Grand News Asia Close

ការពិតជុំវិញជម្លោះប្រដាប់អាវុធកម្ពុជា-ថៃនិងការរងទុក្ខរបស់ប្រជាជនកម្ពុជា ត្រូវបានប៉ុស្តិ៍ទូរទស្សន៍ដ៏ធំមួយ(KBS1)របស់កូរ៉េ លើកយកមកលាតត្រដាង

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ទំព័រវីដេអូ ព័ត៌មានជាតិ 1090
ក្នុងពេលថ្មីៗនេះ ប៉ុស្តិ៍ទូរទស្សន៍ដ៏ធំមួយ (KBS1) របស់កូរ៉េបានបង្ហោះផ្សាយនូវវីដេអូបទយកការណ៍មួយដើម្បីលាតត្រដាងនូវការពិតដែលអន្តរជាតិមិនធ្លាប់បានដឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយបានថតយករូបភាព វីដេអូ អំពីការខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋខ្មែរ ការរាយបន្លាលួសរបស់ថៃ និងការរងទុក្ខវេទនារបស់ប្រជាជនដោយសារជម្លោះប្រដាប់អាវុធកម្ពុជា-ថៃរយៈពេល៥ថ្ងៃកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។
យោងតាមសម្តីរបស់អ្នកសារព័ត៌មានស្រី្តម្នាក់ដ៏ស្រស់ស្អាតប្រចាំប៉ុស្តិ៍ទូរទស្សន៍ធំ KBS1 បាននិយាយថា នៅពេលដែលគាត់ចុះផ្ទាល់ បានឃើញថាប្រជាជនខ្មែរដែលនៅតាមតំបន់ព្រំដែនដែលរងគ្រោះទាំងនោះគ្រាន់តែបានឃើញដ្រូនដែលពួកគាត់បង្ហោះដើម្បីផ្តិតយកទិដ្ឋភាពពីខាងលើមកនោះ ក៏បានធ្វើឱ្យប្រជាជនភៀសសឹកមានការភ័យខ្លាចដែរដោយសារពួកគាត់គិតថានោះគឺជាដ្រូនទម្លាក់គ្រាប់បែកដែលពួកគាត់បានឃើញកាលពីពេលកន្លងទៅថ្មីៗនេះ។
អ្នកសារព័ត៌មានកូរ៉េដដែលរូបនោះ បានបន្ថែមទៀតថា កាលដែលគាត់ទៅដល់យកព័ត៌មាននៅទីនោះ ដោយសារតែមានការផ្សាយអំពីការខូចខាតខាងភាគីថៃ ចំណែកខាងភាគីខ្មែរមិនបានចុះផ្សាយពីការខូចខាតនោះឡើយដែលនេះជាមូលហេតុធ្វើឱ្យរូបគាត់សម្រេចចិត្តចុះមកប្រទេសកម្ពុជាផ្ទាល់ដើម្បីបានថត បានបង្ហាញការខូចខាតផ្ទះសម្បែង វត្តអារ៉ាម សាលារៀន មណ្ឌលសុខភាព និងរបងលួសបន្លាដែលបានដាក់ដោយភាគីថៃ។
ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានកូរ៉េរូបនោះនឹងអាចជួយបំភ្លឺដល់អន្តរជាតិបន្ថែមទៀត និងបានផ្លាស់ប្តូរគំនិតរបស់មនុស្សមួយចំនួននៅក្រៅស្រុកដែលតែងតែចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដោយយកពាក្យ«ស្ងៀមស្ងាត់»មកលេងសើច ប៉ុន្តែពេលនេះ យើងឃើញពីផលប្រយោជន៍របស់ការអត់ធ្មត់របស់រាជរដ្ឋាភិបាលដែលពេលនេះទើបយើងបានដឹងហើយថា សូម្បីតែសារព័ត៌មានកូរ៉េក៏គេបានផ្សាយដែរ។
គួរបញ្ជាក់ថា មានសារព័ត៌មានធំៗនានារួមទាំងសារព័ត៌មានកូរ៉េមួយនេះ បានចុះសិក្សានិងស្រាវជ្រាវដល់ព្រំដែនកម្ពុជាដើម្បីរាយការណ៍ក៏ដូចជាបានសម្ភាសន៍ព្រះសង្ឃខ្មែរ អ៊ំពូមីងដែលរស់នៅទីនោះផ្ទាល់ដើម្បីផ្សព្វផ្សាយអំពីការពិតដែលបានកើតឡើងក៏ដូចជាស្ថានភាពជាក់ស្តែងរបស់ប្រជាជន និងជនភៀសសឹកកម្ពុជាក្រោយបទឈប់បាញ់រវាងកម្ពុជានិងថៃចូលជាធរមាន៕

អត្ថបទទាក់ទង