សម្តេចតេជោ ហ៊ុន សែន៖ ការប្រមាថរបស់នាយករដ្ឋមន្រ្តីថៃទៅលើមេភូមិភាគ២ថៃ គឺជា «អំពើក្បត់ជាតិ» បើនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ពាក្យសម្តីបែកធ្លាយក្នុងសំឡេងទូរសព្ទរបស់លោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ ដើម្បីយកចិត្តសម្ដេច និងដែលបាននិយាយអាក្រក់ពីមេទ័ពភូមិភាគ២ របស់ខ្លួនប្រាប់សម្ដេច គឺជាអំពើក្បត់ជាតិ បើនៅកម្ពុជា។
ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រើពាក្យប្រមាថលើមេភូមិភាគ២របស់ ខ្លួនដោយប្រើពាក្យថា ជាមនុស្សឈ្លើយនោះ មិនមែនជារឿងត្រឹមត្រូវនោះឡើយ។ សម្រាប់កម្ពុជា យើងមិនដែលប្រមាថទាហានខ្លួនឯងនោះឡើយ ហើយសម្តេចផ្ទាល់ក៏មិនដែលនិយាយថា មេភូមិភាគ២ គឺជាមនុស្សព្រហើនដែរ ព្រោះនេះគឺជាកាតព្វកិច្ចរបស់កងទ័ព។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនដែលយកប្រទេសថៃ និងប្រជាជនថៃជាសត្រូវទេ ប៉ុន្ដែប្រទេសថៃ មានក្រុមយោធា និងអ្នកនយោបាយជ្រុលនិយមមួយចំនួន ដែលបង្ករឿងជាមួយកម្ពុជាចង់យកកម្ពុជាជាសត្រូវ៕