សម្តេចតេជោ ហ៊ុន សែន៖ មូលនិធិសុីធីអិនដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិបានចាប់ផ្តើម ដោយខ្ញុំ និងភរិយា ចូលរួមមូលនិធិនេះ ៣០០លានរៀល ជាដំណាក់កាលទីមួយ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៖ “មូលនិធិ សុីធីអិនដើម្បីទ្រទ្រង់កងទ័ព ការពារព្រំដែនជាតិបានចាប់ផ្តើម ជាមួយការផ្សាយផ្ទាល់តាមទូរទស្សន៍ CTN។ សូមអរគុណលោកអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវដែលបាន បង្កើតនូវកម្មវិធីនេះឡើងតាមការអំពាវនាវរបស់ខ្ញុំ។
នេះជាខឿនការពារជាតិរបស់ប្រជាជន ដ៏រឹងមាំរបស់យើង។ ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។
យោធាត្រូវត្រៀមគ្រប់ពេល និងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ក៏ត្រូវប្រើពេលយូរ។
ខ្ញុំ និងភរិយាសូមចូលរួមមូលនិធិនេះចំនួន៣០០លានរៀលជាដំណាក់កាលទីមួយ។
សូមអំពាវនាវបងប្អូនជនរួមជាតិចូលរួម ភ្ជាប់និស្ស័យជាមួយកងទ័ព ជាមួយជាតិ និងទឹកដីរបស់យើងទាំងអស់គ្នា”៕