចូលមកទីបញ្ជាការវរសេនាតូចលេខ២១៥ ដែលនៅជាប់ទីបញ្ជាការតំបន់២០៤ និងវត្តប្រាសាទសិរីថ្មី។ បើបូករួមទាំងគ្រួសារទាហានតំបន់ ២០៤ផង មានសរុបប្រហែលជា ២០០គ្រួសារ ដែលដាក់ឈ្មោះភូមិនេះថា ភូមិព្រៃចាន់ ចំណុះឲ្យសង្កាត់ ១៥ជំរុំឬទ្ធីសែន ។ ដូច្នេះភូមិព្រៃចាន់នេះមានប្រវត្តិមកតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ។
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៨៤ វេលាម៉ោង៥ភ្លឺ កងទ័ពវៀតណាម ដែលគាំទ្រដោយកាំភ្លើងធំ និងរថក្រោះជាច្រើនគ្រឿងបានបាញ់ផ្លោងចូលជំរំ បណ្ដាលឲ្យឆេះសន្ធោសន្ធៅ និងបានវាយបំបែកខ្សែត្រៀមជួរមុខ ហើយបានសំរុកចូលមកដល់ទីបញ្ជការតំបន់២០៤ ។ ប្រជាពលរដ្ឋខ្មែរក្នុងជំរុំស្រែកយំទ្រហឹងអឺងកងរត់យកតែប្រាសអាយុឆ្លងកាត់ព្រំដែនថៃ ហើយបានទៅជួបជុំគ្នានៅតំបន់ដីក្រហម ចម្ងាយជាង ១គ.ម ពីទំនប់ខ្សែត្រៀមថៃ បន្ទាប់មកក៏ត្រូវបានដឹកឲ្យទៅរស់នៅជំរំបាងភូជិ ជំរំខាវអីដាង ក្រោយមកក៏បានដឹកបន្តទៅកាន់ជំរំសាយធូជាប់នឹងជើងភ្នំដងរែក ។
ខ្ញុំបានប្រមូលផ្តុំកម្លាំងកងវរសេនាតូច២១៥ឲ្យមកជួបជុំគ្នានៅជំរុំហ្វឹកហ្វឺនចាស់កាលពីឆ្នាំ១៩៨១ ហើយបានដើម្បីការពារកុំឲ្យកងទ័ពវៀតពង្រាយកម្លាំងការពារតាមបណ្ដោយផ្លូវគ្រួសក្រហមណាមរុលមកមុខទៀត ។
នៅអំឡុងខែតុលា ឆ្នាំ១៩៨៥ កងទ័ពរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរបានត្រូវកងទ័ពថៃដឹកឲ្យទៅហាត់ហ្វឹកហ្វឺនសារជាថ្មីនៅជំរំភ្លាងដុង ស្ថិតនៅក្នុងស្រុកនុនឌីនដង ខេត្តបូរីរម្យ ប្រទេសថៃ ។
នៅឆ្នាំ១៩៨៧ ខ្ញុំត្រូវបានតែងតាំងជាមេបញ្ជាការកងវរសេនាធំស្វ័យតលេខ២១៦ និងបានដឹកនាំទាហានចុះទៅប្រតិបត្តិការនៅតំបន់ពរនាមទន្លេសាបក្នុងខេត្តបាត់ដំបងរហូតដល់ឆ្នាំ១៩៨៨ ទើបត្រឡប់មកដល់ក្លាងដុងវិញ
ហើយត្រូវបានបំពាក់ឋានរសក្កិជាឧត្តមសេនីយ៍ត្រី និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹកទី៥ ប្រតិបត្តិការនៅខេត្តបាត់ដំបងផងដែរ។ រហូតដល់ឆ្នាំ១៩៨៩ កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរត្រូវបានដឹកមកពង្រាយតាមព្រំដែន វិញតាមទីតាំងចាស់របស់កងឯកភាពនីមួយៗ ។ ពេលនោះខ្ញុំបានក្លាយជាមេបញ្ជាការតំបន់៥ ជំនួសលោក សាញ់ណេ និងបានដឹកនាំ ទ័ពមកបោះទីតាំងនៅតំបន់៥ចាស់ គឺភូមិព្រៃចាន់នោះឡើងវិញ។
