ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជម្រាបលោកជំទាវប្រធានអនុសញ្ញាអូតាវ៉ាថា កម្ពុជារក្សាជំហរប្រកាន់ខ្ជាប់នូវគោលការណ៍និងបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា និងរក្សានូវតម្លាភាពចំពោះសហគមន៍អន្តរជាតិ ព្រមទាំងបានស្នើដល់សហគមន៍អន្តរជាតិ ជាពិសេសគ្រួសារអនុសញ្ញាអូតាវ៉ា ចូលរួមជាមួយកម្ពុជា ដើម្បីស្វែងរកការពិត
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជម្រាបលោកជំទាវប្រធានអនុសញ្ញាអូតាវ៉ាថា កម្ពុជារក្សាជំហរប្រកាន់ខ្ជាប់នូវគោលការណ៍និងបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា និងរក្សានូវតម្លាភាពចំពោះសហគមន៍អន្តរជាតិ ព្រមទាំងបានស្នើដល់សហគមន៍អន្តរជាតិ ជាពិសេសគ្រួសារអនុសញ្ញាអូតាវ៉ា ចូលរួមជាមួយកម្ពុជា ដើម្បីស្វែងរកការពិត
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំតាមរយៈប្រព័ន្ធអនឡាញ ជាមួយលោកជំទាវ Ichikawa Tomiko ប្រធានអនុសញ្ញាស្តីពីហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) និងគណៈកម្មការអនុលោមភាពនៃអនុសញ្ញាអូតាវ៉ា (Cooperative Compliance Committee) ដើម្បីស្រាយបំភ្លឺទៅលើការចោទប្រកាន់របស់ថៃដែលថាកម្ពុជាបានដាក់មីនថ្មី និងបង្ហាញពីជំហររបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។ កិច្ចប្រជុំនេះផងដែរ ក៏មានវត្តមានចូលរួមរបស់ ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។
ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ថៃ ថាកម្ពុជាបានដាក់មីនថ្មី ឯកឧត្តមទេសរដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដែលគ្មានការពិត និងគ្មានភស្តុតាងច្បាស់លាស់នេះ និងបានជម្រាបទៅកាន់ប្រធានអនុសញ្ញាអូតាវ៉ា និងគណៈកម្មការអនុលោមភាពអនុសញ្ញា អំពីសមិទ្ធផលធំធេងនៃសកម្មភាពមីនរបស់កម្ពុជា ដែលបានរំដោះផ្ទៃដីមានមីន ឱ្យប្រែក្លាយជាដីមានសុវត្ថិភាព សម្រាប់រស់នៅ និងអភិវឌ្ឍ និងបានជួយសង្គ្រោះអាយុជិវិតប្រជាជាន ជាច្រើនរាប់មិនអស់។ បន្ថែមលើសមិទ្ធផលទាំងនេះ កម្ពុជា បានឈានមុខក្នុងវិស័យសកម្មភាពមីនសកល និងទទួលបានទំនុកចិត្តពីសហគមន៍អន្តរជាតិ ក្នុងការចែករំលែកបទពិសោធ និងផ្តល់ការបណ្តុះបណ្តាល ទៅកាន់ប្រទេសនានា ដែលរងគ្រោះដោយសារមីន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាត្រូវបានទទួលស្គាល់ដោយរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ថាបានប្រកាន់ខ្ជាប់នូវគោលការណ៍ និងបទដ្ឋានរបស់អនុសញ្ញា និងទទួលបានការទុកចិត្តជ្រើសតាំងធ្វើជាប្រធានអនុសញ្ញាចំនួនពីរលើ គឺក្នុងឆ្នាំ២០១១ និងឆ្នាំ២០២៤។ បន្ថែមលើនេះ ការរងគ្រោះធ្ងន់ធ្ងររបស់កម្ពុជាដោយសារមីន បានធ្វើឱ្យកម្ពុជាក្លាយជាទីកន្លែងនៃចលនាប្រឆាំងមីនប្រឆាំងមនុស្ស