តើការផ្លាស់ប្តូរអ្នកដឹកនាំតាមការញុះញង់ផ្ដល់ផលលំបាកយ៉ាងណាខ្លះដល់សង្គមជាតិ?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋកុំចង់ប្រាថ្នាការផ្លាស់ប្តូរថ្នាក់ដឹកនាំប្រទេសឱ្យសោះ ពីព្រោះការផ្លាស់ប្តូរអ្នកដឹកនាំ គឺលំបាកណាស់។ ប្រទេសខ្លះផ្លាស់ប្តូរអ្នកដឹកនាំភ្លាម ក៏ធ្វើឱ្យប្រទេសនោះក្រឡាប់ចាក់ភ្លាម។ ហើយពេលខ្លះទៀត ផ្លាស់ប្តូរមេដឹកនាំភ្លាម ក៏មានលំនឹងរាជរដ្ឋាភិបាល ប៉ុន្តែសម្រាប់គោលនយោបាយវិញ «លុបដូរៗ» ធ្វើឱ្យខាតបង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អ្វីដែលជាលំនឹងប្រទេសជាតិពិតប្រាកដ នោះគឺលំនឹងស្ថិរភាពសង្គម សុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងលំនឹងនយោបាយ។ សម្ដេចធិបតីបានបន្តថា មកដល់ម៉ោងនេះ គ្មានគណបក្សណាមួយដែលអាចយកជំនួសគណបក្សប្រជាជកម្ពុជាបានទេ ពីព្រោះនៅក្នុងខួរក្បាល អារម្មណ៍ ទំនុកចិត្ត ជំនឿជឿជាក់របស់ប្រជាពលរដ្ឋនិងជនបរទេសជារួម គឺថាប្រទេសកម្ពុជាត្រូវការគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ហើយជាពិសេសគឺវត្តមានរបស់សម្តេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ធានាដល់ស្ថិរភាព និងលំនឹងសេដ្ឋកិច្ចប្រកបដោយចីរភាព៕