នៅឆ្នាំ ១៩៩២ មានការធ្វើមាតុភូមិនិវត្តនៃប្រជាជនតាមជំរំជាយដែនចូលមកកាន់ប្រទេសកម្ពុជាវិញ ក្រោមការសម្របសម្រួលរវាងក្រុមប្រឹក្សាជាតិជាន់ខ្ពស់(SNC)UNTAC និងUNHCR ដែលត្រូវដឹកជញ្ជូនតាមរថយន្តទៅកាន់បណ្តាខេត្តនានាតាមការស្ម័គ្រចិត្តរៀងខ្លួន ។ ចំពោះកងកម្លាំងប្រដាប់អាវុធរបស់ ក.ជ.រ.ប.ខ និងហ្វុនស៊ីនប៉ិច ក៏បានចូលមករៀបចំច្របាច់បញ្ចូលគ្នាជាមួយនិងកងទ័ពនៃរដ្ឋកម្ពុជាផងដែរ។ តែយុទ្ធជនមួយចំនួនរបស់តំបន់៥ ដែលពុំមានបងប្អូន នៅស្រុកខ្មែរប្រមាណជា៦០គ្រួសារបានស្ម័គ្រចិត្តនាំប្រពន្ធកូនមករស់នៅក្នុងតំបន់៥ បង្កបង្កើតជាភូមិព្រៃចាន់នេះឡើងវិញចាប់ពីពេលនោះមក ។
នៅឆ្នាំ២០០០ បាននាំព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងសម្ដេចម៉ែ ចំនួន ៥០០០ដុល្លា ទៅជីកជាស្រះទឹកមួយនៅមុខសាលាបឋមសិក្សាព្រៃចាស់ និងបានធ្វើស្លាកបេតុងដាក់ព្រះនាមស្រះនោះ
សម្តេចឪ សម្តេចម៉ែ សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់វត្តព្រៃចាន់ សាលារៀន និងអ្នកភូមិព្រៃចាន់ ដែលកាលនោះបានកើនឡើងជាង១០០គ្រួសារទៅហើយ ។ ស្រះចំពោះភូមិណងយ៉ាកែវ ឬបានណងយ៉ាកែវ របស់ថៃវិញ ទើបតែកសាងឡើងនៅឆ្នាំ១៩៩៩ទេ នៅលើទីតាំងចាស់របស់ជំរុំឬទ្ធីសែន មុនពេលដែលថៃដេញឲ្យរើជំរំនេះចូលមកដីខ្មែរវិញនៅខែកក្កដា ឆ្នាំ១៩៨៣ ដើម្បីចែកផ្ទះ និងដីឲ្យដល់ប៉ូលីសនិងទាហាន ថៃដែលចូលនិវត្តឲ្យមកស្នាក់នៅទីនោះ ។
នៅឆ្នាំ២០០១ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថ Thailand Mine Action(TMAC) បានអញ្ជើញខ្ញុំឲ្យចូលរួមជាកិត្តិយសដល់ពិធីផ្ទេរប្រគល់ឯកសារស្រាវជ្រាវចំការមីនថៃ ដោយ NPA (Norwegian People´s Aid) នៅទីបញ្ជាការ TMAC ទីក្រុងបាងកក រួចហើយបាននាំគណៈប្រតិភូចូលរួមឲ្យទៅមើលសកម្មភាពបោសសំអាតមីនរបស់ TMAC នៅភូមិណងយ៉ាកែវនេះ ហើយខ្ញុំចំណាំបានថាជាអតីត ជំរំហ្វឹកហ្វឺនកងវរសេនាតូចលេខ២១៥កាលពីឆ្នាំ១៩៨១ នៅតំបន់ព្រៃចាន់នេះហើយ។

កំណត់ចំណាំ
