សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា យោធាថៃជាអ្នកបិទព្រំដែនជាឯកតោភាគី អ៊ីចឹងថៃត្រូវតែជាអ្នកដែលបើកព្រំដែនជាឯកតោភាគីវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅភាគីថៃថា ថៃជាអ្នកបិទព្រំដែនជាឯកតោភាគី ដូច្នេះសូមយោធាថៃបើកជាឯកតោភាគីវិញចុះ ព្រោះកម្ពុជាមិនមែនជាអ្នកចាប់ផ្តើមមុនទេ។ ប្រសិនបើយោធាថៃព្រមបើកវិញជាឯកតោភាគី នោះ៥ម៉ោងក្រោយគឺ កម្ពុជានឹងបើកវិញភ្លាម។
ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃអង្គារទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនមានបំណងណាមួយធ្វើឱ្យមានការប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទាំងពីរ ប៉ះពាល់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែននោះទេ ពោលគឺរឿងគ្រប់យ៉ាងបណ្តាលមកពីយោធាថៃជាអ្នកចាប់ផ្តើមមុន។
ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើទៅប្រជាជននិងកសិករថៃថា បើសិនមានការលំបាកចំពោះការនាំទំនិញមកប្រទេសកម្ពុជា សូមប្រាប់ទៅយោធាថៃឱ្យបើកច្រកព្រំដែនវិញចុះ ព្រោះយោធាថៃគឺជាអ្នកដែលបិទជាឯកតោភាគីកាលពីពេលកន្លងមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំថា យោធាថៃគួរតែបង្ហាញសុឆន្ទៈ បំពេញបុរេលក្ខខណ្ឌ ដោយបើកច្រកព្រំដែនវិញ បើសិនជាខ្លួនគិតគូរពីផលប្រយោជន៍ប្រជាជនថៃខ្លួនឯងនោះ៕