និងត្រូវបានចាត់ទុកជាទីកន្លែងកំណើតមួយរបស់អនុសញ្ញាអូតាវ៉ា។ ហេតុនេះ កម្ពុជាមិនប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនប្រឆាំងមនុស្សជាដាច់ខាត ហើយការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់ថៃ ពិតជាបានប៉ះពាល់ជាខ្លាំងដល់កិត្តិនាមរបស់កម្ពុជា និងទឹកចិត្តរបស់សហគមន៍អន្តរជាតិដែលបានគាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជា និងអប់ឱនកេរ្តិ៍ឈ្មោះរបស់អនុសញ្ញាអូតាវ៉ា។
ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាស្រលាញ់សន្តិភាព និងតែងតែឈរលើគោលការណ៍ច្បាប់ និងគោលការណ៍មនុស្សធម៌ ក្នុងការដោះស្រាយបញ្ហា ចៀសវាងបង្កគ្រោះថ្នាក់ និងទុកលំបាកដល់ប្រជាជនស្លូតត្រង់។ ដើម្បីធានាបានសុវត្ថិភាព និងការអភិវឌ្ឍតាមតំបន់ព្រំដែន និងស្របតាមគោការណ៍របស់អនុសញ្ញាអូតាវ៉ា សម្តេចធិបតី បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មី ដោយស្នើឱ្យមានកិច្ចសហការរវាងកម្ពុជា-ថៃ ក្នុងការបោសសម្អាតមីនមនុស្សធម៌ តាមបណ្តោយព្រំដែនដែលមានការខណ្ឌសីមាព្រំដែនច្បាស់លាស់ និងទីកន្លែងដែលមានប្រជាជនរស់នៅ និងអាស្រ័យផលនៅក្នុងតំបន់នោះ។ ឯកឧត្តម មានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងកិច្ចពិភាក្សា របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ហើយអាជ្ញាធរមីន ត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមនេះ ក្រោយទទួលបានការឯកភាពរវាងភាគីទាំងពីរ ។
ជាចុងក្រោយ ឯកឧត្តមបានលើកឡើងថា កម្ពុជារក្សាជំហរប្រកាន់ខ្ជាប់នូវគោលការណ៍ និងបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា និងរក្សានូវតម្លាភាព ចំពោះសហគមន៍អន្តរជាតិ ព្រមទាំងបានស្នើដល់សហគមន៍អន្តរជាតិ ជាពិសេសគ្រួសារអនុសញ្ញាអូតាវ៉ា ចូលរួមជាមួយកម្ពុជា ដើម្បីស្វែងរកការពិត។
ជាការឆ្លើយតប លោកជំទាវ ជំទាវ Ichikawa Tomiko ប្រធានអនុសញ្ញាអូតាវ៉ា រួមទាំងសមាជិកគណៈកម្មការអនុលោមភាពនៃអនុសញ្ញាអូតាវ៉ា បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះកងទ័ព និងប្រជាជនស្លូតត្រង់ដែលបានរងគ្រោះថ្នាក់ និងបាត់បង់ជីវិត និងប្រជាជនដែលបានចាកចោលផ្ទះសម្បែង ដោយសារការប៉ះទង្គិចប្រដាប់អាវុធ នៅតំបន់ព្រំដែន ព្រមទាំងជូនពរឱ្យកម្ពុជា ទទួលបានសន្តិភាពមកវិញ នៅពេលដ៏ខ្លីខាងមុខ។
លោកជំទាវ និងសមាជិកគណៈកម្មការអនុលោមភាព ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន ជាពិសេស គំនិតផ្តួផ្តើមថ្មីរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបោសសម្អាតមីនតាមតំបន់ព្រំដែន ដើម្បីធានាសុវត្ថិភាពប្រជាជាន និងបង្កជាឱ្យកាសដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតាមតំបន់ព្រំដែន។