១៖ ភូមិព្រៃចាន់នេះបានកើតឡើងម្ដងហើយកាលពីឆ្នាំ១៩៨៣ តែត្រូវកងទ័ពវៀតណាមដុតបំផ្លាញទៅវិញនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៨៤ និងត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៩២ រហូតមកដល់ពេលបច្ចុប្បន្ន ក្នុងទឹកដីខ្មែរប្រមាណជា២គ.ម ពីព្រំដែនខ្មែរថៃ។
២៖ នៅឆ្នាំ ១៩៨៥-៨៦ កងទ័ពវៀតណាមបានធ្វើរបងលួសបន្លា (របង ក៥) នៅចម្ងាយប្រមាណ២០០មទេពីផ្លូវគ្រួសក្រហមដី កាត់លើផ្លូវចូលមកតំបន់៥ទៅអែប មាត់ស្រះកសិកម្មរបស់ជំរំឬទ្ធីសែន កាលនោះមានលោក ពេជ គឹមយ៉ុង ជាប្រធាន កសិកម្ម បច្ចុប្បន្នគាត់ជាមន្ត្រីនៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបងសព្វថ្ងៃចូលនិវត្តន៍ហើយ ។ របងលួសបន្លា ក៥ នេះត្រូវថៃប្រើយុទ្ធវិធីតាមបែបបាចប្រាក់ដួងវាយយកបន្ទាយលង្វែកដោយដាក់តម្លៃទិញលួសបន្លាក្នុងមួយគីឡូក្រាម ថ្លៃ ៥បាត បង្គោលរបងដែកមួយ ២០បាត មីនមួយគ្រាប់ ថ្លៃ២៥ ទៅ៣៥បាត ម្លោះហើយទាំងទាហាន ទាំងប្រជាពលរដ្ឋនាំគ្នាមករាវមីន ចូលមកកាត់លួសបន្លា ដកបង្គោលរបង យកទៅលក់ឲ្យថៃរហូតដល់អស់គ្មានសល់ ។
៣៖ បង្គោលខណ្ឌសីមាលេខ៤២ ខ្ញុំបានឃើញនៅជាប់នឹងផ្លូវគ្រួសក្រហមស្ថិតនៅឈៀងឦសានប្រាសាទស្ដុកកក់ធំជាង ១គ.ម មានដើមអង្គងពីរដើមដុះគ្របពីលើជាម្លប់ និងជាជម្រកសម្រាប់អ្នកចេញចូលរកស៊ីរត់ពន្ធ ដែលធ្វើដំណើរពីដំណាក់កកោះមកបឹងស្ទោរ ហើយមកឈប់សម្រាកនៅឡាក់៤២នេះ ដែលជាផ្លូវបំបែកទៅជំរំចំការគរ ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមវរ៥១៩ របស់លោក ព្រុំ ស៊ូ និងមកជំរំឬទ្ធីសែន។នៅទីនោះមានប្រជាពលរដ្ឋមកពីជំរុំចំការគ និងជំរុំឬទ្ធីសែនមកលក់បាយ នំបញ្ចុក និងនំនែកផ្សេងៗទៀតផង។
សំណូមពរសូមគណកម្មាធិការកិច្ចការព្រំដែន មេត្តា ស្វែងរកនិយមការ Coordonnee នៅគ្រប់បង្គោលខណ្ឌសីមាព្រំដែនខ្មែរ-ថៃជាថ្មីឡើងវិញ ជាមួយផែនទី 1/200000 ពីព្រោះបង្គោលខណ្ឌសីមានេះអាចរំកិលចូលមកក្នុងទឹកដីខ្មែរយើងស្ទើគ្រប់កន្លែង។ ខ្ញុំសូមអភ័យទោសពីសំណាក់មិត្តអ្នកអាន ដែលខ្ញុំសសរតាមការចងចាំរបស់ខ្ញុំ ដោយសារខ្ញុំស្ថិតនៅទីនោះអស់រយៈពេល១២ឆ្នាំ (១៩៨០-១៩៩២) ។ ដូច្នេះបើបងប្អូនមិត្តភក្តិដែលរស់នៅទីនោះមានការនឹកឃើញ ហើយចង់បំពេញបន្ថែម សូមខំមិនខាងក្រោមនេះដើម្បីខ្ញុំបំពេញបន្ថែមតាមដែលអាចធ្វើបាន៕
-Fresh News-






