សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ជនជាតិថៃជាង១លាននាក់ ដែលចូលមើលសាររបស់សម្តេចរៀបរាប់អំពីទង្វើអសីលធម៌ អន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន នឹងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួន ដោយការទទួលខុសត្រូវ
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ជនជាតិថៃជាង១លាននាក់ ដែលចូលមើលសាររបស់សម្តេចរៀបរាប់អំពីទង្វើអសីលធម៌ អន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន នឹងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួន ដោយការទទួលខុសត្រូវ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បង្ហាញពីទិន្នន័យចំនួនអ្នកចូលទស្សនា ការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន ដែលបានប្រមាថលើសម្តេច។
សម្តេចបញ្ជាក់ថា ត្រឹមតែរយៈពេល៧ម៉ោង មានអ្នកចូលមើលរហូតជាង៤លាននាក់ ក្នុងនោះមានជនជាតិថៃជាង១លាននាក់ផងដែរ។
តាមរយៈចំនួនជនជាតិថៃជាង១លាននាក់នេះ សម្តេចសង្ឃឹងថា ពួកគេនឹងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួន ដោយការទទួលខុសត្រូវ ព្រោះអំពើដែលពួកគេបានធ្វើមិនសាកសមជាជាតិសាសន៍ដែលស៉ីវិល័យ និងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ។
សម្តេចបានបង្ហោះសារមានខ្លឹមទាំងស្រុងដូច្នេះថា៖ «ក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជា
ទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន គិតត្រឹមម៉ោង ៧និង៤៥នាទីល្ងាចនេះ (រយៈពេល៧ម៉ោង) មានមនុស្សចូលមើលចំនួន 4,715,531នាក់ ចូលមើលដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន 26.8%ប្រហាក់ប្រហែលជាង១លាននាក់ បានចូលមើលដូចមានក្នុងតារាងជូនភ្ជាប់។ ខ្ញុំសង្ឃឹមថាជនជាតិថៃមួយចំនួនធំ ដែលបានចូលមើល និងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួន ដោយការទទួលខុសត្រូវ ព្រោះអំពើដែលពួកគេបានធ្វើមិនសាកសមជាជាតិសាសន៍ដែលស៉ីវិល័យ និងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារសំណេរដ៏មុតស្រួច ឆ្លើយតបទៅនឹងជនជាតិថៃមួយចំនួន ដែលបានប្រមាថលើសម្តេច ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?
សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។
កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។
ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។
ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។
ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។
ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។
ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង។
សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៉ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។
ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្តងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វែលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឲ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។
យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។
សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។
ចុងក្រោយខ្ញុំចង់ជំរាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន និងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគម្រាមដូចករណីអគ្គិសនី អ៉ិនធើណែត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង។
ខ្ញុំសូមភ្ជាប់វិដេអូដែលជនជាតិថៃ ដាក់តាំងរូបខ្ញុំដើម្បីបាញ់យករង្វាន់៕







