Grand News Asia Close

វិភាគអន្តរជាតិ៖ ជម្លោះយោធាផ្ដើមដោយថៃជាមួយកម្ពុជា នឹងបង្កើនឱកាសខ្ទាតចេញពីអំណាចរបស់លោកស្រី Paetongtarn

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ទស្សនៈ-នយោបាយ 1064
វិភាគអន្តរជាតិ៖ ជម្លោះយោធាផ្ដើមដោយថៃជាមួយកម្ពុជា នឹងបង្កើនឱកាសខ្ទាតចេញពីអំណាចរបស់លោកស្រី Paetongtarn វិភាគអន្តរជាតិ៖ ជម្លោះយោធាផ្ដើមដោយថៃជាមួយកម្ពុជា នឹងបង្កើនឱកាសខ្ទាតចេញពីអំណាចរបស់លោកស្រី Paetongtarn

(វ៉ាស៊ីនតោន)៖ ជម្លោះយោធារបស់ថៃជាមួយកម្ពុជា បាន និងកំពុងដុតបញ្ឆេះភាពតានតឹងជាតិនិយមនៅក្នុងប្រទេសថៃ និងកំពុងគំរាមកំហែងដល់មេដឹកនាំធ្លាក់កូដ លោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការធម្មនុញ្ញថៃព្យួរតំណែងរួចទៅហើយនោះ ជុំវិញអសមត្ថភាពដោះស្រាយបញ្ហាជម្លោះព្រំដែន។ ប៉ុន្មានម៉ោងបន្ទាប់ពី យន្ដហោះចម្បាំងថៃទម្លាក់គ្រាប់បែកលើគោលដៅយោធាក្នុងទឹកដីកម្ពុជា ហើយទាហានកម្ពុជាសងសឹកវិញដោយបាញ់គ្រាប់រ៉ុក្កែត ក្រុមអ្នកជាតិនិយមថៃបានប្រកាសពីគម្រោង ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងទីក្រុងបាងកកនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

លោកស្រី Paetongtarn កំពុងស្ថិតក្នុងស្ថានការណ៍ដ៏ផុយស្រួយ ជុំវិញការដោះស្រាយបញ្ហាជម្លោះព្រំដែន ដោយសារតែការបែកធ្លាយកិច្ចសន្ទនា ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលក្នុងកិច្ចសន្ទនានោះ លោកស្រីបានបង្ហាញពីភាពទន់ជ្រាយ និងរិះគន់លើយោធាថៃ។ ការបែកធ្លាយកិច្ចសន្ទនានេះបានឈានទៅដល់ការដាក់ ពាក្យប្ដឹងលោកស្រីទៅកាន់តុលាការធម្មនុញ្ញថៃដែលបានសម្រេចចិត្តព្យួរតំណែងលោកស្រី។

លោក Peter Mumford ជាប្រធានកម្មវិធី Southeast Asia Practice នៃក្រុមហ៊ុនប្រឹក្សានយោបាយ Eurasia Group បាននិយាយាថា «ភាពតានតឹងយោធាកាន់តែពង្រឹង ការរំពឹងទុកថាតុលាការធម្មនុញ្ញថៃទំនងជានឹងសម្រេចថាលោកស្រី Paetongtarn នឹងត្រូវបានបណ្ដេញចេញពីតំណែង»។ លោកបន្ថែមថាប្រសិនបើការបោះឆ្នោតមុនអាណត្តិ ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំនេះ ឬនៅឆ្នាំក្រោយ នោះក្រុមគណបក្សអភិរក្សនិយមរំពឹងថានឹងដឹកនាំចរន្តមនោសញ្ចេតនាជាតិនិយម ខណៈគណបក្សភឿថៃនឹងធ្លាក់ចូលក្នុង ស្ថានការណ៍មិនអំណោយផល។
រដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ បាននិងកំពុងប្រឈមនឹងការដួលរលំ ក្រោយគណបក្ស Bhumjaithai ដកខ្លួនចេញពីក្រុមចម្រុះ កាលពីខែមិថុនា។ «ការបន្តដឹកនាំរបស់រដ្ឋាភិបាលមួយនេះបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យសន្តិសុខប្រទេសជាតិស្ថិតក្រោមការគំរាមកំហែង ក្នុងនោះរួមមានការបាត់បង់ កិត្តិយសជាតិ ផលប្រយោជន៍ជាតិ ហើយជាលទ្ធផលធ្វើឱ្យប្រជាជនបាត់បង់ជំនឿចិត្ត និងបាត់បង់សណ្ដាប់ធា្នប់»។ នេះជាការលើកឡើងរបស់មេដឹកនាំបាតុករថៃ Pichit Chaimongkol កាលពីថ្ងៃព្រហស្បតិ៍។

លោក Titipol Phakdeewanich ជាអ្នកវិទ្យាសាស្ត្រនយោបាយ មកពីសាកលវិទ្យាល័យ Ubon Ratchathani ក៏បានកត់សម្គាល់ដែរថា «សកម្មភាពរបស់រដ្ឋាភិបាលថៃ ក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជា ផ្ដល់ភាពស្របច្បាប់បន្ថែមឱ្យយោធា និងជំរុញប្រជាប្រិយភាពរបស់យោធានៅក្នុងនយោបាយថៃ»។ «អសមត្ថភាពរបស់បក្សភឿថៃ ក្នុងការដឹកនាំរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព គឺកំពុងជួយបង្កើនប្រជាប្រិយភាពទៅឱ្យយោធាថៃ»។ នេះជាការបញ្ជាក់របស់លោក Titipol។

គួរបញ្ជាក់ថា សម្រាប់លោក Mumford ជម្លោះព្រំដែនជាមួយកម្ពុជា នឹងពង្រឹងជំហររបស់ក្រុមអ្នកភិរក្សនិយមថៃ ហើយវាអាចនឹងបង្កឱ្យមានការសង្ស័យថា នៅចំពោះមុខ ស្ថានការណ៍វិវត្តន៍នយោបាយនៅក្នុងស្រុក វាអាចនឹងបង្កឱ្យមានរដ្ឋប្រហារយោធា បើទោះជារដ្ឋប្រហារយោធាក្នុងពេលបច្ចុប្បន្នមើលទៅមិនមែនជាជម្រើសក៏ដោយ។ ឱកាស នៃរដ្ឋប្រហារយោធានឹងកើនឡើង ប្រសិនបើបរិយាកាសសន្តិសុខ និងនយោបាយថៃកាន់តែមានសភាពអាក្រក់ឡើង៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង